Skip to content
Fabrizio Romano ថា Messi និងឪពុក កំពុងរង់ចាំសំណេីផ្លូវការពី PSG
    ទំព័រដើម  »  កីឡាជាតិ

Fabrizio Romano ថា Messi និងឪពុក កំពុងរង់ចាំសំណេីផ្លូវការពី PSG

អ្នកសារព័ត៌មានកីឡាបាល់ទាត់ដ៏ល្បី Fabrizio Romano បានបង្ហោះថា Lionel Messi និងឪពុករបស់គេ Jorge Messi ដែលជាភ្នាក់ងារ កំពុងរង់ចាំសំណេីកិច្ចសន្យាផ្លូវការពី PSG ដេីម្បី បំពេញ កិច្ចព្រមព្រៀង ហេីយ Messi បេីកចំហក្នុងការទទួលយក។ លោកថា PSG នឹងផ្ដល់កិច្ចសន្យា២ឆ្នាំ អមដោយជម្រេីសបន្លាយថែម១ឆ្នាំទៀត។

នៅថ្ងៃសុក្រម្សិលមិញ គឺមួយថ្ងៃក្រោយ Barcelona ប្រកាសថា Messi នឹងចាកចេញ ព្រះអង្គម្ចាស់ Khalid bin Hamad Bin Khalifa Al-Thani ដែលជាព្រះអនុជនៃមហាក្សត្រកាតារ​ដែល​ជា​ម្ចាស់​ក្លិប Paris St Germain បាន​បង្ហោះ​លើ Twitter ថា Messi នឹង​ចូល​រួម PSG។

ព្រះអង្គម្ចាស់រូបនេះ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ថា៖ «ការចរចា​​បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ជា​ផ្លូវការ​ហើយ ហើយ​នឹង​មាន​ការ​ប្រកាស​នៅ​ពេល​បន្ទាប់ #Messi»។

ព្រះអង្គម្ចាស់អង្គនេះថែមទាំង​បាន​បង្ហោះ​រូប​មួយ​ទៀត​ដែល Sergio Ramos កៀក​ស្មា Messi អម​ដោយ​សំណេរ​ថា​«​ពាន Champions League ៨​ដង​»។ ដែលឃ្លានេះសំដៅលើចំនួនពាន Champions League សរុបចូលគ្នាដែល Messi និង Ramos បានឈ្នះកាលនៅ Barcelona និង Real Madrid។


តែនៅរសៀលថ្ងៃសៅរ៍នេះ សារព័ត៌មាន Goal បានទាក់ទងទៅក្លិប Paris Saint-Germain ហើយក្លិបយក្សបារាំងវិនិយោគដោយកាតារមួយនេះ ច្រានចោលដំណឹងដែលថាពួកគេបានព្រមព្រៀងលក្ខខណ្ឌជាមួយ Lionel Messi ដែលបង្ហោះដោយព្រះអនុជរបស់ម្ចាស់ក្លិបថាជារឿងមិនពិតទេ។

នាយកដ្ឋាន ទំនាក់ទំនង របស់ PSG បានប្រាប់សារព័ត៌មាន Goal ថាការបង្ហោះរបស់ព្រះអង្គ Al-Thani ជារឿងប្រតិដ្ឋនិងថាគ្មានកិច្ចព្រមព្រៀងបែបនោះជាមួយតំណាងរបស់ Messi ឡេីយ។

ទោះបែបនេះក្ដី នៅតែ មានការជឿជាក់ថា PSG ជាគោលដៅស័ក្ដិសមជាងគេសម្រាប់ Messi ព្រោះមានក្លិបតិចតួចប៉ុណ្ណោះដែលមានលទ្ធភាពលៃលកប្រាក់ខែដ៏សន្ធឹករបស់ Messi ស្របពេល Manchester City មិនបានចូលប្រជែងយក Messi ទេ បន្ទាប់ពីពួកគេបានទិញ Jack Grealish តម្លៃ១០០លានផោននិងផ្ដល់អាវលេខ១០ដល់ខ្សែបម្រេីប្រយុទ្ធអង់គ្លេសរូបនេះ ។ ក្លិបមេឃខៀវក៏កំពុងតាមទិញ Harry Kane ដែល Spurs ទារថ្លៃប្រមាណ១៦០លានផោន។

Messi នឹងធ្វើសន្និសីទសារព័ត៌មាននៅ Camp Nou ថ្ងៃអាទិត្យស្អែកនេះ៕