Skip to content
តើបឹងកេត និង ព្រះខ័នរាជស្វាយរៀង ត្រូវការលទ្ធផលបែបណា ដើម្បីក្លាយជាជើងឯកលីគកំពូលកម្ពុជា?
    ទំព័រដើម  »  កីឡាជាតិ

តើបឹងកេត និង ព្រះខ័នរាជស្វាយរៀង ត្រូវការលទ្ធផលបែបណា ដើម្បីក្លាយជាជើងឯកលីគកំពូលកម្ពុជា?

នៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះ ម្ចាស់ជើងឯកលីគកំពូលកម្ពុជា Metfone Cambodian League នឹងត្រូវបានបង្ហាញ ហើយមានតែពីរក្រុមប៉ុណ្ណោះ ដែលត្រូវប្រជែងគ្នាសម្រាប់ពានមួយនេះ។

បឹងកេតជាក្រុមដែលមានប្រៀបជាង ដ្បិតនាំមុខ២ពិន្ទុក្នុងតារាងលីគកំពូលកម្ពុជា ខណៈដែល ព្រះខ័នរាជស្វាយរៀងនៅតែមានសង្ឃឹមសម្រាប់ប្រកួតចុងក្រោយ ទោះបីជាមានមិនច្រើនក្ដី។

តើបឹងកេត និង ព្រះខ័នរាជ ត្រូវការលទ្ធផលបែបណា ដើម្បីអាចគ្រងតំណែងជាជើងឯកលីគកំពូលកម្ពុជាបាន?

+ បឹងកេត

ដើម្បីធានាបាន១០០ភាគរយក្នុងការឈ្នះពាន Metfone Cambodia League ក្រុមបឹងកេត យ៉ាងហោចណាស់ រកឱ្យបាន១ពិន្ទុពីការប្រកួត ចុងក្រោយទល់នឹងភ្នំពេញក្រោន។

ប៉ុន្ដែ ប្រសិនបើពួកគេបរាជ័យក្នុងការប្រកួតនេះ ក្រុមជើងឯកលីគកំពូលកម្ពុជា៣សម័យកាលមួយនេះ ក៏មានឱកាសក្នុងការក្លាយជាជើងឯករដូវកាល ២០២០ បានផងដែរ ក្នុងករណីដែល ស្វាយរៀងមិនអាចយកបាន៣ពិន្ទុពី ណាហ្គាវើលដ៍។

+ ព្រះខ័នរាជ

ក្ដីសង្ឃឹមតែមួយគត់ ដើម្បីអាចរក្សាតំណែងជើងឯក Cambodian League បាន ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ត្រូវដាច់ខាតយកឈ្នះណាហ្គាវើលដ៍ នៅថ្ងៃប្រកួតចុងក្រោយ និងក្នុងករណីបឹងកេតបរាជ័យទល់នឹងភ្នំពេញក្រោន។

ចំណែកករណីបឹងកេតបានត្រឹមស្មើ ហើយព្រះខ័នរាជទទួលបានជ័យជម្នះក្នុងជំនួបប្រកួតចុងក្រោយ មានន័យថាក្រុមទាំងពីរមានពិន្ទុស្មើគ្នានៅក្នុងតារាង ប៉ុន្ដែបឹងកេតនឹងក្លាយជាជើងឯក ដោយផ្អែកលើរូបមន្ដ head-to-head។ បឹងកេតឈ្នះដោយសារពួកគេ បានយកឈ្នះព្រះខ័នរាជ ៤-២ នៅជើងទី១ ហើយស្មើគ្នា ១-១ នៅជើងទី២។

សម្រាប់ជំនួបប្រកួតកាត់សេចក្ដីចុងក្រោយ ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមភ្ញៀវបឹងកេត វេលាម៉ោង ៦៖០០ល្ងាចនៅថ្ងៃទី ២៥ តុលា ហើយ ព្រះខ័នរាជនឹងធ្វើជាក្រុមម្ចាស់ផ្ទះ ក្នុងជំនួបទល់នឹងណាហ្គាវើលដ៍ ក្នុងពេលដំណាលគ្នានៅកីឡដ្ឋាន ស្វាយរៀង។

រំឭកការជួបគ្នាសម្រាប់គូប្រកួតក្រុមទាំងពីរ កាលពីជើងទី១ នៅកីឡដ្ឋាន Cambodia Airway ក្រុមម្ចាស់ផ្ទះបឹងកេត ទទួលបានជ័យជម្នះដោយលទ្ធផល ៣-១ ខណៈដែល ព្រះខ័នរាជបានយកឈ្នះ ២-០ ដល់ក្នុងផ្ទះរបស់ ណាហ្គាវើលដ៍៕