Skip to content
តើ Roland Garros ជា​នរណា​? ហេតុអ្វី​គេ​យក​ឈ្មោះ​គាត់​មក​ដាក់​ឈ្មោះ​ស្តាត​តេន្នីស​ដ៏​ល្បី​នៅ​បារាំង?
    ទំព័រដើម  »  កីឡាជាតិ

តើ Roland Garros ជា​នរណា​? ហេតុអ្វី​គេ​យក​ឈ្មោះ​គាត់​មក​ដាក់​ឈ្មោះ​ស្តាត​តេន្នីស​ដ៏​ល្បី​នៅ​បារាំង?

ការ​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​វាយ​កូន​បាល់​អាជីព​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក French Open រដូវកាល​២០២១ បាន​​និង​កំពុង​ដំណើរការ​ចាប់​តាំ​ង​ពី​ថ្ងៃ​អាទិត្យ​​ទី​៣០​ខែ​ឧសភា​មក​។

French Open ជា Grand Slam មួយ​ក្នុង​ចំណោម​ Grand Slam ទាំង​៤​ក្នុង​ពិភព​វាយ​កូន​បាល់​ពិភពលោក​។ ពាន​រង្វាន់​ដែល​ប្រើប្រាស់​ទីលាន​​ដី​ឥដ្ឋ​សម្រាប់​ការ​ប្រកួត​ប្រជែង​នេះ ត្រូវ​បាន​ស្គាល់​ឈ្មោះ​មួយ​ផ្សេង​ទៀត ដែល​គេ​ហៅ​ថា Roland Garros។

តើ​ប្រិយមិត្ត​ដឹង​ឬទេ​ថា Roland Garros ជា​នរណា? ហេតុ​អ្វី​គេ​​ប្រើ​​ឈ្មោះ​គាត់​ជា​ឈ្មោះ​កីឡដ្ឋានវាយ​កូនបាល់​​​ដ៏​ធំ​នៅ​ប៉ារីស​​?

លោក​ជា​អ្នក​កីឡា​ផង និង​ជា​អាកាសយានិក​ដ៏​ចំណាន​បំផុត​ម្នាក់​ផង​​​​​នៅ​ពេល​ពិភពលោក​ចាប់​ផ្ដើម​មាន​យន្តហោះ​ដំបូង​ៗ និង​បន្ទាប់​មក​ក្លាយ​ជា​អ្នក​បើក​យន្តហោះ​ចម្បាំង​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ដែល​លោក​បាន​បាត់​បង់​ជីវិត​ក្នុង​វ័​យ​ត្រឹម​តែ​២៩​ឆ្នាំ ខណៈ​ភ្លើង​សង្គ្រាម​ជិត​រលត់​ទៅហើយ​។

លោក Garros ​បានកើត​នៅ​ថ្ងៃ​ទី​៦​ ខែ​តុលា​ ឆ្នាំ​១៨៨៨​ នៅ​កោះ Reunion ក្នុង​គ្រួសារ​ជនជាតិ​បារាំង​។ លោក​បាន​ទៅ​រស់​នៅ​ប្រទេស​វៀតណាម​កាល​នៅ​កុមារភាព មុន​ពេល​មក​រស់​នៅ​ក្នុង​ប្រទេស​បារាំង​ដើម្បី​​​​បញ្ចប់​​ការ​សិក្សា​​កម្រិត​បឋម​នៅ​ពេល​លោក​មាន​វ័យ​១២​ឆ្នាំ​។

ក្នុង​ជីវភាព​រស់​នៅ ដោយសារ​មាន​បញ្ហា​សុខភាព វេជ្ជបណ្ឌិត​បាន​ណែនាំ​​លោក Garros ឱ្យ​លេងកីឡា ហើយ​លោក​បាន​លេង​កីឡា​ច្រើន​ប្រភេទ​ដូច​ជា បាល់ឱប ជិះកង់ និង​វាយ​កូន​បាល់​។ នៅ​ពេល​បញ្ចប់​ការ​សិក្សា​លោក​បាន​ប្ដូរ​ទៅ​លេង​កីឡា​ម៉ាស៊ីន គឺ​ពេលនោះ​ហើយ​ដែលលោក​ចាប់ផ្ដើម​​ហាត់​បើក​យន្តហោះ​ និង​​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​​អាកាសយានិក​ដ៏​ចំណាន និង​ទទួល​បាន​ភាព​ល្បីល្បាញ​​។

