Skip to content
កីឡាករ​ល្អ​ៗ​​ល្បី​ឈ្មោះ​៤​នាក់​​រំពឹង​​​ថា​នឹង​ចូល​រួម​ Barcelona រដូវ​ក្ដៅនេះ​ដោយ​គ្មាន​តម្លៃ​ផ្ទេរ
    ទំព័រដើម  »  កីឡាជាតិ

កីឡាករ​ល្អ​ៗ​​ល្បី​ឈ្មោះ​៤​នាក់​​រំពឹង​​​ថា​នឹង​ចូល​រួម​ Barcelona រដូវ​ក្ដៅនេះ​ដោយ​គ្មាន​តម្លៃ​ផ្ទេរ

នៅ​ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​ដែល​​មាន​​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​ការ​រាតដ្បាត​នៃ​ជំងឺ​កូវីដ​១៩នេះ ទីផ្សារ​ទិញដូរ​កីឡាករ​រដូវ​ក្ដៅ​២០២១​​ទំនង​មិន​សូវ​មាន​ការ​ផ្ទេរ​លុយ​ធំ​​ទេ​។ ផ្ទុយ​ទៅ​វិញ ​មាន​ការ​រំពឹង​ខ្ពស់​ថា​នឹង​កើន​ឡើង​ការ​ដោះដូរ​កីឡាករ​រវាង​គ្នា​និង​គ្នា ពិសេស​ការ​​នាំ​ចូល​កីឡាករ​ដែល​នឹង​ផុត​កិច្ចសន្យា​ពី​ក្លិប​បច្ចុប្បន្ន​ ដោយ​​ពុំ​អស់​តម្លៃ​ផ្ទេរ​។

ក្នុង​ចំណោម​នោះ Barcelona ត្រូវ​បាន​រំពឹងទុក​ថា​នឹង​ប្រកាស​ពី​ការ​ចូល​រួម​របស់​តារា​ជម្រើស​ជាតិ​អេស្ប៉ាញ​និង​អាហ្សង់ទីន​២​រូប​ឆាប់​ៗ ខណៈ​តារា​ជម្រើស​ជាតិ​ហុល្លង់​២​នាក់​ផ្សេង​ទៀត​ទំនង​មក​ដល់​តាម​ក្រោយ​ នៅ​ពេល​កិច្ចសន្យា​ពួក​គេ​បច្ចុប្បន្ន​​អស់​សុពលភាព។

Barcelona ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រកាស​នៅ​ថ្ងៃ​អង្គារ​អំ​ពី​ការ​ចូល​រួម​របស់​ខ្សែ​ការពារជម្រើស​ជាតិ​អេស្ប៉ាញ Eric Garcia ​និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Sergio Aguero ដែល​អ្នក​ទាំង​២​​នឹង​ផុត​កិច្ចសន្យា​ជាមួយ Man City ​នៅ​ដំណាច់​ខែ​មិថុនា​។ Man City ក៏​បាន​ប្រកាស​រួច​ហើយ​ដែរ​អំពី​ការ​ចែក​ផ្លូវ​ជា​មួយ​កីឡាករ​ទាំង​២​រូបនេះ​ ក្រោយ​ចប់​រដូវកាល​២០២០-២១​។

មួយ​ទៀត ខ្សែ​បម្រើ​ជម្រើស​ជាតិ​ហុល្លង់ Georginio Wijnaldum នៅ​សល់​កិច្ចសន្យា​ជាមួយ Liverpool តែ​៣០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

គេ​បាន​ផ្ទេរ​ពី Newcastle មក Anfield ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​២០១៦ លើ​កិច្ចសន្យា​៥​ឆ្នាំ​។ ចំណង​​ផ្លូវ​ច្បាប់​មួយ​នេះ​នឹង​​អស់​សុពលភាព​​ត្រឹម​ថ្ងៃ​ទី​៣០​ខែ​មិថុនា​ឆ្នាំ​២០២១​នេះ ស្រប​ពេល​គ្មាន​ដំណឹង​អ្វី​ពី​ការ​ត​​កិច្ចសន្យា​ថ្មី​ឡើយ​។

អតីត​សមាជិក Feyenoord និង PSV ​វ័យ​៣០​ឆ្នាំ​ខាង​លើ ត្រូវ​បាន​រំពឹង​​ខ្ពស់​ថា​នឹង​ទៅ​ចូល​រួម Barcelona លើ​កិច្ចសន្យា​ដល់​ឆ្នាំ​២០២៤​។

ប៉ុន្តែ​មក​ទល់​ពេលនេះ​មិនទាន់​មានអ្វី​ផ្លូវការ​នៅឡើយ​ទេ​។ ទោះ​យ៉ាង​ណា Wijnaldum បាន​និយាយ​នៅ​ពេល​ទៅ​ដល់​ជំរំ​ជម្រើស​ជាតិហុល្លង់​មុន​ប្រកួត Euro 2020 ​ថា​៖ «ខ្ញុំ​មិនអាច​បដិសេធ​​ពាក្យ​អេចអូច​នានា​ជាមួយ Barcelona បាន​​ទេ​។ កិច្ចសន្យា​របស់​ខ្ញុំ​បច្ចុប្បន្ន​ជិត​ចប់ ហើយ​វា​ជា​ស្ថានភាព​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​សម្រាប់​ក្លិប​ជា​ច្រើន»។

អនុប្រធាន​ក្រុម​ហុល្លង់​ខាង​លើ​បាន​ទៅ​ដល់​ជំរំ​ជម្រើស​ជាតិរួម​ជាមួយ​ខ្សែ​បម្រើ Frenkie de Jong របស់ Barcelona ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ស្វាគមន៍​ដោយ​គ្រូ​បង្គោល Frank de Boer​។

មាន​ក្លិប​ជា​ច្រើន​ចង់​បាន Wijnaldum ប៉ុន្តែ​មាន​ការជឿជាក់​មួយ​ថា Wijnaldum ​បាន​សម្រេច​ចិត្ត​ជ្រើសរើស​យក Barcelona ដែល​មាន​​​អតីត​គ្រូ​បង្គោល​ហុល្លង់ Ronald Koeman ជាអ្នកចាត់ការ​។

ដោយឡែក ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហុល្លង់​ Memphis Depay ​ដែល​នឹង​ផុត​កិច្ចសន្យា​ជាមួយ​​ Lyon ចុង​ខែ​មិថុនា​ដែរ​នោះ ក៏​ត្រូវ​បាន​រំពឹង​ថា​​​ត្រៀម​​ទៅ​​ចូលរួម Barcelona ដូច​គ្នា​៕