Skip to content
Mbappe សរសើរ Messi ថាជាកីឡាករល្អបំផុតនៅលើលោក ក្រោយឈ្នះការប្រកួត UCL យប់មិញ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Mbappe សរសើរ Messi ថាជាកីឡាករល្អបំផុតនៅលើលោក ក្រោយឈ្នះការប្រកួត UCL យប់មិញ

អ្នកតាមដានបាល់ទាត់ភាគច្រើន ប្រាកដជាដឹងថា Cristiano Ronaldo ជានិមិត្តរូបរបស់ Kylian Mbappe តាំងតែពីនៅក្មេង ប៉ុន្ដែនៅពេលបានលេងរួមក្រុមជាមួយ Lionel Messi គេអាចនឹងផ្លាស់ប្ដូរការគិតរបស់ខ្លួន។

Mbappe បានព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីអាចផ្ទេរទៅចូលរួម Real Madrid កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្ដែវាមិនអាចប្រព្រឹត្តទៅបាន។ ថ្នាក់ដឹកនាំរបស់ក្លិប Paris Saint-Germain បាននាំយក Messi មកចូលរួមពីក្លិប Barcelona ក្នុងគោលបំណងបញ្ចុះបញ្ចូលឱ្យ Mbappe ព្រមបន្លាយកិច្ចសន្យាជាមួយក្លិប ដែលនឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ និងបញ្ឈប់ការចង់ចាកចេញទៅចូលរួម Real Madrid។

Mbappe សហការគ្នាជាមួយ Messi បានយ៉ាងល្អនៅតំបន់ប្រយុទ្ធរបស់ PSG ហើយគេបានបង្ហាញអារម្មណ៍ពេញចិត្តចំពោះការលេងរួមក្រុមជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន ក្រោយរកគ្រាប់បាល់បានម្នាក់ពីរគ្រាប់ ក្នុងប្រកួតជ័យជម្នះលើ Club Brugge ក្នុងវគ្គចែកពូល UEFA Champions League ដែលបញ្ចប់ក្នុងលទ្ធផល ៤-១។

ប៉ុន្ដែ ខ្សែប្រយុទ្ធបារាំងវ័យ២២ឆ្នាំរូបនេះ ក៏បាននិយាយពាក្យមួយឃ្លា ដែលប្រហែលមានន័យថា Messi ជាកីឡាករល្អជាង Ronaldo។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួត Mbappe បាននិយាយថា៖ “វាគឺងាយស្រួល ក្នុងការលេងជាមួយ Lionel Messi។ គាត់ជាកីឡាករល្អបំផុតនៅលើលោក។ គាត់ទើបឈ្នះ Ballon d’Or កាលពីពីរបីថ្ងៃមុន។ គាត់រកគ្រាប់បាល់បាន២គ្រាប់នៅថ្ងៃនេះ, គាត់រីករាយ ហើយខ្ញុំសង្ឃឹមថា គាត់នឹងជួយយើងនាពេលអនាគត”៕