Skip to content
Aguero ថា Barcelona ជា​ក្លិប​ល្អ​បំផុតក្នុង​លោកនិង​បង្ហើប​រឿង​សម្ងាត់មួយ​ទាក់ទង Messi
    ទំព័រដើម  »  កីឡាជាតិ

Aguero ថា Barcelona ជា​ក្លិប​ល្អ​បំផុតក្នុង​លោកនិង​បង្ហើប​រឿង​សម្ងាត់មួយ​ទាក់ទង Messi

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Sergio Aguero នឹង​ចូល​រួម Barcelona ​​លើ​កិច្ចសន្យា​២​​ឆ្នាំ នៅ​ពេល​កិច្ចសន្យា​របស់​គេ​ជាមួយ Manchester City អស់​សុពលភាព​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៣០​ខែ​មិថុនា​ឆ្នាំ​២០២១​។

អតីត​​សមាជិក​ Atletico Madrid ​វ័យ​៣២​ឆ្នាំ ចាកចេញពី Man City ក្រោយ​ចំណាយ​ពេល​នៅ​ក្លិបនេះ​១០​ឆ្នាំ ហើយ​ក្លាយ​ជា​ម្ចាស់​ឯទគ្គកម្ម​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​អង់គ្លេស​មួយ​នេះ គឺ​២៦០​គ្រាប់​ក្នុង​ការ​ចូលលេង​៣៩០​លើក និង​ឈ្នះ​១៥​ពាន​រង្វាន់​​សំខាន់​ៗ​​។

Aguero ស្ថិត​ក្នុង​លំដាប់​ទី​៤​ក្នុង​បញ្ជី​អ្នក​រក​បានគ្រាប់​បាល់​ច្រើន​បំផុត​ក្នុង Premier League គឺ​១៨៤​គ្រាប់​។ តែ​បើ​គិត​​ជា​មធ្យមភាព​រយៈ​ពេល​នៃ​ការ​រក​បាន​គ្រាប់​បាល់ Aguero ប្រើ​ពេល​ខ្លីជាង​គេ​ដើម្បី​រក​បាន​១​គ្រាប់​។

ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​របស់ Barcelona រាត្រីថ្ងៃ​ចន្ទ​ទី​៣១​ខែ​ឧសភា អតីត​យុវជន​ថ្នាល​របស់ Independiente និយាយ​ថា​៖ «ពួក​យើង​ទាំង​អស់​គ្នា​ដឹង​ថា Barcelona ជា​ក្លិប​ល្អ​​ជា​ង​គេ​បំផុត​ក្នុង​ពិភពលោក​​។ ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​ធ្វើការ​សម្រេច​ចិត្ត​ដ៏​អស្ចារ្យ​មួយ​ដើម្បី​មក​ទីនេះ ហើយ​ពិត​ណាស់​វា​ជា​ការ​បោះ​ជំហាន​ទៅមុខ​ក្នុង​អាជីព​របស់​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​និង​សង្ឃឹម​ថា​ខ្ញុំ​អាច​ជួយ​ក្រុម​ឈ្នះ​​ពាន​»។

បន្ថែម​លើ​នេះ អតីត​កូន​ប្រសារ​លោក Diego Maradona ​ប្រាប់​ថា​គេ​ជជែក​ជាមួយ Lionel Messi ​រាល់​ថ្ងៃ ប៉ុន្តែ​គេ​សូម​មិនទម្លាយ​ឱ្យ​ដឹង​អំពី​អ្វី​ខ្លះ​ដែល​ពួក​គេ​បាន​និយាយ​គ្នា​នោះ​ទេ​។ តែ​ Aguero លួច​បង្ហើប​​ថា Messi នឹង​បន្ត​នៅ​ជាមួយ Barca ទៀត​។ គេ​មាន​មោទនភាព​ដែល​បាន​លេង​រួម​ក្រុម Barca ​ជាមួយ Messi ដែល​ជា​ក្លើ​ម្នាក់​របស់​គេ​។ ​គេ​ថា​ការ​ចូល​រួម Barca ជា​ការ​បំពេញក្ដី​ស្រមៃ​តាំង​ពី​កុមារភាព​​។

គួរ​ជម្រាប​ផង​ដែរ​ថា កិច្ច​ព្រមព្រៀង​​​របស់ Aguero ជាមួយ Barca មាន​ខ​ផ្ដាច់​​កុងត្រា​តម្លៃ​១០០​លាន​អឺរ៉ូ​។

Barca បាន​បញ្ចប់​រដូវកាល​២០២០-២១ ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង La Liga បន្ទាប់​ពី​លក់ Luis Suarez ទៅ​ឱ្យ Atletico Madrid ដែលទី​បំផុត​ក្លាយ​ជា​ជើងឯកលីគ​។ ក្នុង​ពាន Champions League វិញ ពួក​គេ​បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្រោម​ថ្វី​ជើង Paris St Germain​។ តែ​ពួក​គេ​បាន​ឈ្នះ​ពាន Copa del Rey មួយ​ដែរ បន្ទាប់​ពី​ផ្ដួល Athletic Bilbao ៤-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ខែ​មេសា​កន្លង​ទៅ​។

ក្នុង​រដូវកាល​ដែលទើប​ចប់​ថ្មី​ៗ​នេះ Messi ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​សម្រាប់​ក្រុម គឺ​៣៨​គ្រាប់​ក្នុង​គ្រប់​ពាន​រង្វាន់ ខណៈ Antoine Griezmann រក​បាន​២០​គ្រាប់ និង Ousmane Dembele រក​បាន​១១​គ្រាប់​៕