Skip to content
១១កំណត់ត្រាសំខាន់ៗកើតឡើងក្រោយ Spurs លត់ Man Utd ដល់ផ្ទះ ៦-១
    ទំព័រដើម  »  កីឡាអន្តរជាតិ

១១កំណត់ត្រាសំខាន់ៗកើតឡើងក្រោយ Spurs លត់ Man Utd ដល់ផ្ទះ ៦-១

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានលត់ក្រុម Manchester United យ៉ាងចាស់ដៃ ក្នុងការប្រកួត Premier League ជាមួយនឹងលទ្ធផល ៦-១ នៅទឹកដី Old Trafford នារាត្រីថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០។

ខ្សែប្រយុទ្ធ Heung-min Son និង Harry Kane រកគ្រាប់បាល់បញ្ចូលទីបានម្នាក់ពីរគ្រាប់ ខណៈ Tanguy Ndombele និង Serge Aurier រកបានម្នាក់១គ្រាប់ផងដែរ ហើយវាជាលទ្ធផលបរាជ័យធ្ងន់ធ្ងរបំផុតសម្រាប់ Man United ចាប់តាំងពីពួកគេទទួលបានលទ្ធផលដូចគ្នានេះ ក្នុងជំនួបទល់នឹង Manchester City កាលពី៩ឆ្នាំមុន។

សម្រាប់បរាជ័យនៅក្នុងដីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមដែលដឹកនាំដោយលោក Ole Gunnar Solkjaer បង្កើតបានជាកំណត់ត្រាពិសេសៗ១១ រួមមាន៖

  • Manchester United រងបរាជ័យធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួននៅ Premier League ដោយពួកគេធ្លាប់បរាជ័យក្នុងលទ្ធផលដូចគ្នានេះ ក្រោមថ្វីជើងរបស់ Manchester City ក្នុងខែតុលា ឆ្នាំ ២០១១ ។
  • វាជាលើកទី២ Tottenham ជាក្រុមភ្ញៀវដែល រកគ្រាប់បាល់៤គ្រាប់នៅវគ្គទី១ សម្រាប់ការប្រកួតក្រៅដីក្នុងលីគ ទល់នឹង Manchester United ដោយក្រុមមាន់ខ្នាយមាស ក៏ធ្លាប់ធ្វើបានម្ដងផងដែរ កាលពីខែវិច្ឆិកា ឆ្នាំ១៩៥៧ ជាមួយលទ្ធផល ៤-៣។
  • Manchester United បរាជ័យសម្រាប់ការប្រកួតក្នុងដីរបស់ខ្លួននៅ Premier League ជាលើកទី៥ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ដែលចុងក្រោយបំផុតនៅរដូវកាល ១៩៨៦-៨៧ ក្រុមបិសាចក្រហម បានចាញ់ពីរប្រកួតជាប់គ្នានៅកីឡដ្ឋាន Old Trafford។
  • អ្នកចាត់ការក្រុម Spurs លោក Jose Mourinho តាមស្មើកំណត់ត្រាដឹកនាំក្រុមឈ្នះការប្រកួតជាមួយគម្លាត៥គ្រាប់សារជាថ្មីនៅ Premier League ដោយលើកដំបូងលោកបានដឹកនាំ Chelsea យកឈ្នះ Swansea ៥-២ នៅខែមករាឆ្នាំ ២០១៥។
  • Manchester United របូត៦គ្រាប់នៅក្នុងលីគជាលើកទី៣ សម្រាប់ការប្រកួតក្នុងខែតុលា ដោយពីរលើកកន្លងមក ពួកគេបរាជ័យទល់នឹង Southampton នៅឆ្នាំ ១៩៩៦ និង Man City នៅឆ្នាំ ២០១១។
  • វាជាការប្រកួតដំបូងនៅ Premier League ដែលមានគ្រាប់បាល់៣គ្រាប់ត្រឹម៧នាទីដំបូង ចាប់តាំងពីការប្រកួតរវាង Burnley ទល់នឹង Man City កាលពីខែមេសា ឆ្នាំ ២០១០ ហើយជាលើកដំបូងដែល៣គ្រាប់នេះបានពីក្រុមទាំងពីរ ចាប់តាំងពីការប្រកួតរវាង Nottingham Forest ទល់នឹង Man United នៅក្នុងខែកម្ភៈ ឆ្នាំ១៩៩៩។
  • លោក Mourinho ទទួលបានជ័យជម្នះនៅក្នុងលីគជាលើកដំបូង ទល់នឹងក្រុមដែលលោកធ្លាប់ដឹកនាំនៅ Premier League ដោយកន្លងមកទទួលបានលទ្ធផល បរាជ័យ៤ប្រកួត និង ស្មើ១ប្រកួត។
  • ខ្សែប្រយុទ្ធ Harry Kane បានរួមចំណែកឱ្យមានគ្រាប់បាល់៩គ្រាប់ នៅ Premier League រដូវកាលនេះ ដោយស៊ុតបញ្ចូលទី៣គ្រាប់ និង បញ្ជូន(assist) ៦គ្រាប់ ដោយមានតែ Thierry Henry ម្នាក់ប៉ុណ្ណោះ ដែលអាចធ្វើបានក្នុងរដូវកាល ២០០៤-០៥ សម្រាប់៤ប្រកួតដំបូងនៅលីគកំពូលអង់គ្លេស។
  • Heung-Min Son និង Harry Kane គឺជាកីឡាករក្រុមភ្ញៀវ បន្ទាប់ពី Eden Dzeko ដែលរួមចំណែកធ្វើឱ្យមានគ្រាប់បាល់៣គ្រាប់សម្រាប់ក្រុមខ្លួន ក្នុងកីឡដ្ឋាន Old Trafford នៅ Premier League។
  • ហើយកីឡាករទាំងពីររូបនេះ បានរួមគ្នាធ្វើឱ្យមានគ្រាប់បាល់ ២៦គ្រាប់ ជាដៃគូប្រយុទ្ធស្ថិតនៅលេខរៀងទី៥ នៅ Premier League ដែលរកគ្រាប់បាល់រួមគ្នាច្រើនបំផុត។
  • Bruno Fernandes ស៊ុតប៉េណាល់ទីបានសម្រេចទាំង១០គ្រាប់សម្រាប់ Manchester United គ្រប់ការប្រកួតពានរង្វាន់ ហើយគ្រាប់បាល់បើកឆាកទល់នឹង Spurs ជាបាល់ប៉េណាល់ទីដែលទទួលបានលឿនបំផុត(១នាទី ៣៧វិនាទី)នៅ Premier League បន្ទាប់ពី បាល់១១ម៉ែត្ររបស់ Sergio Aguero ក្នុងការប្រកួតសម្រាប់ Man City ទល់នឹង Newcastle(១នាទី ១២វិនាទី)នៅខែកុម្ភៈ ឆ្នាំ ២០១៥៕