Skip to content
ខណៈ Emery មាន​បទ​ពិសោធ​ជោគជ័យ​ច្រើន​ជាង Solskjaer, តើ Man Utd ឬ Villarreal នឹងលើក​ពាន​ UEL រាត្រីនេះ?
    ទំព័រដើម  »  កីឡាជាតិ

ខណៈ Emery មាន​បទ​ពិសោធ​ជោគជ័យ​ច្រើន​ជាង Solskjaer, តើ Man Utd ឬ Villarreal នឹងលើក​ពាន​ UEL រាត្រីនេះ?

Manchester United នឹង​តតាំង​ជាមួយ Villarreal ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Europa League ​ម៉ោង​៩​យប់​នៅ​ទីក្រុង Gdansk ប្រទេស​ប៉ូឡូញ ថ្ងៃ​ពុធ​​​ទី​២៦​ខែ​ឧសភា​នេះ ត្រូវ​នឹង​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​កម្ពុជា​។

នេះ​​ទើប​តែ​ជា​ការ​ដឹកនាំ​ក្រុម​ប្រកួត​ផ្ដាច់ព្រ័ត្រ​លើក​ទី​២​ប៉ុណ្ណោះ​​ក្នុង​អាជីព​ជា​អ្នកចាត់ការ​របស់​លោក Ole Gunnar Solskjaer បន្ទាប់​ពី​ឈ្នះ​ពាន​ខាប់​ន័រវេស​ជាមួយ Molde ក្នុង​ឆ្នាំ​២០១៣​ ស្រប​ពេល Man Utd ​ខាន​ឈ្នះ​ពាន​៤​ឆ្នាំ​មក​ហើយ។

ចំណែក​​អ្នកចាត់ការ Villarreal លោក Unai Emery វិញ នឹង​ក្លាយ​ជា​អ្នកចាត់ការ​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពាន Europa League ប្រសិន​លោក​នាំ​ក្រុម​​នាវា​មុជ​ទឹក​ពណ៌​លឿង​លើក​ពាន​យប់​នេះ​។ លោក​បាន​ឈ្នះ​ពាន​​ទ្វីប​អឺរ៉ុប​កម្រិត​ទី​២​នេះ​៣​លើក​​ជាប់​គ្នា​កាល​នៅ​បង្វឹក​ Sevilla​ គឺ​ក្នុង​ឆ្នាំ​២០១៤, ២០១៥ និង​២០១៦។ ហើយ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ លោក​ក៏​បាន​ដឹកនាំ Arsenal ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង​ដែរ​ តែ​លេង​ចាញ់ Chelsea។

អីចឹង​តើ យប់​នេះ​ក្រុម​ណា​មាន​ប្រៀប​ជាង​ក្រុម​ណា រវាង Villarreal និង Man Utd?

តាំងពី​លោក Solskjaer ​ចូល​​បង្វឹក Man Utd ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១៨​មក ​ក្រុម​នេះ​មិនទាន់​ឈ្នះពាន​អ្វី​នៅឡើយ​ទេ​។ ទោះ​យ៉ាង​នេះ​ក្ដី លោក Solskjaer និយាយ​ថា​៖ «នេះ​ជា​ក្រុម​មួយ​ដែល​ពួក​យើង​បាន​កសាង​ក្នុង​ពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយនេះ​។ សង្ឃឹម​ថា​នេះ​ជា​ការ​ចាប់​ផ្ដើម​នៃ​​​អ្វី​មួយ​បន្ថែម​ទៀត»។

ទោះ​បី Man Utd ​បាន​ត្រឹម​ខក​ចិត្ត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​ច្រើន​លើក​ក្នុង​ពេល​២​រដូវកាល​ចុង​ក្រោយ លោក Solskjaer និយាយ​ថា​លោក​​មាន​ទំនុក​ចិត្ត​យ៉ាង​ស្ងៀមស្ងាត់​ក្នុងការ​ឈ្នះ​ Villarreal ដែល​បាន​បញ្ចប់ La Liga ក្នុង​លេខ​រៀង​ទី​៧​។ លោក​ថា​កីឡាករ​ក្នុង​ក្រុម​បិសាច​ក្រហម​បា​ន​និង​កំពុង​ធ្វើការ​ជាមួយ​គ្នា​១​ឆ្នាំ​កន្លះ​មក​ហើយ​។ ជំហាន​បន្ទាប់​​សម្រាប់​ពួ​ក​គេ​គឺ​ការ​រីករាយ​ក្នុង​ការ​ប្រកួត​បែបនេះ​។  ពួក​គេ​រួច​រាល់​សម្រាប់​ការ​ប្រកួត​រាត្រីនេះ​។ ប៉ុន្តែ​លោក​និយាយថា​ខាង​​គ្រូ Villarreal វិញ​មុខ​ជា​មានអារម្មណ៍​បែបនេះ​ដូច​គ្នា​។ ដូច្នេះ​​​ថា​ក្ដី​​សង្ឃឹម​​គឺ​៥០-៥០​​។ លោក​ថា​អ្វី​ៗ​​សុទ្ធ​តែ​អាច​កើត​ឡើង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដូច​ជា​របូត​គ្រាប់​បាល់​លឿន​ពេក, របួស​កីឡាករ, កាត​ក្រហម​កីឡាករ​។ ហេតុនេះ​ក្រុម​ត្រូវ​ត្រៀម​គ្រប់​យ៉ាង​ឱ្យ​រួច​រាល់​។

