Skip to content
FIFA Club World Cup 2021៖ គូប្រកួតនិងកាលបរិច្ឆេទត្រូវបានបញ្ជាក់
    ទំព័រដើម  »  កីឡាជាតិ

FIFA Club World Cup 2021៖ គូប្រកួតនិងកាលបរិច្ឆេទត្រូវបានបញ្ជាក់

ការប្រកួតដណ្ដើមជើងឯកក្លិបបាល់ទាត់ពិភពលោក FIFA Club World Cup 2021 នឹងធ្វើ​នៅ​អារ៉ាប់រួម​អេមីរ៉ាត់ ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០២២ ដោយ​មាន​ជើងឯក​មក​ពី​៦​ទ្វីប​ផ្សេង​គ្នា និង​ក្លិប​​ជើងឯក​លីគ​កំពូល​របស់​ប្រទេស​ម្ចាស់​ផ្ទះ​មួយ​ផង​ដែរ​។

Chelsea ជើងឯក UEFA Champions League 2020-21

ក្រុម​គីឡូធ្ងន់​២​ដែល​ជា​បេក្ខភាព​សង្ឃឹម​លើកពាន​​ប្រចាំ​ឆ្នាំ​ គឺ​ជើងឯក​ទ្វីប​អឺរ៉ុប និង​ជើងឯក​ទ្វី​ប​អាមេរិក​ខាង​ត្បូង ដូច​សព្វ​មួយ​ដង ត្រូវ​បាន​ដាក់​​ឱ្យ​រង់ចាំ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​នៅ​ខ្នែង​​ផ្សេង​គ្នា​​។

Palmeiras របស់ប្រេស៊ីល ជើងឯក Copa Libertadores 2021

ហើយ​ជា​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត​កាល​ថ្ងៃ​ចន្ទ​ទី​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០២១ នៅ​ខ្នែង​ខាង Chelsea ដំបូង​ក្រុម​ជើងឯក​លីគ​កំពូល​អារ៉ាប់រួម​អេមីរ៉ាត់ Al Jazira ​ត្រូវ​ប្រកួត​ជុំ​បឋម​ជាមួយក្រុមតំណាងទ្វីបអូសេអានី Auckland City ដែលត្រូវបានជ្រើសរើសដោយ OFC ដោយផ្អែកលើចំណាត់ថ្នាក់និងលទ្ធផលក្នុងរយៈពេលពី២០១៦ដល់២០២០នៃក្រុមទាំងអស់​ក្នុងពាន OFC Champions League បន្ទាប់ពីពាន OFC Champions League 2021 ត្រូវបានលុបចោលដោយសារបញ្ហាកូវីដ១៩​។ អ្នក​ឈ្នះ​នឹ​ង​ឡើង​ទៅ​ជុំ​ទី​២ ប៉ះ​ជើងឯក​ទ្វីប​អាស៊ី Al Hilal ដើម្បី​ដណ្ដើម​កៅអី​ទៅ​ជួប​ម្ចាស់​ពាន UEFA Champions League ក្នុង​ពាក់​៤​ក្រុម​ចុង​ក្រោយ​។

Al Hilal របស់អារ៉ាប៊ីសាអ៊ូឌីត ជើងឯក AFC Champions League 2021

នៅខ្នែង​ខាង Palmeiras ដែល​ជា​ជើងឯក Copa Libertadores វិញ ក្រុម​របស់​ប្រេស៊ីល​មួយ​នេះ ​កំពុង​រង់ចាំ​អ្នក​ឈ្នះ​រវាង​ជើងឯក​ទ្វីប​អាហ្វ្រិក Al Ahly និង​ជើងឯក​ខុនខាខាហ្វ Monterrey ដើម្បី​ប្រកួតគ្នា​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

Al Ahly របស់អេហ្ស៊ីប ជើងឯក CAF Champions League 2021

កាល​បរិច្ឆេទ​ជុំ​ទី​២​និង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅមិនទាន់​សម្រេច​ទាំង​ស្រុងនៅឡើយ តែ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​គឺ​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​៕

Al Jazira ជើងឯក​លីគកំពូល​អារ៉ាប់រួមអេមីរ៉ាត់
Monterrey របស់ម៉ិកស៊ីកូ ជើងឯក CONCACAF Champions League 2021
Auckland City របស់នូវែលហ្សេឡង់ តំណាងទ្វីបអូសេអានី

រូបថត​៖ FIFA