Skip to content
ឪពុក​ ឈុត​ សេរីវណ្ណថង និយាយពីការ​ប៉ះ ឃីម បុរ៉ា វគ្គ​ខ្សែក្រវាត់
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ឪពុក​ ឈុត​ សេរីវណ្ណថង និយាយពីការ​ប៉ះ ឃីម បុរ៉ា វគ្គ​ខ្សែក្រវាត់

«ការ​ប្រកួតជាមួយ ឃីម បូរ៉ា វាជា​ប្រកួត​ដ៏​លំបាក វាមិន​ងាយ​ស្រួល​ឡើយ។ បូរ៉ា ពេលនេះកំពុង​ឡើង​ជើង គេជា​ជើង​ខ្លាំង ដូច្នេះ​ការ​ប្រកួត​នេះ វណ្ណថង នឹងពិបាក គឺ​មិនងាយ​ស្រួល​ឡើយ»។ នេះ​ការ​លើក​ឡើង​របស់លោក ឈុត សេរី ដែល​ជាគ្រូបង្វឹកនិងជាឪពុក ចំពោះ​ការ​ប្រឈមមុខរបស់ រាហ៊ូមាស ឈុត សេរីវណ្ណថង តទល់​ជើង​ខ្លាំង​ ឃីម បូរ៉ា វគ្គជម្រុះ​ខ្សែក្រវាត់ នៅ CNC។

អតីតកីឡាករ​ជើង​ចាស់​បន្ថែម​ថា ភាព​ខ្លាំង​របស់​ ឃីម បូរ៉ា ជា​ឧបស័គ្គដ៏ធំ។ បន្ថែម​លើ​នេះ ការ​ត្រៀម​ខ្លួន​របស់កូន​ប្រុស​លោក ក៏​មិន​បាន​ពេញ១០០នោះដែរ។ «វណ្ណថង និយាយ​ពី​ការ​ត្រៀម​ខ្លួន​មិន​បាន​ល្អ​ពេញ​ទេ ព្រោះ​ភ្លៀង​រហូត ពិបាក​ហាត់ និង​​រត់មិន​កើត​​»។ លោក ឈុត​ សេរី បន្ថែមពី​ស្ថានភាពកូន​ខ្លួន។

យ៉ាង​ណា​ក្ដីបុរស​ជើង​ចាស់​រូប​នេះ ឲ្យ​ដឹង​ថា ឈុត​ សេរីវណ្ណថង តាំង​ចិត្ត​ខ្ពស់បំផុត ចំពោះ​ការ​ស្វែង​រក​ជ័យជម្នះ បើ​ទោះ​ជា​ដឹង​ថានេះ ជា​ជំនួប​ដ៏​លំបាក​សម្រាប់​ខ្លួន។ បញ្ចប់ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​បំផុត ក្នុង​ការ​ប៉ះគ្នា​លើក​ចុង​ក្រោយ​កាលខែ​កញ្ញា លោក ឈុត សេរី យល់​ថាវគ្គ​ខ្សែក្រវាត់​នេះ នឹង​ក្លាយ​ជាការ​ប្រកួត​ដែល​កាន់តែ​ក្ដៅ​សម្រាប់​ពួក​គេ នៅថ្ងៃ​សៅរ៍សប្ដាហ៍​នេះ​។

មុន​ប៉ះ​គ្នា​លើក​នេះ ឈុត សេរីវណ្ណវថង និង ឃីមបូរ៉ា បាន​ស្មើពិន្ទុគ្នា ក្រោយ​បញ្ចប់​៥​ទឹកពេញ​ ក្នុង​ការ​ជួប​គ្នា​លើក​ចុង​ក្រោយ​កាលពាក់​កណ្ដាល​ខែ​កញ្ញា លើ​សង្វៀន ឯកភ្នំ ខេត្ត​បាត់​ដំបង៕