Skip to content
ការប្រកួតលីគព័រទុយហ្គាល់​ត្រូវ​បាន​បោះបង់ចោល​ក្រោយ Benfica​ នាំមុខ៧គ្រាប់ ខណៈគូប្រកួតសល់គ្នាតែ៦នាក់
    ទំព័រដើម  »  កីឡាជាតិ

ការប្រកួតលីគព័រទុយហ្គាល់​ត្រូវ​បាន​បោះបង់ចោល​ក្រោយ Benfica​ នាំមុខ៧គ្រាប់ ខណៈគូប្រកួតសល់គ្នាតែ៦នាក់

ការប្រកួតបាល់ទាត់លីគកំពូលព័រទុយហ្គាល់រវាង Belenenses និង Benfica យប់ថ្ងៃសៅរ៍ទី២៧​ខែ​វិច្ឆិកា​ត្រូវ​បាន​បោះបង់ចោល​ក្នុងវគ្គ​ទី​២ បន្ទាប់​ពី​ម្ចាស់ផ្ទះ​សល់​កីឡាករ​តែ​៦​នាក់​លើ​ទីលាន ខណៈ​ Benfica កំពុង​នាំ​មុខ​៧-០​។

ក្នុងការ​ប្រកួតយប់មិញ ម្ចាស់ផ្ទះ Belenenses ត្រូវ​បង្ខំ​ចិត្ត​លេង​ទាំង​មាន​កីឡាករ​ត្រឹម​៩​នាក់ ហើយ​ក្នុងនោះ​២​នាក់​ជា​អ្នកចាំទី បន្ទាប់​ពីកីឡាករ​​ក្រុម​នេះ​ឆ្លង​កូវីដ​​អស់​១៧​នាក់​។

មុន​ការ​ប្រកួត​ចាប់​ផ្ដើម កីឡាករ Belenenses ​បាន​បង្ហោះ​សារ​រួម​គ្នា​ថា​៖ «បាល់ទាត់​មាន​បេះដូង​តែ​នៅ​ពេល​វា​មានភាព​ប្រកួត​ប្រជែងប៉ុណ្ណោះ​។ បាល់ទាត់​មាន​បេះដូង​តែ​នៅពេល​វា​មាន​ស្មារតី​ពិត​ប្រាកដ​​កីឡា​ប៉ុណ្ណោះ​។ បាល់ទាត់​មាន​បេះដូង​តែ​នៅ​ពេល​វា​មាន​ភាព​ជា​គំរូ​នៃ​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​។ ​នៅ​ថ្ងៃ​នេះ​បាល់ទាត់​បាន​បាត់បង់​បេះដូង​​របស់​វា​ហើយ»។

Benfica បាន​នាំមុខ​៧-០​ក្នុង​វគ្គ​ទី​១ ដោយបាល់​ចូល​ទី​ខ្លួន​ឯង​របស់ Edouardo Kapu របស់ Belenenses ​ក្នុងនាទីទី​១ ខណៈ

​អ្នកចាំទី Joao Monteiro ​របស់ពួក​គេ​លេងជា​ខ្សែការពារ​។ Benfica ត្រួតត្រា​សាច់បាល់​៨៥​% ហើយ Haris Seferovic រកបាន​២​គ្រាប់, Julian Weigl រកបាន​១​គ្រាប់ និង Darwin Nunez ធ្វើ​បានហ៊ែតទ្រីគ​។

ក្រោយ​ចាប់ផ្ដើម​វគ្គ​ទី​២​បាន​១​នាទី កីឡាករ Monteiro ដួល​នៅលើ​ទីលាន រួច​ហើយ​អាជ្ញាកណ្ដាល​បាន​​បោះបង់​ការ​ប្រកួតចោល ដោយសារ​គូ​ប្រកួត​ម្ខាង​សល់​កីឡាករ​តែ​៦​នាក់ គឺនៅ​ក្រោម​លក្ខខណ្ឌអប្បបរមា​ដែល​យ៉ាងហោច​ត្រូវ​មាន​កីឡាករ​៧​នាក់​លើ​ទីលាន​ទើប​អាច​ប្រកួត​បាន​។

ក្រោយ​ការ​ប្រកួត ខ្សែ​បម្រើ​ប្រយុទ្ធ​ព័រទុយហ្គាល់ Bernardo Silva របស់​ក្លិប Manchester City ​បាន​បង្ហោះ​ថា​៖ «តើនេះជា​អ្វី​ហ្នឹង? តើខ្ញុំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មិន​យល់​ថា​ហេតុអ្វី​បាន​ជា​ការ​ប្រកួត​នេះ​មិនត្រូវ​បាន​ផ្អាក?»៕