Skip to content
អាចនឹងមានការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិនៅមរតកតេជោពេលសង់រួចឆ្នាំក្រោយ?
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

អាចនឹងមានការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិនៅមរតកតេជោពេលសង់រួចឆ្នាំក្រោយ?

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ថា តើបងប្អូនណាខ្លះចង់ទៅទស្សនាការប្រកួតដំបូងបំផុតរបស់ក្រុមជម្រើសជាតិកម្ពុជានៅពហុកីឡដ្ឋានមរតកតេជោដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយនេះ?

ទាក់ទងទៅនឹងការផុសដូចខាងលើ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់បានប្រាប់ AMS SPORTS ថា នេះគ្រាន់តែជាបំណងចង់ឲ្យមានការប្រកួតនៅឡើយទេ ពុំទាន់រៀបចំចេញជាផែនការដាក់លើតុប្រជុំជាមួយថ្នាក់ដឹកនាំឡើយ។ យ៉ាងណា សហព័ន្ធពិតជាចង់រៀបចំការប្រកួតនៅលើស្មៅពហុកីឡដ្ឋានថ្មីនេះប្រាកដណាស់ នៅពេលដំណើរការសាងសង់រួចរាល់ជាស្ថាពរ។

គួរដឹងដែរថា កីឡដ្ឋានធំ ឬ Main Stadium នៅពហុកីឡដ្ឋានមរតកតេជោនឹងត្រូវបានបញ្ចប់ការសាងសង់រួចរាល់ អំឡុងខែឧសភា ឆ្នាំ២០២១។ នេះបើតាមការឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅដើមខែតុលានេះ។

សម្រាប់កីឡដ្ឋានធំ ឬ Main Stadium នេះអាចផ្ទុកទស្សនិកជនខ្ទង់៦ម៉ឺននាក់៕