Skip to content
Man Utd ទាក់ទងអតីតគ្រូ Barca ម្នាក់មកកាន់តំណែងស្ដីទី ខណៈគ្រូ PSG បង្ហើបសម្ដីមួយឃ្លា
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Man Utd ទាក់ទងអតីតគ្រូ Barca ម្នាក់មកកាន់តំណែងស្ដីទី ខណៈគ្រូ PSG បង្ហើបសម្ដីមួយឃ្លា

Manchester United បានទាក់ទងលោក Ernesto Valverde អតីតអ្នកចាត់ការ Barcelona ដើម្បីជជែកអំពី​តួនាទី​អ្នកចាត់ការ​ស្ដីទី​នៅ​ក្លិប​បិសាច​ក្រហម​ជំនួស​លោក Ole Gunnar Solskjaer ​ត្រឹម​ចប់​រដូវកាល​២០២១-២២​។

នាខណៈនេះ លោក Michael Carrick កំពុងដឹកនាំក្រុមធំ Man Utd បណ្ដោះអាសន្នបន្តពីលោក Ole Gunnar Solskjaer ដែលត្រូវបានក្លិបបញ្ចប់កិច្ចសន្យាក្រោយជួបលទ្ធផលអាក្រក់ជាបន្តបន្ទាប់។ Man Utd បានបញ្ជាក់ថាក្លិបនឹងតែងតាំងអ្នកចាត់ការស្ដីទីដើម្បីដឹកនាំក្រុមជាបណ្ដោះអាសន្នដល់ចប់រដូវកាល មុនពេលតែងតាំងអ្នកចាត់ការពេញសិទ្ធិក្នុងរដូវក្ដៅ។

លោក Valverde ​វ័យ​៥៧​ឆ្នាំ ជា​បេក្ខជន​មាន​សក្ដានុពល​ម្នាក់ក្នុង​ចំណោម​បេក្ខជន​មួយ​ចំនួន​ដែល Man Utd ចង់​តែងតាំង​ជា​អ្នកចាត់ការ​បណ្ដោះ​អាសន្ន មុន​ពេល​តែងតាំង​​​អ្នកចាត់ការអចិន្ត្រៃយ៍​​នៅ​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ​។

អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​ដើម​ទសវត្សរ៍​១៩៩០​រូបនេះ ជា​គ្រូ​បង្វឹក​មាន​បទ​ពិសោធ​ជោគជ័យ​​មួយ​រូប​។

ជាក់​ស្ដែង លោក Valverde ​បាន​ដឹកនាំ Barcelona ឈ្នះ​ជើងឯក La Liga ២​លើក​ជាប់​គ្នា​ក្នុង​រដូវកាល​២០១៧-១៨ និង​២០១«៨-១៩ ព្រម​ទាំង​ឈ្នះ​ពាន Copa del Rey ២០១៧-១៨​ផង​ដែរ មុន​ត្រូវ​បាន​បណ្ដេញ​ពី​តួនាទី​ក្នុង​ខែ​មករា​ឆ្នាំ​២០២០ បន្ទាប់​ពី​កាន់​តំណែង​បាន​៣​ឆ្នាំ​។

បុរស​ជនជាតិ​អេស្ប៉ាញ​រូបនេះ​ក៏​បាន​ដឹកនាំ Olympiacos ឈ្នះ​ជើងឯក Super League ​Greece ៣​ដង (២០០៨-០៩, ២០១០-១១, ២០១១-១២), Greek Cup ២ដង (២០០៨-០៩, ២០១១-១២), ដឹកនាំ Atheltic Bilbao ឈ្នះ Supercopa de Espana 2015 និង​ដឹកនាំ Espanyol រង​ជើងឯក UEFA Cup 2006-07 ផង​ដែរ​។ លោ​ក​មិន​ធ្លាប់​​ធ្វើការ​ក្នុង​បាល់ទាត់​អង់គ្លេស​ទេ ប៉ុន្តែ​​គ្រូ​បង្វឹកដែល​ធ្លាប់​ដឹកនាំ Villarreal និង Valencia ផង​ដែរ​នោះ ​ចេះ​និយាយ​​ភាសា​អង់គ្លេស​​។

ក្លិប​បិសាច​ក្រហម​​គិត​ថា​ការតែងតាំង​លោក Mauricio Pochettino ភ្លាម​ៗ​ក្នុង​​ដំណាក់​កាល​នេះ​​ប្រហែល​មិន​​សូវ​ចាំបាច់​ពេក​ដូច​ការ​លើក​ឡើង​មួយ​ចំនួន​ឡើយ​។

ហើយ​​ម្យ៉ាង​ទៀត លោក Pochettino ដែល​នឹង​ដឹកនាំ Paris St Germain ​ប្រកួត Champions League ក្នុង​ទីក្រុង Manchester នៅ​ទឹកដី Man City យប់​ថ្ងៃ​ពុធ​នេះ និយាយ​ថា​លោក​កិច្ចសន្យា​របស់​លោក​ជាមួយ PSG មាន​សុពលភាព​ដល់​ឆ្នាំ​២០២៣​។ លោក​​​«សប្បាយ​ចិត្ត​ណាស់​នៅ PSG»​និង​ថា​អ្វី​ដែល​ក្លិប​ដទៃ​កំពុង​ធ្វើ​មិនមែន​ជា​កិច្ចការ​របស់​លោក​ឡើយ។ លោក​ជា​អតីត​កីឡាករ PSG, លោក​ស្រឡាញ់​ក្លិប​និង​ស្រឡាញ់​អ្នក​គាំទ្រ​ក្លិប​នេះ។ លោកផ្ដោត១០០%លើការងារនៅ PSG ដែលកំពុងប្រកួតប្រជែងយកពាន Ligue 1 និង Champions League។ លោក​មិន​និយាយ​អ្វី​ផ្សេង​ពីនេះ​ឡើយ ព្រោះ​ខ្លាច​មាន​កំហុស​។ លោក​រំឭក​ថា​កាល​លោក​នៅ​ Espanyol លោក​បាន​និយាយ​ថា​ក្ដី​ស្រមៃ​របស់​លោក​គឺ​ចង់​ជួប​ Sir Alex Ferguson។ ប៉ុន្តែ​ពេលនេះ​លោក​មិន​និយាយ​អ្វី​ឡើយ​ព្រោះ​វា​នឹង​ត្រូវ​បាន​គេ​យល់​ច្រឡំ​ហើយ​ខុស​បរិបទ​​៕