Skip to content
Conte ចែកផ្លូវជាមួយ Inter ដោយសារជម្លោះជាមួយម្ចាស់ក្លិប
    ទំព័រដើម  »  កីឡាជាតិ

Conte ចែកផ្លូវជាមួយ Inter ដោយសារជម្លោះជាមួយម្ចាស់ក្លិប

Inter Milan ​ប្រកាស​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្គោល Antonio Conte ក្រោយ​​លើក​បាន Serie A 2020-21 ដោយសារ​តែ​មិន​ចុះ​សម្រុង​ជាមួយ​​ម្ចាស់​ក្លិប​។

លោក Conte ដែល​បាន​ឈ្នះ​ជើងឯក​កាល​នៅ​ជា​គ្រូ Juventus និង​គ្រូ Chelsea ផងនោះ បាននាំ​ Inter គ្រង​ជើងឯក​លីគកំពូល​អ៊ីតាលី​ក្នុង​រដូវកាល​ទី​២​នៃ​ការ​ដឹកនាំ​របស់​លោក​នៅទីនេះ ដែល​ជា​កា​រ​បញ្ចប់​ការ​រង់ចាំ​អស់​រយៈ​ពេល​១១​​ឆ្នាំ​របស់ Inter​។

ទោះ​បែបនេះ​ក្ដី ភាព​ប្រេះឆា​រវាង​គ្រូ​ជនជាតិ​​អ៊ីតាលី​​វ័យ​៥១​ឆ្នាំ​ជាមួយ​ថ្នាក់​ដឹកនាំ Inter ​ជុំ​វិញ​ផែនការ​​អនាគត​របស់​ក្រុម​​កាន់​តែ​រីក​ធំ​ឡើង​ៗ ហើយ​ឈាន​ដល់​ផ្លូវ​បំបែក​តែ​ម្ដង​។

តាម​ពិត​ទៅ ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​លោក Conte ជាមួយ​ថ្នាក់ដឹកនាំ Inter កើត​មាន​តាំង​ពី​មុន​ពេល Inter ធានា​បាន​ជើងឯក Serie A ម្ល៉េះ​។ ម្ចាស់​ភាគហ៊ុន​ធំ​របស់ Inter គឺ​ក្រុមហ៊ុន​ចិន Suning Holdings Group និង​ប្រធាន​ក្លិប Steven Zhang បាន​​កែ​ប្រែ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រតិបត្តិការ​ក្លិប​។ ម្ចាស់​ក្លិប Inter នេះ​បាន​រំលាយ​ក្លិប Jiangsu Suning កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២១ ប៉ុន្មាន​ខែ​ក្រោយ​ឈ្នះ​ជើងឯក​លីគ​កំពូល​ចិន​។

លោក Conte ​ត្រូវ​បាន​​គិត​ថា​ចង់​បាន​ការ​ធានា​ឱ្យ​​រក្សា​​ទុក​សមាសភាព​​កីឡាករ​របស់​លោក​នៅ​ដដែល ជា​ពិសេស​កីឡាករ​សំខាន់​ៗ​ដូច​ជា Romelu Lukaku ជា​ដើម​។ ប៉ុន្តែ​ថ្នាក់​លើ​មិន​ផ្ដល់​ការ​ធានា​នោះ​ឡើយ​។

Inter ​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​អរគុណ​ចំពោះ​ការងារ​ដ៏​វិសេសវិសាល​របស់លោក Conte នៅទីនេះ និង​បញ្ជាក់​ថា​ការ​ចែក​ផ្លូវគ្នានេះ​ធ្វើ​ឡើង​ដោយ​ព្រមព្រៀង​គ្នា​ទាំង​សង​ខាង​។ ក្លិប​សង្កត់​ធ្ងន់​ថាលោក Conte នឹង​ស្ថិត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ជា​រៀង​រហូត​។

លោក Conte នឹង​ទទួល​បាន​ប្រាក់​បំណាច់​​៧,៩​លាន​ដុល្លារ​ពី​ការ​​បញ្ចប់​​កិច្ចសន្យា​មុន​កំណត់​១​ឆ្នាំ​។

ពេលនេះ គ្រូ​បង្វឹក Lazio លោក Simone Inzaghi និង​អតីត​គ្រូ​បង្វឹក AC Milan និង Juventus លោក Massimiliano Allegri ​ត្រូវ​បាន​រាយការណ៍​ថា​ស្ថិត​ក្នុងចំណោម​​​បេក្ខភាព​សក្ដានុពល​ដើម្បី​ជំនួស​លោក Conte នៅ Inter។ លោក Allegri ទំនេរ​គ្មាន​ក្លិប​តាំងពី​ក្រោយ​ចេញ​ពី Juventus ក្នុង​ឆ្នាំ​២០១៩​។ លោក​ត្រូវ​បាន​ភ្ជាប់​នឹង​ការងារ​នៅ​ក្លិប​ធំ​ៗ​ជា​ច្រើន​រួម​ទាំង Real Madrid ផង​ដែរ។ ចំណែក​លោក Inzaghi ត្រូវ​បាន​រំពឹង​ទុក​កន្លង​មក​ថា​អាច​ទៅ​ដឹកនាំ AC Milan៕