Skip to content
Aston Villa ព្រលះ Liverpool ៧-២ បង្កើតបានកំណត់ត្រាពិសេស៩យប់មិញ
    ទំព័រដើម  »  កីឡាអន្តរជាតិ

Aston Villa ព្រលះ Liverpool ៧-២ បង្កើតបានកំណត់ត្រាពិសេស៩យប់មិញ

ក្រុមហង្សក្រហម Liverpool បានរងបរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើងរបស់ Aston Villa ដោយលទ្ធផល ៧-២ ដែលនាំឱ្យមានកំណត់ត្រាជាច្រើនបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យទី៤ ខែតុលា ឆ្នាំ ២០២០។

Ollie Watkins ស៊ុតបាន៣គ្រាប់នៅក្នុងវគ្គទី១ មុនពេល Ross Barkley ដែលទើបចូលរួមក្រោមលក្ខខណ្ឌខ្ចីជើងពី Chelsea រកបានមួយគ្រាប់ និង ពីរគ្រាប់បន្ថែមទៀតបានពី Jack Grealish។

សម្រាប់បរាជ័យដ៏មិននឹកស្មានដល់របស់ Liverpool បានរុញច្រានឱ្យមានកំណត់ត្រាសំខាន់៩បានកើតឡើង ដែលកំណត់ត្រាទាំងនោះមានដូចជា៖

  • វាជាលើកដំបូងដែល Aston Villa ទទួលបានជ័យជំនះ៣ប្រកួតដំបូងជាប់គ្នានៅ Premier League ចាប់តាំងពីរដូវកាល ១៩៦២-៦៣ មក។
  • វាក៏ជាលើកដំបូងផងដែរ ដែល Liverpool របូត៧គ្រាប់ក្នុងមួយប្រកួត គ្រប់ការប្រកួតទាំងអស់ចាប់តាំងពី ខែមេសាឆ្នាំ ១៩៦៣ ដែលកាលនោះ ពួកគេរងបរាជ័យ ៧-២ទល់នឹង Tottenham Hotspur ហើយវាជាលើកទី២ដែល Aston Villa រកបាន៧គ្រាប់ ក្នុងមួយប្រកួតនៅ លីគកំពូលអង់គ្លេស បន្ទាប់ពីពួកគេធ្លាប់ធ្វើបានម្ដងលើ Wimbledon កាលពីខែកុម្ភៈ ឆ្នាំ ១៩៩៥។
  • Liverpool គឺជាក្រុមការពារជើងឯកទី២នៅលីគកំពូលអង់គ្លេស ដែលរបូត៧គ្រាប់ បន្ទាប់ពី Arsenal ដែលធ្លាប់ទទួលបានលទ្ធផលខកចិត្តបែបនេះ ក្រោមស្នាដៃ Sunderland នៅក្នុងខែកញ្ញាឆ្នាំ ១៩៥៣។
  • Aston Villa ទទួលបានជ័យជម្នះសម្រាប់ការប្រកួតនៅក្នុងដី៤ប្រកួតជាប់គ្នា ជាលើកដំបូង ចាប់តាំងពី ខែតុលាឆ្នាំ ២០០៧។
  • Liverpool របូតគ្រាប់បាល់១១គ្រាប់ក្នុងចំណោម៤ប្រកួតចុងក្រោយនៅ Premier League ជាការរបូតគ្រាប់បាល់ច្រើនបំផុតរបស់ពួកគេ ចាប់តាំងពីរដូវកាល ១៩៣៧-៣៨។
  • តាំងពីចាប់ផ្ដើមការប្រកួតរដូវកាលមុនមក ខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa រកគ្រាប់បាល់នៅក្នុងលីគ ពោលគឺ២៩គ្រាប់ ដែលច្រើនជាងកីឡាករណាៗទាំងអស់ នៅក្នុងក្រុបខណ្ឌកំពូលទាំង៤នៅអង់គ្លេស។
  • Watkins ជាកីឡាករទី១០ដែលរកបានហេតទ្រីគ(hat-trick) ទល់នឹង Liverpool ហើយជាកីឡាករដំបូង ដែលធ្វើបានចាប់តាំងពី អតីតខ្សែប្រយុទ្ធ Dimitar Berbatov នៅក្នុងខែកញ្ញាឆ្នាំ ២០១០។
  • Jack Grealish ជាកីឡាករទី២របស់ Aston Villa ដែលបញ្ជូន(assist) សម្រាប់មិត្តរួមក្រុម៣គ្រាប់ក្នុងមួយប្រកួតនៅក្នុងលីគ បន្ទាប់ពី James Milner ដែលធ្លាប់ធ្វើបានកាលប៉ះ Burnley នៅខែកុម្ភៈ ឆ្នាំ ២០១០។
  • បច្ចុប្បន្ន Mohamed Salah អាចរកគ្រាប់បាល់បញ្ចូលទី ទល់នឹង២៥ក្រុម ក្នុងចំណោមក្រុមទាំង២៦នៅ Premier League ដែលខ្សែប្រយុទ្ធរូបនេះប្រកួតតទល់សម្រាប់ Liverpool ស្មើនឹង៩៦ភាគរយ ជាស្ថិតិដែលល្អបំផុត បើធៀបទៅនឹងកីឡាករដទៃក្នុងក្រុមហង្សក្រហម៕