Skip to content
Klopp មានទំនុកចិត្ត​លើការចរចា​កិច្ចសន្យា​ថ្មី​រវាង Liverpool និង Salah
    ទំព័រដើម  »  កីឡាជាតិ

Klopp មានទំនុកចិត្ត​លើការចរចា​កិច្ចសន្យា​ថ្មី​រវាង Liverpool និង Salah

អ្នកចាត់ការ Liverpool លោក Jurgen Klopp មាន​សុទិដ្ឋិនិយម​ថា​ខ្សែ​ប្រយុទ្ធ​ឆ្នើម Mohamed Salah នឹង​យល់ព្រម​ស៊ីញេ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ហង្ស​ក្រហម​។

តារាជើងស៊ុត​ដ៏​មុត​ស្រួច​អេហ្ស៊ីបវ័យ​២៩ឆ្នាំ​កំពុង​រីករាយ​នឹង​រដូវកាលដ៏​កាក់កប​របស់​គេ និង​កំពុង​ឈរ​កំពូលតារាង​អ្នករកគ្រាប់​បាល់​ក្នុង​ក្របខណ្ឌ Premier League ក្រោយ​រក​បាន​១៣​គ្រាប់​។

Salah ​បានផ្ទេរ​ពី AS Roma មក Liverpool ក្នុង​ឆ្នាំ​២០១៧ ហើយ​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គេ​សល់​សុពលភាព​១៨​ខែ​ទៀត​។

ខណៈ​ក្លិប​កំពុងចរចា​កិច្ចសន្យា​ថ្មី​ជាមួយ Salah លោក Klopp និយាយ​ថា​៖ «ពួក​យើង​កំពុង​​ជជែក​គ្នា​។ ការ​បន្លាយ​កិច្ចសន្យា​ជាមួយ​កីឡាករ​ដូច Mo នេះ​គឺ​មិនងាយ​ស្រួល​ដូចយើង​ទៅ​ជួប​នរណា​ម្នាក់​ញ៉ាំ​កាហ្វេ​មួយ​​កែវ​នៅ​ពេល​ព្រឹក​រួច​ឈាន​ដល់​ការព្រមព្រៀង​គ្នានៅ​ពេល​រសៀលនោះ​ឡើយ​។ Mo មិនអីទេ, ខ្ញុំ​ក៏​មិនអី​ដែរ​។ អ្វី​ដែល​ពួក​យើងចង់​បាន​គឺ​ច្បាស់​លាស់​។ រឿង​បែបនេះ​ត្រូវការ​ពេល​វេលា​។ ខ្ញុំ​គិតថា​អ្វី​ដែលពួក​យើង​ទាំង​អស់​គ្នា​ចង់​បាន​គឺ​ជា​រឿង​រ៉ាវ​ដែលច្បាស់លាស់​។ វា​ទាមទារ​ពេល​វេលា​។ រឿង​គឺ​​ប៉ុណ្ណឹង»។

ដោយឡែក Liverpool នឹង​ប្រកួត UEFA Champions League នៅ​ទឹកដី AC Milan ម៉ោង​៣​យប់​ថ្ងៃ​អង្គារ​ទី​៧​ខែ​ធ្នូនេះ ខណៈ​ក្រុម​ហង្ស​ក្រហម​ធានា​កៅអី​ជុំ​១៦​ក្រុម​ចុងក្រោយ​រួច​ហើយ​។

Salah ​បាន​ស៊ុត​បញ្ចូល​ទី​គ្រប់​ការ​ប្រកួត​ក្រៅទឹកដី​៦​ប្រកួត​ចុង​ក្រោយ​ក្នុង​ពាន​ទ្វីប​អឺរ៉ុប ប៉ុន្តែ​លោក Klopp មិន​និយាយ​ថាតើ Salah នឹង​លេង​ក្នុងជម្រើស​ដំបូង​យប់នេះ​ឬ​អត់នោះ​ទេ​។

ទោះ​បី​យ៉ាង​ណា លោក Klopp បង្ហើប​ថា​លោក​មិនអាច​ប្ដូរ​ជម្រើស​ដំបូង​ម្ដ​ង​ទាំង​អស់​កើត​ទេ​។ លោក​ចង់​ដាក់​កីឡាករ​ដែល​ជា​ជម្រើស​ល្អ​បំផុត​តាម​ស្ថានភាព​ដែល​ក្រុម​កំពុង​ស្ថិត​នៅ​៕

ប្រភព៖ BBC