Skip to content
Mbappe បំបែកកំណត់ត្រាគ្រាប់បាល់របស់ Messi ខណៈ Messi នាំមុខស្ថិតិគ្រាប់បាល់របស់ Pele
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Mbappe បំបែកកំណត់ត្រាគ្រាប់បាល់របស់ Messi ខណៈ Messi នាំមុខស្ថិតិគ្រាប់បាល់របស់ Pele

Kylian Mbappe ក្លាយជាកីឡាករវ័យក្មេងបំផុត ដែលអាចរកគ្រាប់បាល់បាន៣០គ្រាប់នៅ UEFA Champions League ជាកំណត់ត្រាដែលកាន់កាប់ដោយមិត្តរួមក្រុមបច្ចុប្បន្ននៅ Paris Saint-Germain, Lionel Messi កាលពីជាងមួយទសវត្សរ៍មុន។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង ត្រូវការពេលតែ៧០វិនាទីប៉ុណ្ណោះ ដើម្បីរកគ្រាប់បាល់នាំមុខឱ្យ PSG ក្នុងជំនួបទល់នឹង Club Brugge ក្នុងកីឡដ្ឋាន Parc des Princes។

ក្នុងវ័យ២២ឆ្នាំ និង៣៥២ថ្ងៃ Mbappe ក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ដ្ររបស់ Champions League ដែលអាចរកគ្រាប់បាល់បញ្ចូលទី៣០គ្រាប់ ខណៈម្ចាស់កំណត់ត្រាចាស់ Messi មានចំនួនគ្រាប់បាល់ប៉ុណ្ណឹង នៅអាយុ ២៣ឆ្នាំ និង១៣១ថ្ងៃ កាលពីឆ្នាំ២០១០។

គ្រាប់បាល់បើកឆាករបស់ Mbappe ក៏ជាគ្រាប់បាល់លឿនបំផុតសម្រាប់ PSG ក្នុង Champions League ចាប់តាំងពី ខែកញ្ញា ឆ្នាំ២០១៦មក នៅពេលដែល Edinson Cavani ប្រើពេលតែ៤២វិនាទីប៉ុណ្ណោះ ដើម្បីទម្លុះសំណាញ់ទីរបស់ក្រុមកាំភ្លើងធំ Arsenal។

Mbappe រកគ្រាប់បាល់បានមួយគ្រាប់ទៀត នៅនាទីទី៦​ មុនពេលបញ្ជូនឱ្យ Messi ស៊ុតក្រៅប្រអប់ចូលទីយ៉ាងល្អឥតខ្ចោះ។ ម្ចាស់ពាន Ballon d’Or ៧សម័យរកបានគ្រាប់បាល់ទី២របស់ខ្លួនក្នុងការប្រកួត ពីការស៊ុតប៉េណាល់ទី ក្នុងវគ្គទី២ បន្ទាប់ពីកីឡាករ Mats Rits តាមបានមួយគ្រាប់ឱ្យ Club Brugge។

គ្រាប់បាល់ពីរគ្រាប់ក្នុងការប្រកួតនេះ បានរុញ Messi នាំមុខគ្រាប់បាល់ផ្លូវការសរុបរបស់វីរបុរសប្រេស៊ីល Pele។ គ្រាប់បាល់ក្រៅប្រអប់របស់ Messi នៅក្នុងវគ្គទី១ បានជួយឱ្យគេតាមស្មើគ្រាប់បាល់ដែលរកបានសរុប ៧៥៧គ្រាប់ លោក Pele ហើយគ្រាប់បាល់បានពីការស៊ុតប៉េណាល់ទីក្នុងវគ្គទី២ បានជួយឱ្យប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនក្លាយជាកីឡាករទី២ ដែលមានគ្រាប់បាល់សរុបច្រើនបំផុតលំដាប់ទី២ បន្ទាប់ពី Cristiano Ronaldo ដែលឈរនៅកំពូលតារាង មានគ្រាប់បាល់សរុប ៨០១គ្រាប់៕