Skip to content
Messi ថា Lewandowski គួរទទួលបាន​ពាន Ballon d’Or 2020
    ទំព័រដើម  »  កីឡាជាតិ

Messi ថា Lewandowski គួរទទួលបាន​ពាន Ballon d’Or 2020

បន្ទាប់ពី​​ឈ្នះ​ពាន Ballon d’Or 2021 ដែល​ជា​ការ​ឈ្នះ​​លើក​ទី​៧​ក្នុង​អាជីព​របស់​ខ្លួន កំពូល​ខ្សែ​ប្រយុទ្ធ Lionel Messi បាន​បញ្ចេញ​យោបល់​ថា France Football ដែ​ល​ជា​អង្គភាព​រៀបចំ​ពាន Ballon d’Or គួរ​តែ​ផ្ដល់​ពាន Ballon d’Or 2020 ជូន Robert Lewandowski​។

Lewandowski បានលេខ២ក្នុងការប្រកួតប្រជែងពាន Ballon d’Or 2021 នេះ ដោយ​ទទួល​បាន​៥៨០​ពិន្ទុ នៅ​ក្រោម Messi ​ដែល​ទទួល​បាន​៦១៣​ពិន្ទុ ខណៈ Jorginho លេខ​៣ ដោយ​ទទួល​បាន​៤៦០​ពិន្ទុ​។

​ឆ្នាំ​២០២០​ Lewandowski បាន​ឈ្នះ​ពាន UEFA Champions League ជាមួយ Bayern Munich និង​រកបាន​៥៥​គ្រាប់សម្រាប់​ក្លិប​​ក្នុង​រដូវកាល​២០១៩-២០​នោះ តែ France Football បាន​លុបចោល​ពាន Ballon d’Or 2020 ដោយសារ​​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។

ក្នុងរ​ដូវកាល​២០២០-២១ Lewandowski រក​បាន​៤៨​គ្រាប់សម្រាប់​ Bayern ដោយក្នុងនោះ​៤១​គ្រាប់​ក្នុង Bundesliga និង​បាន​ឈ្នះ​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​ថែម​ទៀត​ផង​​។ បើសរុប​ទាំង​គ្រាប់​សម្រាប់​ជម្រើស​ជាតិ​ប៉ូឡូញ​ទៀត Lewandowski រក​បាន​៦៤​គ្រាប់​ក្នុង​ឆ្នាំ​២០២១​នេះ​។ ហើយ​បើ​គិត​ក្នុងរ​ដូវកាល​ថ្មី​២០២១-២២​នេះ ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប៉ូឡូញ​វ័យ​៣៣​ឆ្នាំ រក​បាន​២៥​គ្រាប់​រួច​ហើយ​មក​ទល់​ពេលនេះ​​សម្រាប់​ក្លិប​យក្ស​អាល្លឺម៉ង់។

ក្នុង​ពាន Ballon d’Or 2021 នេះ ថ្វីបើ Lewandowski បាន​លេខ​២ ហើយ Messi បាន​លេខ​១ ប៉ុន្តែ Lewandowski បាន​ឈ្នះ​ពាន ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ «Striker of the Year» ជំនួស​វិញ។

ក្នុង​ការ​ថ្លែង​មតិ​របស់​ខ្លួន​ពេល​ទទួល​បាន​ពាន Ballon d’Or ​លើក​ទី​៧​ជា​​ឯតទគ្គកម្ម កំពូល​ខ្សែប្រយុទ្ធ​អាហ្សង់ទីន Messi ដែល​បច្ចុប្បន្ន​លេង​ឱ្យ PSG និយាយ​ថា​៖ «ខ្ញុំ​ចង់​ប្រាប់ Robert (Lewandowski)​ថា វា​ជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ​ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ​គាត់​។ អ្នក​សម​នឹង​ទទួល​បាន​ពាន Ballon d’Or របស់​អ្នក​។ ឆ្នាំ​មុន គ្រប់​គ្នា​បាន​យល់​ស្រប​ថា​អ្នក​គឺជា​ម្ចាស់​ពាន Ballon d’Or​។ ខ្ញុំគិត​ថា France Football គួរ​ផ្ដល់​ពាន Ballon d’Or ​របស់​អ្នក​ជូន​ដល់​អ្នក ហើយ​អ្នក​គួរ​តែ​ទទួល​បាន​ពាន​នេះ ព្រោះ​អ្នក​សម​នឹង​ទទួល​បាន​។ ខ្ញុំ​សង្ឃឹម​ថា France Football អាច​ផ្ដល់​ពាន​ Ballon d’Or 2020 ដល់​អ្នក ដូច្នេះ​អ្នក​អាច​មាន​ពាន​មួយ​នេះ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ព្រោះ​អ្នក​ជា​អ្នក​ស័ក្ដិសម​​ឈ្នះ​តែ​ម្នាក់​គត់​ក្នុង​ឆ្នាំ​២០២០។ អ្នក​ត្រូវ​តែ​មាន​ពាន​នេះ​នៅ​ក្នុង​ផ្ទះ»។

ដោយឡែក សូ​ម​ជម្រាប​ថា ក្នុង​ឆ្នាំ​២០២១ Messi ​បាន​ឈ្នះ​​ជើងឯក​ទ្វីប​អាមេរិក​ខាង​ត្បូង Copa America ជាមួយ​អាហ្សង់ទីន ដែល​ជា​ពាន​​អន្តរជាតិ​ខ្នាត​ធំ​លើក​ដំបូង​របស់​គេ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​។ កីឡាករ​វ័យ​៣៤​ឆ្នាំ​ក៏​បាន​ឈ្នះ​ពាន Copa del Rey ជាមួយ Barcelona និង​បាន​ឈ្នះស្បែក​ជើង​មាស La Liga 2020-21 ទៀត​ផង​។

Messi និយាយ​ថា​​វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​ដែល​គេ​បាន​ឈ្នះ​ពាន Ballon d’Or ម្ដង​ទៀត​ ហើយ​​គេ​គិត​ថា​អ្វី​ដែល​អាហ្សង់ទីន​បាន​ធ្វើ​ក្នុង​ពាន Copa America រួម​ចំណែក​ធំ​ក្នុង​ការ​ជួយ​ឱ្យ​គេ​ឈ្នះ​ Ballon d’Or 2021 នេះ​។

Messi ​រំឭក​ថា ២​ឆ្នាំ​មុន គេ​បាន​និយាយ​ថា​នោះ​ជា​ឆ្នាំ​ចុង​ក្រោយ​របស់​គេ​ហើយ ហើយ​គេ​មិនដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ខាងមុខ​ទេ។ កាលណោះ មាន​គេ​ចាប់ផ្ដើម​សួរ Messi ​ថា​តើ​នឹង​ចូល​និវត្តន៍​នៅ​ពេល​ណា តែ​ឥឡូវ​នេះ​​គេ​នៅ​ប៉ារីស ហើយ​ឈ្នះ​ពាន Ballon d’Or ម្ដង​ទៀត​។ Messi សង្កត់​ធ្ងន់​ថាគេ​បាន​មាន​អារម្មណ៍​សោកសៅខ្លាំងចំពោះ​រឿង​មួយ ប៉ុន្តែ​ពេលនេះ​​គេ​រំភើប​ចិត្ត​ណាស់​ហើយ​គេ​នឹង​បន្ត​​​ព្យាយាម​​ក្នុងការ​ប្រកួត​ប្រជែង​ថ្មី​ៗ​បន្ត​ទៀត​៕

ប្រភព&រូបថត៖ Marca