Skip to content
Vinicius Junior ស្ថិតក្នុងចំណោមខ្សែប្រយុទ្ធឆ្នើម១០រូប ដែលកំពុងប្រជែងស្បែកជើងមាសអឺរ៉ុបរដូវកាលនេះ
    ទំព័រដើម  »  កីឡាជាតិ

Vinicius Junior ស្ថិតក្នុងចំណោមខ្សែប្រយុទ្ធឆ្នើម១០រូប ដែលកំពុងប្រជែងស្បែកជើងមាសអឺរ៉ុបរដូវកាលនេះ

ការស៊ុតបញ្ចូលទីរបស់ Vinicius Junior ក្នុងការប្រកួតជ័យជម្នះ ២-០​ សម្រាប់ Real Madrid លើ Real Sociedad កាលពីចុងសប្ដាហ៍កន្លងទៅ ជាគ្រាប់បាល់ទី១០របស់គេនៅ La Liga ហើយមានតែមិត្តរួមក្រុម Karim Benzema ប៉ុណ្ណោះដែលមានគ្រាប់បាល់ច្រើនជាង ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះក្នុងតារាង Top Scorer នៃលីគកំពូលអេស្ប៉ាញរដូវកាលនេះ។

Real Madrid ជាក្រុមតែមួយគត់នៅក្នុងចំណោមក្រុមនៃលីគធំៗទាំង៥អឺរ៉ុប ដែលមានកីឡាករពីររូប អាចរកគ្រាប់បាល់ចាប់ពី១០គ្រាប់ឡើង ហើយបើបូកសរុបគ្រាប់បាល់របស់ Benzema និង Vinicius ចូលគ្នាពួកគេរកបានសរុប២២គ្រាប់នៅក្នុងលីគ។

Vinicius រកបានសរុប១២គ្រាប់ក្នុងចំណោមការបង្ហាញខ្លួនលើទីលាន២២ប្រកួត គ្រប់ពានរង្វាន់ ហើយគេក៏ជាអ្នកដែល assist គ្រាប់បាល់ឱ្យមិត្តរួមក្រុម៨លើកផងដែរ នៅក្នុងពាក់កណ្ដាលរដូវកាល ២០២១-២២ នេះ។

បន្ទាប់ពីចូលរួម Real Madrid ក្នុងឆ្នាំ២០១៨ Vinicius ហាក់ពិបាកក្នុងការរកគ្រាប់បាល់សម្រាប់ក្រុមអធិរាជស ដោយខ្វះខាតបច្ចេកទេសបញ្ចប់ទី ក្នុង៣រដូវកាលដំបូងរបស់គេនៅ Bernabeu។ ផ្ទុយទៅវិញ ក្នុងរដូវកាលនេះ សមត្ថភាព និងបច្ចេកទេសរបស់គេមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយបច្ចុប្បន្នគេកំពុងឈរនៅលេខរៀងទី១០ ក្នុងតារាងកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតក្នុងលីគអឺរ៉ុប។

Top Scorer បណ្ដោះអាសន្នទាំង១០រូបមានដូចជា៖

១. Robert Lewandowski មាន១៦គ្រាប់

ងាកមកមើលចំណាត់ថ្នាក់បណ្ដោះអាសន្នក្នុងការប្រជែងស្បែកជើងមាសអឺរ៉ុបនាខណៈនេះ តារាឆ្នើម Robert Lewandowski កំពុងនាំមុខ ជាមួយនឹងគ្រាប់បាល់១៦គ្រាប់សម្រាប់ Bayern Munich នៅ Bundesliga ក្នុងរដូវកាលនេះ។ ស្ថិតនៅក្នុងវ័យ៣៣ឆ្នាំ ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញ កំពុងព្យាយាមការពារតំណែងម្ចាស់ស្បែកជើងមាសអឺរ៉ុប(Eruopean Golden Shoes) ហើយអាចនឹងឈ្នះពានរង្វាន់មួយនេះ ពីរលើកជាប់គ្នា។

២. Mohamed Salah / ១៣គ្រាប់

Mohamed Salah កំពុងសម្លឹងឱកាសក្នុងការគ្រងតំណែងជាម្ចាស់ស្បែកជើងមាស Premier League ក្នុងរដូវកាលនេះ និងជួយ Liverpool ព្យាយាមដើម្បីគ្រងជើងឯកលីគកំពូលអង់គ្លេសជាលើកទី២ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។ Salah បន្ដបង្ហាញគុណផលល្អក្នុងក្រុមដែលបង្វឹកដោយលោក Jurgen Klopp ដោយរកគ្រាប់បាល់១៣គ្រាប់ ពីការលេង១៥លើកក្នុង Premier League ជាពិសេសស៊ុតហេទទ្រីគ(hattick) ក្នុងជ័យជម្នះ ០-៥ លើ Man Utd នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១។

២= Dusan Vlahovic / ១៣គ្រាប់

ខ្សែប្រយុទ្ធ ដែលបានជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិស៊ែប៊ី បានចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 ក៏កំពុងបង្កព្យុះភ្លៀងនៅ Serie A ដោយរកគ្រាប់បាល់១៣គ្រាប់ពីការលេង ១៦លើក និងជួយ Fiorentina ឈរនៅលេខរៀងទី៦ ក្នុងតារាងចំណាត់ថ្នាក់លីគកំពូលអ៊ីតាលី។

