Skip to content
ភួន ឡាំងកូស៊ីន និង​ ធន់ អៀនឡៃ និយាយពីការ​ប៉ះគ្នាដំបូងក្នុង​អាជីព​ ជុំ​ខ្សែក្រវាត់
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ភួន ឡាំងកូស៊ីន និង​ ធន់ អៀនឡៃ និយាយពីការ​ប៉ះគ្នាដំបូងក្នុង​អាជីព​ ជុំ​ខ្សែក្រវាត់

ជើងខ្លាំង​វ័យ​ក្មេង ធន់ អៀនឡៃ នឹងប្រឈ​ម​មុខ​ដាក់​គ្នា​ជាលើក​ដំបូងក្នុង​អាជីព​​តទល់ អ្នក​លេងក្បាច់​ជាយដែន ភួន​ ឡាំងកូស៊ីន នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ​នេះ ដែល​ជា​ការ​បើក​ឆាក​ជម្រុះពូល នៃ​ខ្សែក្រវាត់ ISI Palm នៅ PNN។

អ្នក​ប្រដាល់​ស្បែក​ស្វិត​ ធន់ អៀនឡៃ បាន​កោត​សសើរ​ថា ភួន ឡាំង​កូស៊ីន ថ្វីត្បិត​នៅ​ក្មេង​ខ្ចីជាង​ខ្លួន​ តែ​​ជា​កីឡា​មាន​បច្ចេកទេស​ល្អ​ម្នាក់ ដែល​អាច​បង្ករ​ការ​រំខាន​ដល់​ខ្លួន​សម្រាប់​ការ​ស្វែង​រក​៣​ពិន្ទុ​។

ធន់ អៀនឡៃ មិន​ហ៊ានព្យាករលទ្ធផលទេ តែ​យល់ថា​នេះ​ជា​ប្រកួត​ដែល​ ពួកគេ​​ត្រូវការ​លទ្ធផល​ល្អ​ដូច​គ្នា៖ «ខ្ញុំ​គិត​ថា​នឹង​តាន​តឹងណាស់ ព្រោះគាត់ជា​កីឡាករ​ល្អ​ ក្បាច់ និង មានភាព​រឹងល្អ ហើយ​នេះក៏ជា​ជុំ​ដំបូង​របស់​ពួក​យើង»។

ប៉ះដៃគូ ជាជើង​ខ្លាំងដែលមាន​បទពិសោធន៍ក្រាសជាង និង សម្បូរភាព​ធន់ទៀត កូន​សិស្ស​​បិតា​កែង​រួស​ សាន់​ សៅយ៉ាន់ ឯណោះវិញ ថ្វីត្បិត​មាន​មហិច្ឆិតាចង់​យកជ័យជម្នះ ក៏​មិន​ហ៊ាន​ធ្វេសប្រហែស​ក្នុង​ការ​ប្រកួត​នេះ​ឡើយ​។ ឡាំង កូស៊ីន មិន​បាន​ផ្ដោត​ចម្បង​លើការ​សមត្ថភាព​ដៃគូឡើយ តែ​គេ​កំពុង​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​ខ្លួន។  

«ខ្ញុំ​បាន​ត្រៀម​លក្ខណៈពេញ​ល្អហើយ ហាត់ ឡាំ ចូល​ស៊ីប និង​រត់​ឆ្ងាយ​ៗដើម្បី​យក​ស៊ុះ​ជា​ដើម។ ការ​ប្រកួត​នេះ សម្រាប់​ខ្ញុំ​ គាត់​ជា​អ្នក​ប្រយុទ្ធ​ដ៏ប៉ិន​ប្រសព្វ ហើយ​គាត់​មានបទពិសោធចាស់​ទៀត។ » នេះ​ជា​ការ​លើក​ឡើង​របស់ ឡាំងកូស៊ីន។

នេះការ​ការ​បើក​ឆាក​វគ្គ​ជម្រុះពូល A របស់​ពួក​គេ មុន​បន្ត​ប៉ះ​រៀង​ខ្លួន​តទល់​ជើង​ខ្លាំង​២​រូប​ទៀត គឺ ស៊ឺន ថៃសាន់ និង រិន ដេវីត ខណៈពូល B មាន ពេជ្រ ប៊ុនសិទ្ធ ខេម ចាន់ ម៉ន ភារម្យ និង យីប ឌុក៕