Skip to content
កីឡាករក្រុម Ajax ១១នាក់ឆ្លងកូវីដ១៩ មុនការប្រកួតនៅ Champions League យប់នេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាករក្រុម Ajax ១១នាក់ឆ្លងកូវីដ១៩ មុនការប្រកួតនៅ Champions League យប់នេះ

ក្លិបហូឡង់ AFC Ajax កំពុងប្រឈមបញ្ហាលំបាកនៅក្នុងការប្រកួត Champions League បន្ទាប់ពីកីឡាករ១១នាក់នៅក្នុងក្រុម រកឃើញថាបានឆ្លងវីរុសកូរ៉ូណា មុនពេលការប្រកួតវគ្គចែកពូលទល់នឹង FC Midtjylland នារាត្រីថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០២០ មកដល់ នេះបើតាមការរាយការណ៍ពីសារព័ត៌មាននៅហូឡង់។

កីឡាកររបស់ Ajax បានធ្វើតេស្ដសុខភាព កាលពីថ្ងៃចន្ទ ប៉ុន្ដែពុំបានបញ្ជាក់អត្តសញ្ញាណថាកីឡាករណាខ្លះបានឆ្លងនោះទេ ហើយបច្ចុប្បន្នក្លិបកំពុងពិភាក្សាជាមួយអាជ្ញាធរ ថាតើកីឡាករណាខ្លះដែលអាចធ្វើដំណើរទៅប្រកួតនៅ ប្រទេសដាណឺម៉ាកបាន។

កីឡាករ១៧រូប ដែលនឹងចូលរួមការប្រកួតមានដូចជា Scherpen, Schuurs, Mazraoui, Blind, Martinez, Tagliafico, Klaiber, Timber, Alvarez, Ekkelenkamp, Neres, Antony, Promes, Traore, Huntelaar, Brobbey និង Jensen។

ប្រធានក្រុម Dusan Tadic អ្នកចាំទី Andre Onana ខ្សែបម្រើ Davy Klaassen និង Ryan Gravenberch មិនមានឈ្មោះក្នុងបញ្ជីកីឡាករ ដែលត្រូវធ្វើដំណើរសម្រាប់ការប្រកួតនេះឡើយ ខណៈអ្នកចាំទីដៃទី២ Maarten Stekelenburg ក៏អវត្តមានផងដែរ ដូច្នេះ Ajax នៅសល់តែអ្នកចាំទី Kjell Scherpen ម្នាក់ប៉ុណ្ណោះដែលចូលរួមការប្រកួតនេះ។

សារព័ត៌មានហូឡង់បានបញ្ជាក់ផងដែរ ថាការធ្វើតេស្ដលើកទី២ សម្រាប់កីឡាករណា ដែលទទួលបានលទ្ធផលតេស្ដអវិជ្ជមាន អាចធ្វើដំណើរទៅប្រកួតទល់នឹង FC Midtjylland បាន ប៉ុន្ដែពួកគេត្រូវទទួលបានការអនុញ្ញាតពី UEFA ជាមុនសិន។

បើតាមច្បាប់របស់ក្រុមប្រឹក្សាភិបាលបាល់ទាត់អឺរ៉ុប ការប្រកួតអាចប្រព្រឹត្តទៅបាន ក្នុងករណីដែលកីឡាករនៅក្នុងឈុតធំ របស់ Ajax ចាប់ពី១៣នាក់ឡើងទៅអាចចូលលេងបាន៕