Skip to content
Lionel Messi ធ្លាប់បានយល់ព្រមផ្ទេរទៅក្លិបដែល Jose Mourinho ដឹកនាំកាលពី ២០១៤
    ទំព័រដើម  »  កីឡាអន្តរជាតិ

Lionel Messi ធ្លាប់បានយល់ព្រមផ្ទេរទៅក្លិបដែល Jose Mourinho ដឹកនាំកាលពី ២០១៤

ថ្វីដ្បិតតែ Lionel Messi នៅឈរជើងជាកីឡាករឆ្នើមម្នាក់នៅ Barcelona យូរឆ្នាំក៏ពិតមែន ប៉ុន្ដេខ្សែប្រយុទ្ធរូបនេះ មានបំណងចង់ចាកចេញពីទឹកដី Camp Nou ច្រើនលើកមកហើយ។ តួយ៉ាង កាលពី៦ឆ្នាំមុន លោក Jose Mourinho ដែលកាលនោះ នៅដឹកនាំក្រុម Chelsea បានព្រមព្រៀង លក្ខខណ្ឌមួយចំនួនកីឡាករផ្ទាល់ ប៉ុន្ដែត្រូវបានរារាំងដោយឪពុករបស់ខ្សែប្រយុទ្ធអាហ្សង់ទីន។

អំឡុងការដោះដូរនារដូវក្ដៅកន្លងទៅ Messi បានរៀបចំឯកសារដើម្បីស្នើសុំចាកចេញពី Barcelona ប៉ុន្ដែ មិនអាចសម្រេចបាននោះទេ ដោយសារម្ចាស់ពាន Ballon d’Or ៦សម័យកាលរូបនេះ មានតម្លៃផ្ដាច់កុងត្រា ៧០០លានអឺរ៉ូ ដែលធ្វើឱ្យក្លិបធំៗមួយចំនួនដូចជា Manchester City, Inter Milan និង Paris Saint-Germain ផ្អាកការចាប់អារម្មណ៍កីឡាករឆ្នើមរូបនេះសិន។

បើតាមការឱ្យដឹងពីអ្នកសារព័ត៌មានអ៊ីតាលី លោក Gianluca Di Marzo កីឡាករវ័៣៣ឆ្នាំ កៀកនឹងចាកចេញពី ក្លិបអ្នកមានបុណ្យនៅឆ្នាំ ២០១៤ ជារដូវកាលដែល Barca មិនអាចឈ្នះពានសូម្បីតែមួយ ក្រោមការដឹកនាំរបស់លោក Gerardo Martino។

ហើយអ្នកសារព័ត៌មានខាងលើ ក៏បានទំលាយអាថ៌កំបាំងនៃការព្រមព្រៀងផ្ទេរ ដែលធ្វើឡើងដោយ Messi និង លោក Mourinho នៅក្នុងសៀវភៅថ្មីរបស់លោក ដោយបានអះអាងថា ក្លិបតោខៀវ Chelsea យល់ព្រមក្នុងការចំណាយ ២៥០លានផោន ផ្ដាច់កុងត្រាពី Barcelona និង យល់ព្រមផ្ដល់ឱ្យនូវប្រាក់ឈ្នួល ៥០លានអឺរ៉ូ ក្នុងមួយឆ្នាំថែមទៀតផង។

ប៉ុន្ដែ ការផ្ទេរមិនអាចសម្រេចទៅបានឡើយ ដោយសារមានការជំទាស់ពីសំណាក់ឪពុករបស់កីឡាករ លោក Jorge Messi និង ការបញ្ចុះបញ្ចូលរបស់ អតីតខ្សែបម្រើព័រទុយហ្គាល់ Deco។

លើសពីនេះទៅទៀត ប្រធានក្លិប Real Madrid លោក Florentino Perez ក៏ធ្លាប់ព្យាយាមអូសទាញ Messi កាលពីដើមឆ្នាំ ២០១៣ ផងដែរ ប៉ុន្ដែ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានបដិសធរាល់ការចរចាទាំងអស់ របស់គូប្រជែងប្រវត្តិសាស្ដ្ររបស់ Barca មួយនេះ៕