Skip to content
ជាគូប្រជែងនឹងគ្នា តែហេតុអ្វីបាន AC Milan និង Inter Milan ប្រើប្រាស់កីឡដ្ឋានតែមួយរួមគ្នា?
    ទំព័រដើម  »  កីឡាជាតិ

ជាគូប្រជែងនឹងគ្នា តែហេតុអ្វីបាន AC Milan និង Inter Milan ប្រើប្រាស់កីឡដ្ឋានតែមួយរួមគ្នា?

រាល់ក្លិបបាល់ទាត់ទាំងអស់ មិនថាក្លិបអាជីពឬពាក់កណ្ដាលអាជីពនោះទេ គឺត្រូវការកីឡដ្ឋានផ្ទាល់ខ្លួន ហើយជាទូទៅក្លិបមួយ មានកីឡដ្ឋានមួយ ឧទាហរណ៍កីឡដ្ឋាន Camp Nou របស់ក្លិប Barcelona កីឡដ្ឋាន​ Old Trafford របស់ក្លិប Manchester United និង កីឡដ្ឋាន Allianz Arena របស់ក្លិប Bayern Munich ជាដើម។ ប៉ុន្ដែនៅក្នុងពិភពបាល់ទាត់ក៏មានករណីលើកលែងមួយចំនួនផងដែរ តួយ៉ាងគឺកីឡដ្ឋាន San Siro ដែលជាផ្ទះរបស់ AC Milan និង Inter Milan។

ក្រុមទាំងពីរអាចនិយាយបានថាជាគូប្រជែងរួមទីក្រុងដ៏ធំមួយនៅអ៊ីតាលី ប្រៀបបាននឹង Manchester United និង Manchester City នៅអង់គ្លេសដែរ ប៉ុន្ដែភាពខុសគ្នានៅត្រង់ថា ក្រុមនៅមីឡានទាំងពីរនេះ ដ្បិតជាគូប្រជែងក៏ពិតមែន ប៉ុន្ដែពួកគេប្រើប្រាស់កីឡដ្ឋានរួមជាមួយគ្នា។

តើអ្នកដឹងទេថា មូលហេតុអ្វីបានជា កីឡដ្ឋាន San Siro ជាផ្ទះរបស់ក្លិបធំបំផុតទាំងពីរនេះ? តើក្លិបណាជាម្ចាស់កម្មសិទ្ធិកីឡដ្ឋាននេះ?

ក្លិប AC Milan ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៩ ហើយ Inter Milan ត្រូវបានបង្កើតឡើងនៅ៩ឆ្នាំបន្ទាប់ពោលគឺក្នុងឆ្នាំ ១៩០៨។ តាមពិតទៅ Inter បង្កើតឡើងពីការបំបែកក្លិប AC Milan ដោយសារវិវាទផ្ទៃក្នុងនៃការនាំយកកីឡាករបរទេសចូលក្រុម។

កីឡដ្ឋាន San Siro ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩២៦ រ៉ាប់រងការចំណាយដោយប្រធានក្លិបលោក Piero Pirelli និងជាកម្មសិទ្ធិផ្ទាល់របស់ AC Milan។ ប៉ុន្ដែក្រោយមកក្នុងឆ្នាំ១៩៤៧ AC និង Inter បានព្រមព្រៀងគ្នា ក្នុងការប្រើប្រាស់កីឡដ្ឋានរួមចាប់តាំងពីពេលនោះមកទល់នឹងបច្ចុប្បន្ន។

ការប្រើប្រាស់កីឡដ្ឋានរួមបានធ្វើឱ្យការប្រកួតប្រជែងរវាងក្លិបទាំងពីរកាន់តែមានអត្ថន័យ ហើយវាក៏បានជួយកាត់បន្ថយចំណាយផ្សេងៗ បង្វែរទៅជាការចំណាយទៅលើការពង្រឹងក្រុមឱ្យកាន់តែល្អប្រសើរ។ តាមពិតទៅ ឈ្មោះ San Siro នេះ ត្រូវបានហៅតាមឈ្មោះស្រុកដែលកីឡដ្ឋាននេះត្រូវបានកសាងឡើង។ ហើយនៅក្នុងឆ្នាំ១៩៨០ វាត្រូវបានប្ដូរទៅជា Stadio Giuseppe Meazza។

Meazza ជាឈ្មោះវីរបុរសរបស់ក្លិប Inter Milan និងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ដែលបានជួយប្រទេសរបស់ខ្លួនឈ្នះ FIFA World Cup ២លើក និងរកគ្រាប់បាល់២០០គ្រាប់នៅក្នុងលីគកំពូលអ៊ីតាលី សម្រាប់ការរួមរស់រយៈពេល១០ឆ្នាំនៅ Inter។

លោក Meazza ក៏ធ្លាប់លេងឱ្យ AC Milan បាន២រដូវកាលផងដែរ ដោយរកគ្រាប់បាល់បាន៩គ្រាប់ឱ្យពួកគេ ប៉ុន្ដែមិនត្រូវបានចាត់ទុកជាវីរបុរសរបស់ក្លិបនេះឡើយ។ ហើយការហៅឈ្មោះកីឡដ្ឋានក៏ផ្អែកលើហេតុផលនេះផងដែរ។ អ្នកគាំទ្រ Inter Milan ហៅឈ្មោះកីឡដ្ឋានរបស់ក្លិបនេះថា Giuseppe Meazza ប៉ុន្ដែអ្នកគាំទ្រ AC Milan និងអ្នកគាំទ្របាល់ទាត់ទូទៅនិយមហៅថា San Siro។

ក្រៅពីជាទឹកដីរបស់ក្រុមទាំងពីរខាងលើ San Siro ត្រូវបានដាក់ឱ្យប្រកួតអន្ដរជាតិសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី និងត្រូវបានដាក់ធ្វើជាទីលានប្រកួតសម្រាប់ព្រឹត្តិការណ៍ FIFA World Cup និង European Championship ឬជាទូទៅគេនិយមហៅថា EURO ផងដែរ៕