ក្នុង​ខែ​កញ្ញា​ឆ្នាំ​​១៩១១ លោក​បាន​ហោះ​ហើរ​ក្នុង​រយៈ​កម្ពស់​៣៩៥០​ម៉ែត្រ ហើយ​២​ឆ្នាំ​បន្ទាប់​មក លោក​ក្លាយ​ជា​មនុស្ស​ទី​១​ដែល​ហោះ​ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ាណេ ដោយ​ប្រើ​ពេល​ជិត​៨​ម៉ោង​ពី​ភាគ​ទក្សិណ​(ខាងត្បូង)​ប្រទេស​បារាំង​ទៅ​កាន់​ប្រទេស​ទុយនេស៊ី។
ពេល​សង្គ្រាម​លោក​លើក​ទី​១​ឆាបឆេះ​ឡើង លោក Garros ​មាន​វ័យ​២៥​ឆ្នាំ និង​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​កង​ទ័ព​បារាំង ហើយ​ក្លាយ​ជាអ្នក​បើក​យន្តហោះ​ចម្បាំង​។ ប៉ុន្តែ​លោក​បាន​ជាប់​ក្នុង​ជំរំ​ឃុំឃាំង​អ្នក​ទោស​សង្គ្រាម​នៅ​អាល្លឺម៉ង់​ច្រើន​ខែ​ឆ្នាំ​។ បន្ទាប់​ពី​បាន​គេច​ខ្លួន​រួច​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​១៩១៨ លោក​បាន​ធ្វើ​ដំណើរ​ត្រលប់មក​បារាំង​វិញ​ដោយ​ឆ្លង​​កាត់​តាម​​រាជធានី​ឡុងដុង​និង​ប្រទេស​ហុល្លង់​រួច​ហើយ​ចូល​ក្នុង​កងទ័ព​ជា​ថ្មី​។ ប៉ុន្តែ​១​ខែ​មុន​ចប់​សង្គ្រាម​លោក​លើក​ទី​១ លោក​ត្រូវ​បាន​បាញ់​ទម្លាក់​ស្លាប់ អំឡុង​ពេល​កំពុង​បើក​យន្តហោះ​ចម្បាំង SPAD XIII ​នៅ​ក្បែរ​ឃុំ Vouziers ក្នុង​ស្រុក Ardennes​។

ចំណេរ​បន្តិច​ក្រោយ​មក លោក Emile Lesieur ដែលជា​អតីត​មិត្ត​រួម​ក្រុម​បាល់ឱប​របស់ Garros ​បាន​ក្លាយ​ជា​ប្រធាន​ក្លិប​។ លោក Lesieur ​បានលេង​បាល់ឱប​រួម​ក្រុម​ជាមួយ​ Garros ​នៅ Stade Francais​។

​​​ជា​ការ​ចងចាំ​ចំពោះ​ស្នាដៃ​មិត្តភក្ដិ ​លោក Emile ​បានផ្ដួច​ផ្ដើម​គំនិត​កសាង​កីឡដ្ឋាន​វាយ​កូនបាល់​មួយ​​ដើម្បី​ជា​ការ​រំឭក​នឹក​គុណ​ចំពោះ​លោក Garros និង​ដើម្បី​ទទួល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​​ពិភពលោក​វាយ​កូន​បាល់​ជម្រើស​ជាតិ​បុរស Davis Cup ក្នុង​ឆ្នាំ​១៩២៨​ផង​។

នៅក្នុង​ឆ្នាំ​១៩២៨ ពោល​គឺ​មួយ​ទសវត្សរ៍​ក្រោយ​មរណភាព​របស់​លោក Garros កីឡដ្ឋាន​ Roland Garros ត្រូវ​បាន​សម្ពោធ​ឱ្យ​ប្រើប្រាស់ និង​ជា​ទី​សម្រាប់​ប្រកួត​ពាន​រង្វាន់ French Open ​មក​ទល់​​បច្ចុប្បន្ន​​​៕