Skip to content
លោក ស សុខា ប្រតិកម្មគាំទ្រប្រធានក្លិបអង្គរថាយហ្គឺរដែលមិនពេញចិត្តនឹងការកាត់ក្ដីរបស់អាជ្ញាកណ្ដាល
    ទំព័រដើម  »  កីឡាជាតិ

លោក ស សុខា ប្រតិកម្មគាំទ្រប្រធានក្លិបអង្គរថាយហ្គឺរដែលមិនពេញចិត្តនឹងការកាត់ក្ដីរបស់អាជ្ញាកណ្ដាល

ភ្នំពេញ៖ ក្រុម​​​ម្ចាស់​ផ្ទះ​​អង្គរថាយហ្គឺរ បាន​ប្រកួត​ចាញ់​ក្រុម​ណាហ្គាវើល ដោយ​លទ្ធផល ២ទល់១ លើ​ទីលាន​កីឡដ្ឋាន SRU Stadium ក្នុង​ខេត្ត​សៀមរាប នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១​នេះ ខណៈ​ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​ភាព​តានតឹង។ ​លោក Akihiro Kato ម្ចាស់​ក្លិប​អង្គរថាយហ្គឺរ បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ​ដែល​មិន​ព្រម​ឱ្យ​បាល់​ចូលទី​របស់​ដល់​ក្រុម​របស់​ខ្លួន​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល​លើ​ទីលាន។ លោក កាតូបានសរសេរថា «រហូតមក​ដល់​ពេលនេះខ្ញុំបាន​លះបង់របស់របរផ្សេងៗ។​ តើ​ foul នេះនៅឯណា? តើនេះពិតជាល្អសម្រាប់បាល់ទាត់កម្ពុជាមែនទេ? ព្រោះយើងជាក្លឹបជប៉ុន?»។

ចំណែកលោក ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំយុវជន​និង​កីឡា បាន​បង្ហាញ​ការ​ប្រតិកម្ម​ក្នុង​ការ​​បង្ហោះ​​របស់​លោក Akihiro Kato ដោយលោកបាន​​បង្ហាញ​​៣ចំណុច។

ខ្ញុំសូមចូលរួមជាមួយលោក អាគីហ៊ីរ៉ូ កាតូ (Akihiro Kato)ប្រធាន​ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ ! ១. រឿងនេះកើតឡើងដដែលៗច្រើនលើកច្រើនសារពេកហើយ ។ ២. ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើ​ទីលាន​ យល់ថា មានការលំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិប​នីមួយៗសព្វថ្ងៃ ក្នុង​មួយឆ្នាំៗ​ចំណាយ​មិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះ​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ មេត្តា​ជួយ​ពិនិត្យមើលការងារនេះ និង​ធ្វើការ​វាយ​តម្លៃទៅ​លើអាជ្ញាកណ្តាលឡើងវិញ។ ៣. ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណចំពោះលោក អាគីហ៊ីរ៉ូ កាតូ ដែល​បានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជា អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ៕