ចំពោះ​​លោក Emery ដែល​ត្រូវ​បាន Arsenal ​បណ្ដេញ​ពី​តំណែង​ក្រោយ​ដឹកនាំ​បាន​១៨​ខែ និយាយ​ថា​ការ​ប្រកួត​យប់នេះ​មិនមែនជា​ការ​សងសឹក​ទល់​នឹង​ក្រុម​អង់គ្លេស​ឬ​មនុស្ស​ណា​ទេ​។ ផ្ទុយ​ទៅ​វិញ លោក​ផ្ដោត​លើ​ការ​យក​ពាន​ទ្វីប​អឺរ៉ុប​ឱ្យ Villarreal ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាយុ​៩៨​ឆ្នាំ​របស់​ក្លិបនេះ​។ Villarreal បាន​ផ្ដួល Arsenal ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ មុន​ឡើង​មក​ប៉ះ Man Utd នេះ​។ ក្រុម​របស់​អេស្ប៉ាញ​មួយ​នេះ​លេង​មិន​ទាន់​ចាញ់​ឡើយ​ក្នុង​ពាន​អឺរ៉ុប​រដូវ​កាល​២០២០-២១នេះ ដោយ​ឈ្នះ​១២​ប្រកួត និង​ស្មើ​​២​ប្រកួត​។ លោក​ថា Man Utd ជា​ក្រុម​គួរឱ្យ​ខ្លាច​មួយ ប៉ុន្តែ​កីឡាករ Villarreal មិន​ព្រឺ​សម្បុរ​ឡើយ​។

​កីឡាករ​សំខាន់​ៗ​ណា​ខ្លះ​លេង​បាន​និង​ណា​ខ្លះ​របួស?

ខាង Man Utd៖ មន្ទិល​នៅ​តែ​មាន​​ចំពោះ​ប្រធានក្រុម Harry Maguire​។ ខ្សែ​ការពារ​កណ្ដាល​រូបនេះ​បាន​របួស​ក​ជើង​កន្លះ​ខែ​មុន​អំឡុង​ការ​ប្រកួត​ទល់ Aston Villa​ បណ្ដាល​ឱ្យ​ខកខាន​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ​របស់​ក្រុម​។ តែ​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ប៉ូឡូញ​ជាមួយ​ក្រុម ​ប៉ុន្តែ​ម្សិលមិញ​​មិន​បាន​ហាត់​ជាមួយ​ក្រុម​ឡើយ​។ ខ្សែ​ប្រយុទ្ធ Anthony Martial អវត្តមាន​២​ខែ​មក​ហើយ​ដោយសារ​របួស​ជង្គង់​អំឡុង​ពេល​លេង​ឱ្យ​ជម្រើសជាតិ​បារាំង​ក្នុង​ខែ​មីនា​។ ​គេ​រួម​ជាមួយ​ខ្សែ​ការពារ​ Phil Jones នឹង​គ្មាន​វត្តមាន​ឡើយ​យប់នេះ​​។ ចំពោះ​តំណែង​ចាំទី លោក Solskjaer នឹង​ត្រូវ​ពិចារណា​យ៉ាង​លំបាក​រវាង David De Gea និង Dean Henderson​។ De Gea បាន​សង្គ្រោះ​បាល់​ល្អ​ៗ​មួយ​ចំនួន​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទល់ Roma​ តែ Henderson ក៏​បាន​បង្ហាញ​ភាព​ប្រកួត​ប្រជែង​កៅអី​ដៃទី​១​ដែរ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ។

