Skip to content
Dani Alves យល់ថា​ពាន Ballon d’Or 2021 គួរផ្ដល់​ជូន​កីឡាករផ្សេង​​ម្នាក់នេះ​ជាជាង Messi
    ទំព័រដើម  »  កីឡាជាតិ

Dani Alves យល់ថា​ពាន Ballon d’Or 2021 គួរផ្ដល់​ជូន​កីឡាករផ្សេង​​ម្នាក់នេះ​ជាជាង Messi

Lionel Messi ទទួល​បាន​ពាន Ballon d’Or ជា​លើក​ទី​៧​ក្នុងអាជីព​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ទី​២៩​ខែ​​វិច្ឆិកា​ឆ្នាំ​២០២១ ប៉ុន្តែ​អតីត​មិត្ត​រួមក្រុម Messi នៅ Barcelona គឺ Dani Alves យល់​ថា​ Ballon d’Or 2021 គួរ​ផ្ដល់​ជូន Christian Eriksen ជំនួស​វិញ ដើម្បី​ផ្ញើសារ​ប្រាប់​ពិភពលោក​ថា​«ជីវិត​​»គឺ​សំខាន់​ជាង​កីឡា​​។

ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​ដាណឺម៉ាក Eriksen ​វ័យ​២៩​ឆ្នាំ បាន​ដួល​លើ​ទីលាន​អំឡុង​ការ​ប្រកួត Euro 2020 ទល់​នឹង ហ្វាំងឡង់ ដោយសារ​បញ្ហា​គាំងបេះដូង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។

បច្ចុប្បន្ន Eriksen ​វិល​មក​សភាព​ធម្មតា​ ប៉ុន្តែ​បាន​ដាក់​បញ្ចូល​ឧបករណ៍ជំនួយ​បេះដូង (ICD) ហើយ​អាជ្ញាធរ​បាល់ទាត់​អ៊ីតាលី​បាន​ប្រកាស​ថា Eriksen មិនអាច​លេងកីឡា​អាជីព​ក្នុង​ប្រទេស​អ៊ីតាលី​បាន​ឡើយ ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​គេ​មិន​អាច​លេង​ឱ្យ​ក្លិប​របស់​គេ​ Inter Milan ​បាន​ ហើយ Inter ​បាន​បើក​ចំហ​សម្រាប់​ការ​ចាកចេញ​របស់​ Eriksen ដើម្បី​ទៅចូល​រួមក្លិប​ថ្មី​ដែល​អាច​អនុញ្ញាត​ឱ្យ​គេ​លេង​បាល់ទាត់អាជីព​ឡើង​វិញ​បាន​។ ដូច​ជា​ខ្សែការពារ​ហុល្លង់ Daley Blind របស់​ក្លិប Ajax ក៏​កំពុងលេង​បាល់ទាត់អាជីព​ទាំង​មាន​ឧបករណ៍​ជំនួយ​បេះដូង​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៩​មក​។

តាមរយៈ​រឿងហេតុ​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០២១​នេះ Alves ដែល​ទើប​ត្រលប់​មក​​ចូលរួម​ Barcelona ជា​លើក​ទី​២ និយាយ​ថា​៖ «ខ្ញុំ​គិត​ថា Messi ជា​បេក្ខជន​ដ៏លេចធ្លោ​មួយ​សម្រាប់​ពាន Ballon d’Or​។ គាត់​មាន​គ្រប់​លក្ខណៈ​សម្បត្តិ​ដើម្បី​ឈ្នះ​ពាន​នេះ​ម្ដង​ទៀត​។ ប៉ុន្តែ​និយាយ​ដោយ​ស្មោះត្រង់ ឆ្នាំ​នេះ​សម្រាប់​ខ្ញុំ គ្រប់​ពាន​ឯកត្តជន​ទាំង​អស់​គួរ​ត្រូវបាន​ផ្ដល់​ជូន Eriksen ពីព្រោះ​ពួក​យើង​ត្រូវ​ផ្ញើសារ​ទៅ​​​ពិភពលោក​ថា​ជីវិត​គឺ​សំខាន់​ជាង​បាល់ទាត់។ ហើយនៅ​ពេលមាន​មនុស្ស​ម្នាក់​ត្រលប់​មក​វិញ​ដូច​អ្វី​ដែល Eriksen ​បាន​ធ្វើ បន្ទាប់​ពី​រឿងរ៉ាវ​គ្រប់​យ៉ាង​ដែល​ពួក​យើង​បាន​ឆ្លង​កាត់ រួម​ទាំង​កូវីដ​១៩​ដែល​កំពុង​បន្ត​និង​បញ្ហា​ដទៃ​ទៀត​ផង​នោះ ខ្ញុំ​គិត​ថា​ពួក​យើង​​អាច​ផ្ញើសារ​ទៅ​គ្រប់​គ្នា​ថា​មាន​បញ្ហា​នានា​​ដែល​សំខាន់​ជាង​កីឡា»។

ដោយឡែក គួរ​ជម្រាប​ផង​ដែរ​ថា Dani Alves ​វ័យ​៣៨​ឆ្នាំ បាន​បដិសេធ​សំណើ​របស់​ក្លិប​ម៉ិកស៊ីកូ​ចំនួន​២​ដើម្បី​ត្រលប់​មក​ចូល​រួម Barcelona កាល​ពី​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​ឆ្នាំ​២០២១ បន្ទាប់​ពី​បាន​ចាកចេញពី​ក្លិបនេះ​ក្នុងរដូវ​ក្ដៅ​ឆ្នាំ​២០១៦​៕

ប្រភព៖ Marca