៤. Karim Benzema / ១២គ្រាប់

Benzema ជាចំណែកដ៏ធំមួយក្នុងរដូវកាលនេះ ដែលជួយ Real Madrid ឈរកំពូលតារាង La Liga ក្រោយត្រលប់ពីជួយក្រុមបាល់ទាត់ជម្រើសជាតិបារាំង ក្នុងព្រឹតិ្តការណ៍ EURO 2020។ ម្ចាស់អាវលេខ៩រូបនេះ រកគ្រាប់បាល់បាន១២គ្រាប់សម្រាប់ក្រុមអធិរាជស និងស្ថិតនៅកំពូលតារាង Top Scorer ក្នុងលីគកំពូលអេស្ប៉ាញ។

៤=​ Ciro Immobile / ១២គ្រាប់

តារាឆ្នើម Ciro Immobile របស់ Lazio រកគ្រាប់បាល់បាន២០គ្រាប់ ក្នុង Serie A រដូវកាលមុន ហើយបានជួយពួកគេទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងតារាងលីគកំពូលអ៊ីតាលី។ បច្ចុប្បន្ន កីឡាករដែលជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះ EURO 2020 នៅតែមានមហិច្ឆតា បង្កើតកំណត់ត្រាគ្រាប់បាល់ឱ្យកាន់តែប្រសើរជាងរដូវកាលមុនៗ។

៤= Patrik Schick / ១២គ្រាប់

Patik Schick បញ្ចប់រដូវកាល ២០២០-២១ ក្នុង Bundesliga ជាមួយគ្រាប់បាល់សរុប៩គ្រាប់ ប៉ុន្ដែក្នុងរដូវកាលនេះ គេអាចរកបាន១២គ្រាប់គិតត្រឹមពាក់កណ្ដាលរដូវកាលប៉ុណ្ណោះ។ ខ្សែប្រយុទ្ធរបស់សាធារណរដ្ឋឆែករូបនេះ ជាផ្នែកដ៏សំខាន់មួយ ដែលរួមចំណែកឱ្យ Bayer Leverkusen ប្រជែងយកកៅអី Champions League ក្នុងឆ្នាំនេះ។

៧. Erling Haaland / ១១គ្រាប់

ក្នុងវ័យត្រឹមតែ២១ឆ្នាំ Erling Haaland មានលទ្ធភាពក្នុងការប្រជែងតំណែង Top Scorer ក្នុងក្របខណ្ឌកំពូលអាល្លឺម៉ង់ជាមួយនឹង Robert Lewandowski របស់ Bayern Munich ដោយមានគម្លាតគ្រាប់បាល់ពីគ្នា៥គ្រាប់ប៉ុណ្ណោះ។ គេក៏ជាអាវុធដ៏សំខាន់សម្រាប់ Borussia Dortmund ដើម្បីប្រជែង Bundesliga ក្នុងរដូវកាលនេះផងដែរ។

៧= Giovanni Simeone / ១១គ្រាប់

ខ្សែប្រយុទ្ធ Giovanni Simeone កំពុងរះត្រដែតក្នុងរដូវកាលនេះក្នុងក្របខណ្ឌកំពូលអ៊ីតាលី សម្រាប់ការចូលរួម Hellas Verona ក្នុងកិច្ចសន្យាខ្ចី ដោយរកគ្រាប់បាល់១១គ្រាប់ ពីការបង្ហាញខ្លួន១៤លើក។ កូនប្រុសរបស់លោក Diego Simeone បានសាងភាពភ្ញាក់ផ្អើលក្នុង Serie A ដោយរកគ្រាប់បាល់៤គ្រាប់ឱ្យ Verona ក្នុងជ័យជម្នះ ៤-១ លើ Lazio មុនពេលរកបានពីរគ្រាប់បន្ថែមទៀត ក្នុងការប្រកួតជ័យជម្នះ ២-១ លើ Juventus។

៩. Jonathan David / ១១គ្រាប់

កីឡាករកាណាដា Jonathan David បានផ្ទេរពី Gent ទៅចូលរួម Lille ក្នុងឆ្នាំ២០២០ ព្រមទាំងបានជួយពួកគេឈ្នះជើងឯក Ligue 1 ជាលើកដំបូងក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ។ ក្នុងរដូវកាលនេះ គេរកគ្រាប់បាល់បាន១១គ្រាប់​ និងកំពុងឈរជាបណ្ដោះអាសន្នក្នុងតារាង Top Scorer ក្នុងលីគកំពូលបារាំង។

១០. Vinicius Jr / ១០គ្រាប់

Vinicius ជាគ្រាប់ពេជ្រដែលកំពុងបញ្ចេញពន្លឺយ៉ាងចែងចាំង ក្រោយទទួលបានការដុះខាត់ពីអ្នកចាត់ការ Carlo Ancelotti នៅ Real Madrid រដូវកាលនេះ។ ជាមួយនឹងល្បឿន បច្ចេកទេសញាក់បាល់ និងសមត្ថភាពបញ្ចប់ទីយ៉ាងល្អ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ កំពុងប្រជែងស្បែកជើងមាសក្នុងលីគកំពូលអេស្ប៉ាញជាមួយរៀមច្បង និងជាមិត្តរួមក្រុម Real Madrid, Karim Benzema៕