Skip to content
Rashford ទទួលសារបំពានពូជសាសន៍យ៉ាងហោច៧០លើបណ្ដាញសង្គម ក្រោយ Man Utd ចាញ់ Villarreal
    ទំព័រដើម  »  កីឡាជាតិ

Rashford ទទួលសារបំពានពូជសាសន៍យ៉ាងហោច៧០លើបណ្ដាញសង្គម ក្រោយ Man Utd ចាញ់ Villarreal

ខ្សែ​ប្រយុទ្ធ Marcus Rashford បាន​និយាយ​ថា​គេ​បាន​ទទួល​សារ​ក្នុង​ន័យ​បំពាន​ពូជសាសន៍​យ៉ាង​ហោច​៧០​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​គេ បន្ទាប់​ពី Manchester United ចាញ់ Villarreal ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League កាល​យប់​ថ្ងៃ​ពុធ ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ១០​ទល់​នឹង​១១​។

កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​​​​វ័យ​២៣​ឆ្នាំ បាន​សរសេរ​លើ​គណនី Twitter ​របស់​គេ​ថា​៖ «យ៉ាង​ហោច​ណាស់សារ​​បំពាន​ពូជសាសន៍​ចំនួន៧០​នៅ​លើ​គណនី​បណ្ដាញ​សង្គម​របស់​ខ្ញុំ​ត្រូវ​បាន​រាប់​មក​ទល់​ពេលនេះ​។ ចំពោះ​អ្នក​ដែល​កំពុង​តែ​ខំ​ប្រឹង​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​កាន់​តែ​អាក្រក់​ជាង​អារម្មណ៍​ដែល​ខ្ញុំ​កំពុង​មាន​ពេលនេះ​ស្រាប់​នោះ សូម​អញ្ជើញ​ព្យាយាម​ទៀត​ចុះ សូម​សំណា​ងល្អ​»។

សូម​រំឭក​ថា កាល​ពី​ខែ​មករា​កន្លង​ទៅ Rashford ក៏​បាន​ទទួល​រក​សារ​បំពាន​ពូជសាសន៍​ដែរ ក្រោយ​ពេល Man Utd លេង​ស្មើ​០-០​ជាមួយ Arsenal​។ ក្រោយ​ការ​បំពាន​នោះ Rashford បាន​សរសេរ​​លើ Twitter ​ថា​៖ «ខ្ញុំ​ជា​មនុស្ស​​សម្បុរ​ខ្មៅ​ ហើយ​ខ្ញុំ​រស់​នៅ​​រាល់​ថ្ងៃ​ជាមួយ​មោទកភាព​ចំពោះ​ភាព​ជា​ខ្ញុំ»។

គួរ​ជម្រាប​ថា យប់មិញ​នេះ​មិនមែនជា​រាត្រី​របស់ Rashford ឡើយ ដោយ​គេ​លេង​មិន​បានល្អ​ទេ​ក្នុងការ​ប្រកួត​សម្រាប់ Man Utd ទល់ Villarreal​។ គេ​មាន​ឱកាស​មាស​មួយ​លើក​ជា​ពីរ​នៅ​មុខ​ទី Villarreal ប៉ុន្តែ​ស៊ុត​មិន​​ចូល។

Man Utd ត្រូវ​បាន Villarreal នាំ​មុខ​មុន​ក្នុងនាទី​​២៩​ដោយ Gerard Moreno មុន​តាម​ស្មើ​វិញ​​ក្នុង​នាទី​៥៥​ដោយ Edinson Cavani​។ ក្រុម​ទាំង​ពីរ​​បន្ត​គ្មាន​គ្រាប់​បាល់​រហូត​ចប់​​វគ្គ​បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង ហើយ​ឈាន​ដល់​ការ​ទាត់​បាល់​១១​ម៉ែត្រ​កាត់​សេចក្ដី​។ ក្រុម​ទាំង​សងខាង​ទាត់​ចូល​គ្នា​គ្រប់​បាល់​រហូត​​ប្ដូរ​វេន​ដល់​អ្នកចាំទី​ទល់នឹង​អ្នកចាំទី​។ ចុង​ក្រោយ អ្នកចាំទី Rulli ​របស់ Villarreal ស៊ុត​ចូល​យ៉ាង​ល្អ រីឯ​ការ​ស៊ុត​របស់ David De Ga ​ត្រូវ Rulli សង្គ្រោះ​បាន​​៕