ខាង Villarreal​៖ ក្រុម​លោក Emery ​បាត់​ខ្សែ​ប្រយុទ្ធ​ស្លាប​ដ៏​លឿន Samuel Chukwueze ដោយសារ​របួស​។ ប៉ុន្តែ​នៅ​មាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​ Gerard Moreno ដែល​​បង្ហាញ​​គុណផល​លេច​ធ្លោ​រដូវកាលនេះ​។ គេ​រក​បាន​២៩​គ្រាប់​ក្នុង​គ្រប់​ពាន​​​រង្វាន់​។ ខ្សែ​បម្រើ​កណ្ដាល Dani Parejo ​មាន​សមត្ថភាព​គ្រប់គ្រង​ការ​ប្រកួត​យ៉ាង​ល្អ​ដូច​ដែល​គេ​បាន​ធ្វើ​ទល់​នឹង Arsenal​ ខណៈ Alfonso Pedraza ក៏​មានភាព​គំរាម​កំហែង​នៅ​ស្លាប​ខាង​ឆ្វេង​ផង​ដែរ​។

ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម​ទាំង​២​យប់នេះ​អាច​​​ជា​៖

Villarreal: Rulli; Foyth, Albiol, Torres, Pedraza; Pino, Capoue, Parejo, Trigueros: Moreno, Bacca

Man Utd: De Gea; Wan-Bissaka, Bailly, Lindelöf, Shaw; McTominay, Fred; Rashford, Bruno Fernandes, Pogba; Cavani

ប្រវត្តិ​ជួប​គ្នា

Man Utd និង Villarreal ធ្លាប់​ប៉ះ​គ្នា​៤​ដង​ក្នុង​ពាន​រង្វាន់​ផ្លូវការ គឺ​ក្នុង​ពាន UEFA Champions League ហើយ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​០-០​ទាំង​៤​ប្រកួត​ក្នុង​រដូវកាល​២០០៥-០៦ និង​២០០៨-០៩​។

MANCHESTER, ENGLAND – SEPTEMBER 17: Wayne Rooney of Manchester United clashes with Edmilson of Villarreal during the UEFA Champions League match between Manchester United and Villarreal at Old Trafford on September 17, 2008 in Manchester, England. (Photo by Matthew Peters/Manchester United via Getty Images)

រឿង​សំខាន់​ៗ​គួរ​ដឹង​បន្ថែម​

នេះ​ជា​លើក​ដំបូង​ដែល Villarreal ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​ពាន​ខ្នាត​ធំ​ទ្វីប​អឺរ៉ុប​​។ មុន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​រដូវកាល​នេះ​ Villarreal ​បាន​​​ឈ្នះ​លេខ​១​ពូល I រួច​ទម្លាក់​ក្រុម​ខ្លាំង​ៗ​ដូច​ជា RB Salzburg ៤-១​ក្នុង​វគ្គ​៣២​ក្រុម, ឈ្នះ​ 4-0 លើ Dynamo Kyiv ក្នុង​វគ្គ​១៦​ក្រុម, ឈ្នះ​ 3-1 លើ Dinamo Zagreb ក្នុង​វគ្គ​៨​ក្រុម និង​ឈ្នះ​ 2-1  លើ Arsenal ក្នុង​វគ្គ​៤​ក្រុម​​ចុង​ក្រោយ​។ ចំណែក Man Utd បាន​​ធ្លាក់​ពី​ពូល Champions League ក្នុងនាម​លេខ​៣​មក​ចូល Europa League រួច​​ឈ្នះ​ 4-0 លើ Real Sociedad ក្នុង​វគ្គ​៣២​ក្រុម, ឈ្នះ​ 2-1 លើ AC Milan ក្នុង​វគ្គ​១៦​ក្រុម​, ឈ្នះ​ 4-0 លើ Granada ក្នុង​វគ្គ​៨​ក្រុម និង​ឈ្នះ​ 8-5 លើ Roma ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

គួរ​ជម្រាប​ផង​ដែរ​ថា នេះ​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​អឺរ៉ុប​លើកទី​៨​របស់ Man Utd ដែល​ជា​ក្រុម​អង់គ្លេស​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​ញឹកជាង​គេ​ទី​២​បន្ទាប់​ពី Liverpool​។ ផ្ដាច់ព្រ័ត្រ​៧​ដង​មុន Man Utd ឈ្នះ​៥​ដង​និង​ចាញ់​២​ដង គឺ​បរាជ័យ​ក្រោម​ថ្វី​ជើង Barcelona ក្នុង​ផ្ដាច់ព្រ័ត្រ Champions League 2008-09 និង 2010-11​។

