Skip to content
De Bruyne របួស​បាក់​ខ្ទង់​ច្រមុះ​និង​ត្របក​ភ្នែក ខណៈ​សល់​តែ​១០​ថ្ងៃ​ទៀត​ដល់​ Euro 2020
    ទំព័រដើម  »  កីឡាជាតិ

De Bruyne របួស​បាក់​ខ្ទង់​ច្រមុះ​និង​ត្របក​ភ្នែក ខណៈ​សល់​តែ​១០​ថ្ងៃ​ទៀត​ដល់​ Euro 2020

ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne របស់ Manchester City រង​របួស​បាក់​ខ្ទង់​ច្រមុះ​និង​ត្របក​​ភ្នែក​អំឡុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ទល់ Chelsea កាល​ថ្ងៃ​ទី​២៩​ខែ​ឧសភា​ឆ្នាំ​២០២១​។

តារា​ជម្រើស​ជាតិ​បែលហ្ស៊ិក​វ័យ​២៩​ឆ្នាំ​បាន​របួស​នៅ​ពេល​បុក​ផ្ទប់​ជាមួយ​ខ្សែ​ការពារ Antonio Rudiger ហើយ​ត្រូវ​បាន​ប្ដូរ​ចេញ​ក្នុងនាទី​៦០ ជំនួស​ដោយ Gabriel Jesus​។

De Bruyne បាន​បង្ហោះ​សារ​លើ Twitter ​ថា​​គេ​មាន​អារម្មណ៍​ថា​លែង​អី​ហើយ​ពេល​នេះ ប៉ុន្តែ​គេ​នៅ​ខក​ចិត្ត​ចំពោះ​លទ្ធផល UCL​។

ចំណែក​ខ្សែការពារ​ជម្រើស​ជាតិ​អាល្លឺម៉ង់ Rudiger បាន​បង្ហោះ​សារ​​សូម​ទោស​ដែល​ធ្វើ​ឱ្យ De Bruyne របួស ប៉ុន្តែ​គេ​បញ្ជាក់​ថា​គេ​គ្មាន​បំណង​បង្ក​របួស​នោះ​ទេ​។ គេ​ថា​គេ​បាន​ទាក់ទង​គ្នា​ជាមួយ De Bruyne ផ្ទាល់​រួច​ហើយ​និង​បាន​ជូន​ពរ​ខ្សែ​បម្រើ​រូបនេះ​ឱ្យ​ឆាប់​សះស្បើយ​និង​ត្រលប់​មក​ទីលាន​វិញ​ឆាប់​ៗ​។

សូម​ជម្រាប​​ផង​ដែរ​ថា De Bruyne ស្ថិត​ក្នុង​បញ្ជីជម្រើស​ជាតិ​បែលហ្ស៊ិក​សម្រាប់ Euro 2020។ បែលហ្ស៊ិក​នឹង​ប្រកួត​លើកដំបូង​នៅ​ថ្ងៃ​ទី​១២​ខែ​មិថុនា​ទល់​នឹង​រុស្ស៊ី​។ បែលហ្ស៊ិក​ ស្ថិត​ក្នុង​ពូល B ជាមួយ រុស្ស៊ី ដាណឺម៉ាក និង ហ្វាំងឡង់។

គេ​នៅ​មិនទាន់​ប្រាកដ​នៅ​ឡើយ​ថា​តើ De Bruyne អាច fit ទាន់​ការ​ប្រកួត​នៅ St Petersburg ឬ​ទេ​៕