Skip to content
Klopp ថា​​ឈ្នះ Burnley ​យប់មិញ​ប្រៀប​ដូច​ឈ្នះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខណៈ Liverpool ឡើង​ចូល Top 4
    ទំព័រដើម  »  កីឡាជាតិ

Klopp ថា​​ឈ្នះ Burnley ​យប់មិញ​ប្រៀប​ដូច​ឈ្នះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខណៈ Liverpool ឡើង​ចូល Top 4

អ្នក​ចាត់ការ Liverpool លោក Jurgen Klopp បាន​​ប្រដូច​ជ័យជម្នះ​៣-០​នៅ​ទឹកដី Burnley យប់​មិញ​​ថា​ដូច​ឈ្នះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ខណៈ​ក្រុម​ហង្ស​ក្រហម​ឡើង​ចូល​​ចំណាត់​ថ្នាក់​​កំពូល​ទាំង​៤ Premier League ហើយ​ការ​ប្រកួត​បិទ​រដូវកាល​នៅ​ថ្ងៃ​អាទិត្យ​ទល់ Crystal Palace គឺ​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ធានា​កៅអី Champions League ​រដូវកាល​ក្រោយ​។

ជ័យជម្នះ​ដ៏​មិន​គួរ​ឱ្យ​ជឿ​នៅ​ទឹក​ដី West Brom ​ថ្ងៃ​អាទិត្យ​មុនដែល​រក​បាន​ដោយ​អ្នកចាំទី Alisson តែត​បាល់​ជ្រុង​ក្នុងនាទី​៩០+៥ បាន​រក្សា​ក្ដី​សង្ឃឹម​​របស់ Liverpool ក្នុង​ការ​ប្រជែង​ Top 4។ ហើយ​ជ័យជម្នះ​នៅ Turf Moor យប់​មិញ​នេះ​ដែល​​បាន​ដោយ​គ្រាប់​បាល់​របស់ Roberto Firmino ក្នុង​នាទី​៤៣, Nathaniel Phillips ក្នុង​នាទី​៥២ និង Alex Oxlade-Chamberlain ក្នុង​នាទី​៨៨ បាន​រុញ​​​ពួក​គេ​ឡើង​​មក​លេខ​៤ ជំនួស Leicester City ដែល​បាន​ចាញ់ Chelsea មួយ​ថ្ងៃ​មុន​។

ពេលនេះ Liverpool មាន​៦៦​ពិន្ទុ ស្រប​ពេល Leicester ក៏​មាន​៦៦​ពិន្ទុ​ដូច​គ្នា ប៉ុន្តែ​ក្រុម​ខាង​ដើម​មាន​ផល​សង​គ្រាប់​បាល់​ប្រសើរ​ជាង​ចំនួន​៤​គ្រាប់​។

លោក Klopp និយាយ​ថា​៖ «ការ​ប្រកួត​នេះ​គឺ​ជា​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ​។ ពួក​យើង​ត្រូវ​ការ​ឈ្នះ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ពួក​យើង​បាន​ធ្វើ​វា​បាន​ហើយ​។ អ្វី​ៗ​មិន​ទាន់​ត្រូវ​បាន​សម្រេច​នៅឡើយ​ទេ ប៉ុន្តែ​ពួក​យើង​បានធ្វើ​ឱ្យ​ប្រសើរ​ចំណាត់​ថ្នាក់​របស់​យើង ហើយ​ពួក​យើង​មាន​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​​នៅ​ខាង​មុខ​។ នោះ​ជា​អ្វី​ដែល​ពួក​យើង​ត្រូវការ​។ វា​ជា​អ្វី​ដែល​ពួក​យើង​សម​នឹង​ទទួល​បាន​ព្រោះ​ពួក​យើង​បាន​បង្ហាញ​គុណផល​លំដាប់​កំពូល​។ ឥឡូវ​នេះ ពួក​យើង​ត្រូវ​ប្រមូល​កម្លាំង​មក​វិញ​ឱ្យ​បាន​លឿន​។ នៅ​តំបន់​មួយ​ចំនួ​ន​ពួក​យើង​ស្ទើរ​កីឡាករ ដូច្នេះ​ពួក​យើង​ត្រូវ​ប្រយ័ត្នប្រយែង​បំផុត​។ ខ្ញុំ​ពិត​ជា​អន្ទះសារ​ចង់​ឃើញ​អ្នកគាំទ្រ​១​ម៉ឺន​​នាក់​នៅ Anfield​។ អ្វី​ៗ​មិនទាន់​ធានា​នៅឡើយ​ទេ​។ Palace ជា​ក្រុម​ខ្លាំង​មួយ​»​។

នៅ​ថ្ងៃ​បិទ​រដូវកាល Liverpool នឹង​ស្វាគមន៍ Crystal Palace ដែល​ស្ថិត​ក្រោម​​ការ​ដឹកនាំ​ប្រកួត​ចុង​ក្រោយ​​ដោយ​លោក Roy Hodgson ដែល​បានប្រកាស​ចុះ​ចេញ​ពី​តំណែង​​។

ចំណែក Leicester នឹង​ស្វាគមន៍ Tottenham ហើយ Chelsea ដែល​មាន​៦៧​ពិន្ទុ​នឹង​ត្រូវ​លេង​បង្ហើយ​ប្រកួត​លីគ​នៅ​ទឹកដី Aston Villa​៕