នេះ​ជា​លើក​ទី​៥​ដែល​ក្រុម​របស់​អេស្ប៉ាញ​ប៉ះ​ក្រុម​របស់​អង់គ្លេស​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Cup ឬ Europa League​។ ភាគ​ច្រើន​ក្រុម​របស់​អេស្ប៉ាញ​ជា​អ្នក​ឈ្នះ ជាក់​ស្ដែង Sevilla បាន​ផ្ដួល Middlesbrough, Atletico Madrid បានផ្ដួល Fulham និង​ចុង​ក្រោយ​បំផុត Sevilla ផ្ដួល Liverpool ក្នុង​ឆ្នាំ​២០១៦​។ មាន​តែ​ម្ដង​គត់​ដែល​ក្រុម​របស់​អង់គ្លេស​លេង​ឈ្នះ​ក្រុម​របស់​អេស្ប៉ាញ​ក្នុង​ពាន​នេះ​ គឺ Liverpool ផ្ដួល Deportivo Alaves​ ៥-៤​ក្នុង​ឆ្នាំ​២០០១​។

អ្នកចាត់ការ​ជោគជ័យ​បំផុត​​ក្នុង​បាល់ទាត់​អង់គ្លេស លោក Sir Alex ក៏​បាន​ធ្វើ​ដំណើរ​ទៅ​​ប៉ូឡូញ​ជាមួយ​​ក្រុម​បិសាច​ក្រហម​​ដែរ​​ដើម្បី​ទស្សនា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​របស់​ក្រុម​។ លោក Solskjaer និយាយ​ថា Sir Alex ជា​មនុស្ស​ដ៏​ពិសេស​ម្នាក់​ ប្រៀប​ដូច​ជា encyclopedia នៃ​​កីឡា​បាល់ទាត់​អីចឹង។ ពេល​មាន​ Sir Alex នៅ​ក្បែរ និង​ញ៉ាំ​អាហារ​ជាមួយ​គ្នា​ដូច្នេះ កីឡាករ​អាច​សួរ​វីរបុរស​រូបនេះ​បានអំពី​អ្វី​ដែល​ពួកគេ​​ចង់​ដឹង​។

ថ្ងៃ​ទី​២៦​ឧសភា​ជា​ថ្ងៃ​ពិសេស​សម្រាប់ Man Utd

ថ្ងៃ​នេះ​កាល​ពី​២២​ឆ្នាំមុន Solskjaer ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ​​ឱ្យ Man Utd ផ្ដួល Bayern Munich យក​ពាន Champions League សម្រាប់​ក្រុម​លោក Sir Alex Ferguson​។ ថ្ងៃ​២៦​ឧសភា​នេះ​ក៏​ជា​ថ្ងៃ​កំណើត​របស់​ Sir Matt Busby ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​បិតា​ស្ថាបនិក​​របស់ Manchester United​។ លោក​បានកើត​​នៅ​ថ្ងៃ​ទី​២៦​ខែ​ឧសភា​ឆ្នាំ​១៩០៩​។ លោក​បាន​​ដឹកនាំ Man Utd លើក​ទី​១​ពី​ឆ្នាំ​១៩៤៥​ដល់​១៩៦៩ ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​៥​ដង, FA Cup ​២ដង, FA Charity Shield ៥​ដង និង European Cup (សព្វថ្ងៃ​គឺ Champions League) ១​ដង​។ លោក​បាន​ដឹកនាំ Man Utd ​លើក​ទី​២​ក្នុង​រដូវកាល​១៩៧០-៧១ ដែល​ជា​រដូវកាល​ចុង​ក្រោយ​នៃ​អាជីព​​អ្នកចាត់ការ​​របស់​លោក​​។

Carlos Bacca ​បាន​ស៊ុត​ចូល​២​គ្រាប់​ម្នាក់​ឯង​​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ Sevilla ឆ្នាំ​២០១៥​។ បើ​យប់នេះ​គេ​ទាត់​ចូល​ទៀត គេ​នឹង​ក្លាយ​ជា​កីឡាករ​ទី​១​ដែល​រក​បាន​គ្រាប់​បាល់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានអឺរ៉ុប​សម្រាប់​ក្លិប​២​ផ្សេង​គ្នា​ដែល​ស្ថិត​ក្នុងលីគ​តែ​១ បន្ទាប់​ពី Hernan Crespo បានធ្វើ​សម្រាប់ Parma ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Cup 1998-99 និង AC Milan ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League 2004-05​។

បើ Villarreal ឈ្នះ​យប់​នេះ លោក Emery នឹង​ក្លាយ​ជា​អ្នកចាត់ការ​ទី​៤​ដែល​ឈ្នះ​ពាន​ខ្នាត​ធំ​ទ្វីប​អឺរ៉ុប​​៤​ដង បន្ទាប់​ពី​លោក Jose Mourinho, Bob Paisley ​និង​ Giovanni Trappatoni​៕