Skip to content
ខ្លាំងមែន! ខ្សែការពារ Gabriel របស់ Arsenal វាយតដៃជាមួយចោ.រប្ល.ន់.​ឱ្យ​រត់ផាសក្រញាំ
    ទំព័រដើម  »  កីឡាជាតិ

ខ្លាំងមែន! ខ្សែការពារ Gabriel របស់ Arsenal វាយតដៃជាមួយចោ.រប្ល.ន់.​ឱ្យ​រត់ផាសក្រញាំ

ខ្សែអាត់វីដេអូមួយ​បញ្ចេញ​ដោយ​​នគរបាលក្រុង បានបង្ហាញ​ថា​ខ្សែការពារ​ជនជាតិ​ប្រេស៊ីល Gabriel របស់ Arsenal បាន​ប្រយុទ្ធតដៃ​​យ៉ាង​ក្លាហាន​ទល់​នឹង​ក្រុម​​ចោរប្លន់​ដែលប៉ុនប៉ង​ប្លន់​រថយន្ត​​តម្លៃ​៦​ម៉ឺន​ដុល្លារ​និង​គ្រឿង​អលង្ការ​របស់​គេ​ ឱ្យ​រត់​ផាសក្រញាំ​​។ ហេតុការណ៍​បាន​កើត​ឡើង​ប៉ុន្មាន​ខែ​មុននេះ អំឡុង​ពេល Gabriel នៅ​មាន​របួស​ជង្គង់​មិនទាន់​អាច​ចូលលេង​បាន។

Gabriel និង​ពួកម៉ាក​ម្នាក់​ត្រូវ​បាន​ក្រុម​ចោរ​ប្លន់​២នាក់​តាម​មក​ដល់​ផ្ទះ​ក្នុង​រាត្រីមួយ​​ពេល​ពួក​គេ​ត្រលប់​ពី​ក្រៅ​មក​ផ្ទះ​វិញ​នៅ Barnet ភាគ​ខាង​ជើង​ឡុងដុង​។

ចោរ​ទាំង​២​នាក់​សុទ្ធ​តែ​ពាក់ម៉ាស​បិទ​មុខ​និង​ពាក់មួក​កំណាត់​គ្រប​ក្បាល ដើរ​ចូល​ទៅ​កន្លែង​ដាក់​ឡាន​របស់ Gabriel។ ចោរឈ្មោះ Abderaham Muse ​​ដែលមាន​ដំបងបេស្បល​នៅ​នឹង​ដៃ​ផង​នោះ បាន​ប្រើ​ដំបង សម្លុត Gabriel ឱ្យ​ប្រគល់​សោរ​ឡាន Mercedes ទូរសព្ទដៃ និង​នាឡិកា នៅ​ពេល Gabriel ចុះ​ពី​ឡាន​​ជាមួយពួកម៉ាក​ឈ្មោះ Rodrigo Tavares។

ពេលនោះ Gabriel បាន​លើក​ដៃ​ទាំង​២​​ឡើង​លើ រួច​ហុច​សោរ​ឡាន​និង​ដោះ​នាឡិកា​ឱ្យចោរ។ រួច ចោរឈ្មោះ Muse បាន​វាយ​ដោយ​ដំបង​ទៅលើ Gabriel តែ​ភ្លាម​នោះ ខ្សែការពារ Arsenal វ័យ​២៣​ឆ្នាំ ប្រតិកម្មរហ៍ស​ជាង​និងបាន​ចាក់​មុខ​ចោរ រួច​ក្របួច​ដៃចោរជាប់។ ជនរងគ្រោះនិងជនល្មើស បាន​ប្រវាយប្រតប់ ​ប្រទាញប្រទង់​គ្នា​មួយ​សន្ទុះ រួច​ហើយចោរ​ទាំង​២​ក៏​បាន​រត់​​ផាស​ក្រញាំ​ដើម្បី​គេច​ខ្លួន​ ខណៈ​មាន​ដៃទី៣​ម្នាក់​ទៀត​នៅ​រង់ចាំ​នៅ​មាត់​ទ្វារ​ចូល​ដើម្បី​ធានា​ថា​ទ្វារ​មិនជាប់​សោរ​អេឡិចត្រូនិច ដើម្បី​រត់ចេញ​បាន​។

ជនល្មើស Muse ​វ័យ​២៦​ឆ្នាំ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ​​ក្នុង​ខែ​មុន បន្ទាប់​ពី​នគរបាលបាន​រក​ឃើញ​ថា​គេ​ក៏​បានពាក់ព័ន្ធ​ក្នុង​បទ​ល្មើស​ប្លន់​ក្នុង​ខែ​សីហា​កន្លង​ទៅ តាម​រយៈ DNA ពី​មួក​របស់​គេ​ដែល​បាន​ជ្រុះ​អំឡុងពេល​ប្រតាយប្រតប់គ្នា​។

ព្រះរាជអាជ្ញារ Martin Lewis បាន​និយាយ​ក្នុង​សវនាការ​ថា​ជនរងគ្រោះ​ពុំ​រង​របួស​អ្វីទេ ប៉ុន្តែជន​ល្មើស​បាន​បង្ក​ឱ្យមាន​ភាព​តក់ស្លុត​ដ៏ធំ​មួយ​។

Muse ជាអ្នក​មកពី Tottenham មាន​ប្រវត្តិ​ជាប់​ទោស​តាំង​ពី​២០០៩​មក​ម្ល៉េះ​ដែល​កាលណោះ​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់​។ គេ​ក៏​ធ្លាប់​ជាប់​ទោស​៥៦​ខែ​ពី​បទ​រក្សា​ទុក​ហេរ៉ូអ៊ីន​ក្នុង​បំណង​ចែកចាយ​​ផង​ដែរ​​។

គួររំឭក​ផង​ដែរថា កាល​ពីខែ​កក្កដា​​ឆ្នាំ​២០១៩​កន្លង​ទៅ ខ្សែការពារ Arsenal ផ្សេងទៀតគឺ Sead Kolasinac និង​អតីត​ខ្សែ​បម្រើ​ឆ្នើម Mesut Ozil ក៏​ត្រូវ​បាន​ចោរ​ប្រដាប់​អាវុធ​តាម​ប្លន់​ផងដែរ ប៉ុន្តែ Kolasinac ​បាន​ប្រយុទ្ធ​តដៃ​ជាមួយ​ចោរ​យ៉ាងអស្ចារ្យ​​។ ក្រុម​ចោរ២​នាក់​នោះ​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​​ក្នុង​ឆ្នាំនោះ​៕

ប្រភព៖ Dailymail