Skip to content
Barcelona ផ្ដល់​តំណែង​មួយ​ដល់​វីរបុរស​ម៉ិកស៊ីកូ​ដែល​ធ្លាប់​​ឈ្នះ​ពាន​យ៉ាង​ច្រើន
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Barcelona ផ្ដល់​តំណែង​មួយ​ដល់​វីរបុរស​ម៉ិកស៊ីកូ​ដែល​ធ្លាប់​​ឈ្នះ​ពាន​យ៉ាង​ច្រើន

អតីត​ខ្សែ​ការពារ​ដ៏​រឹងមាំ​របស់​​ជម្រើស​ជាតិម៉ិកស៊ីកូ Rafael Marquez ដែល​បាន​លេង​ឱ្យ Barcelona ពី​ឆ្នាំ​២០០៣​ដល់​២០១០ បានជួប​ប្រធាន​ក្លិប Joan Laporta ម្សិលមិញ និង​រំពឹង​ថា​ចូល​កាន់​តំណែងជា​គ្រូ​យុវជន​U19​របស់​ក្លិប​នេះ​ឆាប់​ៗ​។

Marquez វ័យ​៤២​ឆ្នាំ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​​លោក Laporta តាំង​ពី​កាល​​នៅ Barcelona លើក​ទី​១​ជាមួយ​គ្នា និង​បន្ត​មកទល់​ពេលនេះ​។

Marquez មាន​បទ​ពិសោធ​បង្វឹក​ខ្លះ​ៗ​ហើយ ដោយ​បាន​កាន់​តួនាទី​ជា​គ្រូ​យុវជនU16​របស់​ក្លិប​អេស្ប៉ាញ​ Real Alcala​ ក្នុង​ឆ្នាំ​២០២១​នេះ​។ ហើយ​លោក​​បាន​និយាយ​ខែ​មុន​ថា​លោក​នឹង​ចូល​ធ្វើការ​នៅ Barca ក្នុងខែ​កក្កដា​ឬ​សីហា​ខាង​មុខ​។

សូម​រំឭក​ថា Marquez បាន​ផ្ដើមអាជីព​នៅ​ក្លិប​ម៉ិកស៊ីកូ Atlas ក្នុង​ឆ្នាំ​១៩៩៦​។ ឆ្នាំ​១៩៩៩ លោក​បាន​ផ្លាស់​មក AS Monaco ហើយ​បាន​ឈ្នះ​លីគ​កំពូល​បារាំង​ក្នុង​រដូវ​កាល​ដំបូងនោះ​។

លោក​បាន​ផ្លាស់​មក Barcelona ក្នុង​ឆ្នាំ​២០០៣ ក្រោយ​ឈ្នះ​ពាន​រង្វាន់​ខ្សែ​ការពារ​ល្អ​បំផុត​ក្នុង Ligue 1 ឆ្នាំ​២០០១ និង​លើក​ពាន League Cup បារាំង​រដូវកាល​២០០២-០៣​។ នៅ​កាតាឡូនីញ៉ា​៧​រដូវកាល លោក​បាន​រួម​ចំណែក​ជួយ Barca ឈ្នះ La Liga ​៤​ដង, Copa del Rey ១​ដង, Champions League ២​ដង, UEFA Super Cup ​១​ដង និង FIFA Club World Cup ​១​ដង​។ រយៈ​ពេល​៨​ឆ្នាំ​ចុង​ក្រោយ​នៃ​អាជីព លោក​បាន​លេង​ឱ្យ New York Red Bulls, Leon, Hellas Verona និង Atlas មុន​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០១៨​។

លោក​បាន​លេង​ឱ្យ​ម៉ិកស៊ីកូ​ចំនួន​១៤៧​ប្រកួត រក​បាន​១៧​គ្រាប់, បាន​ឈ្នះពាន FIFA Confederations Cup 1999, CONCACAF Gold Cup 2003, 2011 និង CONCACAF Cup 2015​។​ លោក​បាន​ជាប់​ជា​ខ្សែ​ការពារ​ល្អ​បំផុត​នៅ CONCACAF ឆ្នាំ​២០០៥ និង​ជម្រើស​១១​នាក់​​ល្អ​បំផុត​របស់ CONCACAF 2016​៕