Skip to content
CR7 បកស្រាយតប​ការ​និយាយមិនពិតមកលើខ្លួន​ប្រឆាំង Messi ក្នុងពាន Ballon d’Or
    ទំព័រដើម  »  កីឡាជាតិ

CR7 បកស្រាយតប​ការ​និយាយមិនពិតមកលើខ្លួន​ប្រឆាំង Messi ក្នុងពាន Ballon d’Or

និពន្ធនាយក​ទស្សនាវដ្ដី France Football ដែល​ជា​ស្ថាប័ន​បង្កើត​ពាន Ballon d’Or បាន​និយាយ​​ថា​មហិច្ឆតា​តែ​មួយ​គត់​របស់ Cristiano Ronaldo គឺ​ចង់​ឈ្នះ​ Ballon d’Or ឱ្យបាន​ច្រើន​ជាង Lionel Messi មុន​ចូលនិវត្តន៍​។ ការ​លើកឡើង​នេះ​ត្រូវ​បាន Cristiano Ronaldo ​ចេញមុខ​បដិសេធ​យ៉ាង​ខ្លាំង​ក្លា​ ដោយ​ថា​វា​​ជា​រឿង​មិន​ពិត ​​មិនអាច​ទទួល​យក​បាន​ឡើយ​។

Ronaldo សង្កត់​ធ្ងន់​ថា​គេ​តែង​អបអរ​អ្នក​ឈ្នះ​ពាន Ballon d’Or មិថា​ជា​នរណា​ទេ​ ហើយ​គេ​ចង់​ឈ្នះ​ពាន​នេះ​ក៏​មិនមែន​ដើម្បី​​ប្រជែង​នឹង​នរណា​​ឡើយ ប៉ុន្តែ​គឺ​ដើម្បី​ខ្លួន​ឯង ដើម្បី​ក្លិប​ដែល​គេ​លេង​ឱ្យ និង​ដើម្បី​មនុស្ស​ដែល​ស្រលាញ់​រូប​គេ​។

កំពូល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​វ័យ​៣៦​ឆ្នាំ​មក​ទល់​ពេលនេះ​បាន​ឈ្នះ​ពាន Ballon d’Or ៥លើក ខណៈ Messi បានឈ្នះ​លើក​ទី​៧​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ទី​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​។ ក្នុង​ពាន Ballon d’Or 2021 នេះ Ronaldo ទទួល​បាន​ចំណាត់​ថ្នាក់​ទី​៦ ដ្បិត​បាន​ពិន្ទុ​តិច​ជាង Messi, Robert Lewandowski, Jorginho, Karim Benzema និង N’Golo Kante តាម​លំដាប់​។ Ronaldo ពុំ​មាន​វត្តមាន​នៅ​ក្នុងពិធី​ប្រគល់​ពាន​រង្វាន់នៅ​ប៉ារីស​ឡើយ​​​យប់មិញ​។

និពន្ធនាយក France Football លោក Ferre បាន​និយាយ​ប្រាប់​សារព័ត៌មាន New York Times ថា៖ «Ronaldo មាន​មហិច្ឆតា​តែ​១​គត់ ហើយនោះ​គឺ​ការ​ចូល​និវត្តន៍​ដោយ​មាន​ពាន Ballon d’Or ​ច្រើនជាង Messi….ហើយខ្ញុំ​ដឹង​រឿងនេះ​ដោយសារ​គាត់​បាន​ប្រាប់​ខ្ញុំ»។

ប៉ុន្តែ​តារា​ក្លិប Manchester United : Ronaldo បាន​បង្ហោះ​សេចក្ដី​ថ្លែងការណ៍​ច្បាស់​ៗ​លើ​គណនី Instagram តប​ចំៗ​សំដៅ​លោក Pascal Ferre​​​​។

