Skip to content
កីឡាករ៥រូប ក្លាយជាកីឡាករល្បីពីការដុសខាត់សមត្ថភាពដោយលោក Rangnick
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

កីឡាករ៥រូប ក្លាយជាកីឡាករល្បីពីការដុសខាត់សមត្ថភាពដោយលោក Rangnick

ក្លិប Manchester United ទើបប្រកាសតែងតាំងលោក Ralf Rangnick ជាអ្នកចាត់ការស្ដីទី កាលពីថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់តំណែងលោក Ole Gunnar Solskjaer ដោយសារលោកដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អ។

លោក Rangnick ត្រូវបានរំពឹងថានឹងមកដឹកនាំក្រុមដោយផ្ទាល់ ជំនួសគ្រូបណ្ដោះអាសន្នរបស់ Man Utd លោក Michael Carrick នៅពេលដែលទិដ្ឋការការងាររបស់លោកត្រូវបានអនុញ្ញាត។

បុរសវ័យ៦៣ឆ្នាំ បានប្រលូកក្នុងអាជីពជាគ្រូបង្វឹករយៈពេល២៥ឆ្នាំមកហើយ ទោះមិនទទួលបានភាពជោគជ័យកាលនៅជាកីឡាករ ប៉ុន្ដែលោកមានជំនាញក្នុងការបណ្ដុះកីឡាករដែលមិនសូវមានអ្នកស្គាល់ ឱ្យក្លាយជាកីឡាករមានកម្រិតល្អប្រសើរ និងកំពុងល្បីឈ្មោះក្នុងវិស័យបាល់ទាត់បច្ចុប្បន្ន។

ជាលទ្ធផលលោក Rangnick ដោះស្រាយលើការដោះដូរកីឡាករនៅក្លិបដែលលោកធ្លាប់ដឹកនាំ ទទួលបានផ្លែការជាទីគាប់ចិត្ត ជាពិសេសបានកែប្រែតម្លៃក្លិបរបស់ Red Bull(Salsburg និង Leipzig) ពី១២០លានអឺរ៉ូ ទៅជា១,២ពាន់លានអឺរ៉ូ។

ក្នុងនោះដែរ មានកីឡាករល្បីឈ្មោះ៥រូប ដែលត្រូវបានលោក Rangnick សម្រួចសមត្ថភាពឱ្យក្លាយជាកីឡាករល្បីឈ្មោះ និងមានតម្លៃផ្ទេររាប់សិបលានអឺរ៉ូ។

១. Sadio Mane

លោក Rangnick បាននាំយកខ្សែប្រយុទ្ធវ័យ២០ឆ្នាំជនជាតិសេណេហ្កាល់ មកចូលក្រុម RB Salzburg អំឡុងពេលលោកនៅជានាយកផ្នែកបច្ចេកទេសរបស់ក្លិបក្នុងក្របខណ្ឌកំពូលអូទ្រីស។

Mane បានសម្រេចការផ្ទេរពីក្លិប Metz មកកាន់ Salsburg ក្នុងខែសីហា ឆ្នាំ២០១២ បន្ទាប់ពីក្លិបបារាំងត្រូវបានជម្រុះចេញពីក្របខណ្ឌ Ligue 1។

ទោះបី Mane លេងនៅ RB Salzburg តែមួយរដូវកាល ប៉ុន្ដែលោក Rangnick និងក្រុមការងារបច្ចេកទេសរបស់ក្លិប មើលឃើញពីសក្ដានុពលរបស់កីឡាករមកពីអាហ្វ្រិករូបនេះ។ Mane បានចាកចេញពីក្លិបក្នុងឆ្នាំ ២០១៤ ទាំងចម្រូងចម្រាស់ ដោយមិនបានចូលរួមប្រកួតដែល ជួយឱ្យ Salzburg ទទួលបានកៅអីប្រកួត UEFA Champions League លើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ពួកគេ។

ប៉ុន្ដែការសម្រេចចិត្តរបស់លោក Rangnick ជាការជម្រើសដ៏ត្រឹមត្រូវបំផុតមួយ ចំពោះអនាគតរបស់ Mane ដោយបានផ្ទេរទៅក្លិប Southampton ក្នុងតម្លៃ ១១,៨លានផោន ហើយកីឡាករជនជាតិសេណេហ្កាល់ រកគ្រាប់បាល់បាន៤៥គ្រាប់សម្រាប់ពួកគេ មុនក្លាយជាកីឡាករឆ្នើមមួយរូបនៅ Liverpool។

២. Erling Haaland

Haaland ជាគ្រាប់ពេជ្យមួយគ្រាប់ទៀត ដែលច្នៃដោយដៃលោក Rangnick នៅក្លិប RB Salzburg។ ថ្វីបើលោក Rangnick មិនមានតួនាទី ក្នុងការផ្ទេរខ្សែប្រយុទ្ធជនជាតិន័រវែសពីក្លិប Molde ដោយផ្ទាល់ក្នុងឆ្នាំ ២០១៨ ប៉ុន្ដែឥទ្ធិពលរបស់លោក បានជំរុញឱ្យ Haaland សម្រេចចិត្តផ្លាស់មក Salzburg។

