Skip to content
គ្រូ​បង្គោល Lille លាលែង​ពី​តំណែង​​២​ថ្ងៃ​ក្រោយ​ឈ្នះ​ជើងឯក Ligue 1
    ទំព័រដើម  »  កីឡាជាតិ

គ្រូ​បង្គោល Lille លាលែង​ពី​តំណែង​​២​ថ្ងៃ​ក្រោយ​ឈ្នះ​ជើងឯក Ligue 1

លោក Christophe Galtier បាន​ចុះចេញ​ពី​តំណែង​គ្រូ​បង្គោល Lille ត្រឹម​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ដឹកនាំ​ក្រុម​នេះ​លើក​ពាន​លីគ​កំពូល​បារាំង​រដូវកាល​​២០២០-២១​។

Lille បាន​លើកពាន Ligue 1 ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​២៣​ខែ​ឧសភា បន្ទាប់​ពី​បញ្ចប់​រដូវកាល​នៅ​លើ Paris St Germain ​ចំនួន​១​ពិន្ទុ​។ Lille បាន​​អបអរ​ពាន​រង្វាន់​លីគ​ជាមួយ​អ្នកគាំទ្រ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​កណ្ដាល​ទីក្រុង​។

លោក Galtier ​វ័យ​៥៤​ឆ្នាំ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ចាកចេញពី Lille បន្ទាប់​ពី​ម្ចាស់​ក្លិប​ថ្មី​ចូល​គ្រប់គ្រង​ក្លិប​តាំង​ពី​ពាក់​កណ្ដាល​រដូវកាល​មក​។

គ្រូ​ជនជាតិ​បារាំង​រូបនេះ​និយាយ​​ប្រាប់​សារព័ត៌មាន L’Equipe ថា​៖ «ខ្ញុំ​មាន​ជំនឿ​យ៉ាង​ជ្រាលជ្រៅ​ថា​ពេល​វេលា​របស់​ខ្ញុំ​នៅ​ទីនេះ​​​ដល់​ទី​បញ្ចប់​ហើយ​»។

លោក Galtier ​បាន​ចូល​បង្វឹក Lille ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១៧ ពេល​ក្រុមនេះ​កំពុង​ឈរ​លេខ​រៀង​ទី​១៨​ក្នុង​តារាង​។ ក្រោយ​​រក្សា​ Lille ឱ្យ​ឈរ​ជើង​ក្នុង​លីគ​កំពូល​ លោក​បាន​នាំ Lille ជាប់​លេខ​២​ក្នុង​លីគ​ក្នុង​រដូវកាល​​ទី​២​និង​បាន​លេខ​៤​ក្នុង​រដូវកាល​ទី​៣ មុន​ពេល​ឈ្នះ​ពាន​នៅ​ក្នុង​រដូវកាល​ទី​៤​នេះ​។

Lille ជា​ក្លិប​ទី​២​ដែល​លោក​បាន​បង្វឹក បន្ទាប់​ពី​អតីត​ខ្សែ​ការពារ​រូបនេះ​បាន​ផ្ដើម​អាជីព​ជា​គ្រូ​នៅ​ក្លិប Saint-Etienne ក្នុង​ឆ្នាំ​២០០៩​និង​បង្វឹក​ក្រុម​​នេះ​ដល់​ឆ្នាំ​២០១៧ ដែល​ធ្វើ​ឱ្យ​លោក​ជាប់​ឈ្មោះ​ជា​គ្រូ​បង្វឹក​ដែល​កាន់​តំណែង​នៅ​ក្លិប​១​យូរ​ជាង​គេ​ក្នុង Ligue 1 គឺ​៨​ឆ្នាំ​​។

ពេលនេះ លោក Galtier ​ត្រូវ​បាន​ភ្ជាប់​នឹង​ការងារ​ដឹកនាំ​នៅ​ក្លិប Nice និង Lyon​៕