សេចក្ដី​ប្រកាស​របស់ CR7 មាន​អត្ថន័យ​ថា​៖ «លទ្ធផល​ថ្ងៃនេះពន្យល់​អំពី​មូលហេតុ​ដែល Pascal Ferre និយាយ​សប្ដាហ៍​មុន ដែល​គាត់​បាន​អះអាង​ថា​ខ្ញុំ​បាន​ប្រាប់​រឿង​សម្ងាត់​ដល់​គាត់​ថា​មហិច្ឆតា​តែ​១​គត់រ​បស់​ខ្ញុំ​គឺ​ការ​បញ្ចប់​អាជីព​ដោយ​ឈ្នះ​ពាន​បាល់មាស​ច្រើន​ជាង Lionel Messi​។ Pascal Ferre ​បាននិយាយ​កុហក​។ គាត់​បាន​ប្រើ​ឈ្មោះ​របស់​ខ្ញុំ​ដើម្បី​ផ្សព្វផ្សាយអំពី​ខ្លួន​ឯងនិង​ដើម្បី​ផ្សព្វផ្សាយ​កន្លែង​ដែល​គាត់​ធ្វើការ​ឱ្យ។ វា​មិនអាច​ទទួល​យក​បាន​ឡើយ​ដែល​មនុស្សម្នាក់​ដែល​មានភារៈ​ផ្ដល់​ពាន​រង្វាន់​ដ៏​មាន​កិត្យានុភាព​បែប​នេះ​អាច​និយាយ​កុហក​របៀប​នេះ​ទៅ​បាន ដោយ​គ្មាន​ការគោរព​ទាល់តែសោះ​ចំពោះ​មនុស្ស​ម្នាក់​ដែល​តែងតែ​គោរព​អង្គភាព France Football និង​ពាន Ballon d’Or​។ ហើយ​នៅ​ថ្ងៃនេះ គាត់​បាន​និយាយ​កុហក​ម្ដង​ទៀត​ហើយ​ ដោយ​អះអាង​ថា​អវត្តមាន​របស់​ខ្ញុំពី​កម្មវិធី​គឺ​ដោយសារ​ខ្ញុំ​ជាប់​ធ្វើ​ចត្តាឡីស័ក ដែល​ជា​​សម្ដី​គ្មាន​ហេតុផល​ទាល់​តែ​សោះ។ ខ្ញុំ​តែងតែ​ចង់​អបអរសាទរក្នុង​ស្មារតី​អ្នក​កីឡា​និង​គោលការណ៍ fair-play ​ដែល​ខ្ញុំ​តែងតែ​ប្រកាន់​ខ្ជាប់​តាំង​ពីដើម​ទី​មក​ ចំពោះ​អ្នក​ដែល​​ឈ្នះ​ពាន ​ហើយ​ខ្ញុំ​ធ្វើ​បែបនេះ​ព្រោះ​ខ្ញុំ​មិនដែល​ប្រឆាំង​នឹង​នរណា​ម្នាក់​ឡើយ។ ខ្ញុំ​តែងតែចង់​​ឈ្នះ​ដើម្បី​ខ្លួន​ឯង​និង​ដើម្បី​ក្លិប​ដែល​ខ្ញុំ​លេង​ឱ្យ​។ ខ្ញុំ​ចង់​ឈ្នះដើម្បី​ខ្លួន​ឯង​និង​មនុស្ស​ដែល​ស្រឡាញ់​ខ្ញុំ​។ ខ្ញុំ​មិនមែនចង់​​ឈ្នះ​ដើម្បី​ប្រឆាំង​នឹង​នរណា​ម្នាក់​ទេ​។ មហិច្ឆតា​ធំ​បំផុត​ក្នុង​អាជីព​របស់​ខ្ញុំ​គឺ​ចង់​ឈ្នះ​ពាន​ជាតិ​និង​អន្តរជាតិ​ទាំង​ឡាយ​សម្រាប់​ក្លិប​ដែល​ខ្ញុំ​លេង​ឱ្យ​និង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ក្នុង​ប្រទេស​របស់​ខ្ញុំ​។ មហិច្ឆតា​ធំ​បំផុត​​ក្នុង​អាជីព​របស់​ខ្ញុំ​គឺ​ធ្វើ​ជា​គំរូ​ល្អ​មួយ​សម្រាប់​អ្នក​ទាំង​អស់​ដែល​ជា​និង​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​។ មហិច្ឆតា​ធំ​បំផុត​ក្នុង​អាជីពរបស់​ខ្ញុំ​គឺ​​ធ្វើ​ឱ្យ​ឈ្មោះ​​​របស់​ខ្ញុំ​ត្រូវ​បាន​ចារ​ក្នុង​ក្រាំងមាស​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក»។

«ខ្ញុំ​នឹង​បញ្ចប់​សេចក្ដី​ដោយ​​ការ​និយាយ​ថា​ការ​ផ្ដោត​របស់​ខ្ញុំ​គឺ​មាន​រួច​ទៅ​ហើយ​សម្រាប់​ការ​ប្រកួត​បន្ទាប់​របស់​ Manchester United និង​លើ​គ្រប់​យ៉ាង​ដែល​ពួក​យើង​នៅ​តែ​​អាច​សម្រេច​បាន​ក្នុង​រដូវកាល​នេះ​ជាមួយ​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​និង​អ្នក​គាំទ្រ​​។ ចុះ​រឿង​ផ្សេងទៀត? រឿងផ្សេង​ទៀត​គឺ​គ្រាន់​តែ​ជា​រឿងផ្សេង​ទៀត…»៕