បច្ចុប្បន្ន Haaland ជាកីឡាករមួយរូប ដែលក្លិបធំៗជាច្រើននៅអឺរ៉ុប ប្រាថ្នាចង់បាន បន្ទាប់ពីគេបានបង្ហាញគុណផលដ៏អស្ចារ្យសម្រាប់ក្រុម Borussia Dortmund ក្រោយចូលរួមក្លិបអាល្លឺម៉ង់ នាដើមឆ្នាំ២០២០។

Manchester United ក៏មានក្ដីរំពឹងខ្ពស់ដែរ ក្នុងការនាំយកកំពូលអ្នកបញ្ចប់ទីវ័យក្មេងរូបនេះ មកពង្រឹងតំបន់ប្រយុទ្ធក្នុងក្រុម ដោយសារទំនាក់ទំនងដ៏ល្អរវាងគេ ជាមួយលោក Rangnick កន្លងមក។

៣. Naby Keita

កីឡាករទី៣ដែលលោក Rangnick បាននាំយកមកក្លិប RB Salzburg គឺជាខ្សែបម្រើកណ្ដាលរបស់ក្លិបហង្សក្រហម Naby Keita។ ដូចដែលបានបញ្ជាក់ពីខាងលើមកហើយថា លោក Rangnick ជាអ្នកជំនាញដុះខាត់សមត្ថភាពកីឡាករដែលមានទេពកោសល្យ ឱ្យក្លាយជាកីឡាករល្បីឈ្មោះបាន។

លោក Rangnick បានធ្វើដំណើរទៅប្រទេសបារាំង ដើម្បីចុះហត្ថលេខាផ្ទេរ Keita ពីក្លិបលីគទី២បារាំង Istres ក្នុងឆ្នាំ២០១៤ ហើយបើយោងតាមការបញ្ជាក់របស់ Keita គេមានទំនុកចិត្តលើ នាយកបច្ចេកទេសជនជាតិអាល្លឺម៉ង់រូបនេះ១០០ភាគរយ។

ខ្សែបម្រើជនជាតិហ្គីណេ ក្រោយមកបានផ្លាស់ទៅចូលរួម RB Leipzig ក្នុងឆ្នាំ២០១៦ ហើយបន្ដសាងភាពលេចធ្លោនៅទីនោះ ដោយរកគ្រាប់បាល់បាន៨គ្រាប់ ក្នុងរដូវកាលនោះ ក្រោមការបង្វឹកដោយលោក Rangnick ដែលចាត់ទុកគេដូចជាកូនប្រុសបង្កើត។

RB Leipzig ទទួលបាន៥៣លានផោន ពីការផ្ទេរ Keita ទៅក្លិប Liverpool ក្នុងឆ្នាំ ២០១៧ ជាគុណសម្បត្តិដ៏ធំមួយរបស់លោក Rangnick។

៤. Demba Ba

អំឡុងការកាន់តំណែងជាគ្រូបង្គោលក្រុម 1899 Hoffenheim លោក Rangnick បាននាំយកកីឡាករកំពុងរះត្រដែត Demba Ban មកចូលក្រុម បើទោះបីជាពេលនោះពួកគេលេងនៅលីគទី២អាល្លឺម៉ង់ ក៏ដោយ។

Demba Ba ជាចំណែកដ៏ធំមួយ ក្នុងរដូវកាលដំបូងរបស់លោក Rangnick ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់ ដោយបានជួយឱ្យ Hoffenheim ឡើងមកកាន់ក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga។

ខ្សែប្រយុទ្ធជនជាតិបារាំង ដែលលេងឱ្យក្រុមជម្រើសជាតិសេណេហ្កាល់ រកគ្រាប់បាល់សរុប៤០គ្រាប់ ក្នុង៤រដូវកាលជាមួយ Hoffenheim មុនពេលចាកចេញទៅចូលរួម West Ham ក្នុងឆ្នាំ២០១១។

៥. Timo Werner

Timo Werner ត្រូវបានលោក Rangnick នាំយកមកចូលរួម RB Leipzig ក្នុងឆ្នាំ២០១៦ ក្នុងតម្លៃផ្ទេរ ១០លានអឺរ៉ូ។ Werner ត្រូវបានចាត់ទុកថា ជាគ្រាប់ពេជ្រកំពុងច្នៃនៅ Leipzig ដោយគេបានក្លាយជាម្ចាស់កំណត់ត្រា Top Scorer នៅទីនោះ ដោយរកបាន៩៥គ្រាប់ពីការបង្ហាញខ្លួន១៥៩លើក។

អ្វីដែលមិនអាចបំភ្លេចបាន នោះគឺទឹកប្រាក់ដ៏ច្រើនដែលលោក Rangnick ជួយឱ្យ Leipzig ទទួលបាន ក្រោយមក Werner បានផ្ទេរទៅចូលរួមក្លិបអង់គ្លេស Chelsea ក្នងឆ្នាំ២០២០ ជាមួយតម្លៃផ្ទេរ ៤៧.៥លានអឺរ៉ូ៕