Skip to content
គ្រូ​បង្វឹក​ជនជាតិ​អ៊ីតាលី​ទី​៣​ត្រូវ​បាន​ភ្ជាប់​នឹង​ការ​ជំនួស​តំណែង Zidane នៅ Real
    ទំព័រដើម  »  កីឡាជាតិ

គ្រូ​បង្វឹក​ជនជាតិ​អ៊ីតាលី​ទី​៣​ត្រូវ​បាន​ភ្ជាប់​នឹង​ការ​ជំនួស​តំណែង Zidane នៅ Real

ស្រប​ពេល​ដំណើរ​ប្រជែងរក​អ្នក​ស្នង​តំណែង​លោក Zinedine Zidane នៅ Real Madrid កាន់​តែ​កើន​កម្ដៅ​ឡើង​ៗ បេក្ខជន​ថ្មី​ម្នាក់​ទៀត​បាន​លេច​មុខ​ឡើង ហើយ​​គ្រូ​ម្នាក់​នោះ​ជា​បុគ្គល​ដែល​អ្នក​គាំទ្រ Real Madrid ស្គាល់​ច្បាស់ គឺ​លោក Carlo Ancelotti។

អ្នកចាត់ការ Everton ​បច្ចុប្បន្ន ជា​​អ្នក​ជំនាញ​តាក់ទិច​​ជនជាតិ​អ៊ីតាលី​ទី​៣​ដែល​ត្រូវ​បាន​ភ្ជាប់​នឹង​តំណែង​គ្រូ​បង្គោល​ថ្មីនៅ Real Madrid ​បន្ទាប់​ពី​លោក Massimiliano Allegri ដែល​បាន​ព្រម​ព្រៀង​វិល​ចូល​បង្វឹក Juventus វិញ​ហើយ និង​ម្នាក់​ទៀត​គឺ​លោក Antonio Conte ដែល​បាន​ចែក​ផ្លូវ​ជាមួយ Inter Milan ក្រោយ​នាំ​ក្រុម​លើក​ពាន Serie A ថ្មី​ៗ​។

បេក្ខជន​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ភ្ជាប់​នឹង​ការងារ​​ក្នុង​ក្លិប​លោក Florentino Perez គឺ​ Mauricio Pochettino ដែល​កំពុង​បង្វឹក Paris St Germain, លោក Raul ដែល​កំពុង​​បង្វឹក​ក្រុម​យុវជន​របស់ Real Madrid និង​អតីត​ខ្សែ​បម្រើ​របស់​ពួក​គេ Xabi Alonso ដែល​កំពុង​បង្វឹក​ក្រុម​ B ​របស់ Real Sociedad​។

El Larguero រាយការណ៍​ថា​ឥឡូវ​នេះ គ្រូ​បង្វឹក​ជោគជ័យ​បំផុត​មួយ​រូប​របស់​អ៊ីតាលី លោក Ancelotti ជា​ជម្រើស​មួយ​ទៀត​ដែល​លោក Perez ចាប់ផ្ដើម​ទាក់ទង​ជា​បណ្ដើរ​ៗ​។

លោក Ancelotti ​បាន​ដឹកនាំ​ក្រុម Real Madrid ​បន្ត​ពី​លោក Jose Mourinho ពី​ឆ្នាំ​២០១៣​ដល់​២០១៥​ ហើយ​បាន​នាំ​ក្រុម​អធិរាជ​ស​​ឈ្នះ Champions League 2014, ឈ្នះ Copa del Rey, Supercopa de Espana និង FIFA Club World Cup ផង​ដែរ​។

គ្រូ​បង្វឹក​វ័យ​៦១​ឆ្នាំ​រូបនេះ​ក៏​បាន​ឈ្នះ​ពាន​សំខាន់​ៗ​ជា​ច្រើន​កាល​ដឹកនាំ​ក្រុម Juventus, AC Milan, Chelsea, Paris St Germain​​ និង Bayern Munich៕