Skip to content
Alaba-Militao ធ្វើឱ្យអ្នកគាំទ្រ Real Madrid លែងនឹកនាដៃគូការពារ Ramos-Varane ក្នុងពេលត្រឹម១០០ថ្ងៃ
    ទំព័រដើម  »  កីឡាជាតិ

Alaba-Militao ធ្វើឱ្យអ្នកគាំទ្រ Real Madrid លែងនឹកនាដៃគូការពារ Ramos-Varane ក្នុងពេលត្រឹម១០០ថ្ងៃ

Real Madrid បានស្ថិតនៅផ្លូវបំបែកមួយ​អំឡុង​រដូវក្ដៅ​២០២១​នេះ នៅពេល​ពួកគេ​បាត់បង់​ដៃគូ​ការពារ​កណ្ដាល​ដ៏​ជោគជ័យ Sergio Ramos និង Raphael Varane ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ក្លិប​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​ជា​ច្រើន​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​។ ដោយ Varane ​បាន​ផ្ទេរ​ទៅ​ចូល​រួម Manchester United ក្នុងត​ម្លៃ​ប្រហែល​៤១​លានផោន ខណៈ Ramos ទៅ​ចូល​រួម Paris St Germain ដោយ​គ្មាន​តម្លៃផ្ទេរ​ បន្ទាប់ពី​ផុត​កិច្ចសន្យា​។

ប៉ុន្តែ​ក្នុង​រយៈ​ពេល​ត្រឹម​១០០​ថ្ងៃ ដៃគូ​ការពារ​ថ្មី David Alaba និង Eder Militao បាន​ធ្វើ​ឱ្យ​ការ​ចងចាំដៃគូ​ចាស់ Ramos-Varane រសាត់​ឆ្ងាយ​ពី​ដួង​ចិត្ត​អ្នក​គាំទ្រ​ក្រុម​អធិរាជ​ស​។

មនុស្ស​មួយ​ចំនួន​​បាន​អះអាង​ថា​វា​មិន​អាច​ទៅ​រួច​ឡើយ​សម្រាប់ Real ក្នុងការ​បន្ត​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ បន្ទាប់​ពី​បាត់បង់ Ramos និង Varane ​ក្នុង​ពេល​តែ​មួយ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្នកចាត់ការ​ថ្មី Carlo Ancelotti បាន​​និង​កំពុង​ធ្វើការ​យ៉ាង​អស្ចារ្យ​ជាមួយ Militao ដោយ​បាន​បង្កើន​ទំនុក​ចិត្ត​នៃការលេង​របស់​ខ្សែការពារ​កណ្ដាល​ប្រេស៊ីល​វ័យ​២៣​ឆ្នាំ​​​រូបនេះ ខណៈ​​វត្តមាន​នៅ​ក្បែរ​ដោយ​​ខ្សែការពារ​អូទ្រីស​ដ៏​សម្បូរ​បទ​ពិសោធ Alaba ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​ដៃគូការពារ​​ដ៏​រឹងមាំ​។

Real បាន​ចាប់ផ្ដើម​រដូវកាល​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា​ឆ្នាំ​២០២១ ប៉ុន្តែ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី​២៨​ខែ​សីហា​ទើប​ Alaba និង Militao បាន​លេង​ជាមួយគ្នា​ជា​លើក​ដំបូង​នៅ​តំបន់​ការពារ​កណ្ដាល​របស់​ក្រុម​លោក Ancelotti​។

មក​ទល់​ពេលនេះ មានរយៈ​ពេល​១០០​ថ្ងៃហើយ​​តាំង​ពី​ការ​ប្រកួត​ទល់ Real Betis នោះមក ដែល Alaba និង Militao បាន​​ចាប់ដៃគូ​គ្នា​ការពារ​កណ្ដាល ហើយ​ក្រុម​អធិរាជ​ស​កំពុងនាំ​មុខ​យ៉ាង​ត្រដែតនៅ​កំពូល​តារាង La Liga ដ្បិត​មាន​កំពែងប្រព័ន្ធ​​ការពារ​ដ៏​​រឹងមាំ​។

Alaba-Militao បាន​បង្ហាញ​ថា​ពួក​គេ​ជា​កីឡាករ​ដែល​លោក Ancelotti មិនអាច​ទម្លាក់​ពី​ជម្រើស​ដំបូង​បាន ហើយ​ពួក​គេ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​រៀប​ចំ​​យុទ្ធសាស្ត្រ​របស់​លោក Ancelotti​។

អ្នកចាត់ការ​ជនជាតិ​អ៊ីតាលី​រូបនេះ​បាន​និយាយ​យ៉ាង​ពេញ​ចិត្ត​ថា​គុណភាព​របស់​ដៃគូ​ការពារ​ទាំង​២​នាក់​នេះ​គឺ​ល្អ​វិសេស​ណាស់​។ ពួក​គេ​ទាំង​២​មាន​លក្ខណៈ​ផ្សេង​គ្នា​។ Militao កម្លាំង​ខ្លាំង​ណាស់​ ឯ Alaba សម្រប​ខ្លួន​បាន​ល្អ​ណាស់​។ ពួក​គេ​ទាំង​២​យល់​ចិត្ត​គ្នា​និង​ជួយ​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ល្អ​៕

ប្រភព៖ Marca