Skip to content
​ក្នុង​ឆ្នាំ​២០២១ ភ្នាក់ងារកីឡាករបានកម្រៃជើងសារ​ជាង​៥០០​លាន​ដុល្លារ ខណៈ FIFA កំពុងរៀបចំច្បាប់ថ្មីដើម្បីគ្រប់គ្រង
    ទំព័រដើម  »  កីឡាជាតិ

​ក្នុង​ឆ្នាំ​២០២១ ភ្នាក់ងារកីឡាករបានកម្រៃជើងសារ​ជាង​៥០០​លាន​ដុល្លារ ខណៈ FIFA កំពុងរៀបចំច្បាប់ថ្មីដើម្បីគ្រប់គ្រង

យោងតាម​របាយការណ៍​របស់ FIFA ដែល​បាន​ចេញ​ផ្សាយ​ថ្ងៃ​ពុធ​ទី​១៥​ខែ​ធ្នូ​ ភ្នាក់ងារ​​របស់​កីឡាករ​បាល់ទាត់​ រក​បាន​ចំណូល​៤៥២,១៦​លាន​​អឺរ៉ូ (ជាង​៥១១​លាន​ដុល្លារ​អាមេរិក)​ក្នុង​ឆ្នាំ​២០២១​នេះ​។

មាន​ការ​ផ្ទេរ​កីឡាករអាជីព​ចំនួន​១៧.៩៤៥​ដង​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ផ្ទេរ (TMS) របស់ FIFA ដោយ​ក្នុងនោះ​ការ​ផ្ទេរ​៣៥៤៥​លើក​ធ្វើ​ឡើង​ដោយ​ពាក់ព័ន្ធ​ជាមួយ​ភ្នាក់ងារ​យ៉ាង​ហោច​ម្នាក់​។

ក្លិប​បាល់ទាត់ក្នុង​ទ្វីបអឺរ៉ុប​ចំណាយ​ដល់​ទៅ​៩៥,៨​%​នៃ​កម្រៃ​ជើងសារ​៤៥២​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០២១​នេះ​សម្រាប់​ភ្នាក់ងារ​។ ក្នុង​ចំណោមនោះ ក្លិប​ក្នុង​ប្រទេស​អង់គ្លេស​ចាយ​ច្រើន​ជាង​គេ​គឺ​ដល់​ទៅ​១១៧,៩៦​លាន​អឺរ៉ូ, ទី​២ ក្លិប​អាល្លឺម៉ង់​ចាយ​អស់​៧៤,៧៧​លាន​អឺរ៉ូ, ទី​៣ ក្លិប​អ៊ីតាលី ចាយ​អស់​៦៥​លាន​អឺរ៉ូ, បន្ទាប់មក ក្លិប​អេស្ប៉ាញ ចាយ​អស់​៣០,៨​លាន​អឺរ៉ូ ខណៈ​ក្លិប​បារាំង​និងក្លិប​ព័រទុយហ្គាល់​ចាយអស់២៦​លាន​អឺរ៉ូ​រៀង​ៗ​ខ្លួន​លើ​ភ្នាក់ងារ​ក្នុង​ឆ្នាំ​នេះ​។

គួរ​កត់​សម្គាល់​ផងដែរ​ថា នេះ​ជា​ឆ្នាំ​ទី​២​ជាប់​គ្នា​ដែល​ការ​ចាយ​លុយ​សរុប​លើ​ការ​ផ្ទេរ​បានធ្លាក់​ចុះ គឺ​ធ្លាក់​ចុះ​១៣,៩​%​បើ​ធៀប​នឹង​លុយ​ចំណាយ​លើ​ការ​ផ្ទេរ​កីឡាករ​ក្នុង​ឆ្នាំ​២០២០​។ ប៉ុន្តែ​បើ​និយាយ​ពី​លុយ​ដែល​ចាយ​លើ​ភ្នាក់ងារ​វិញ កើន​ឡើង​០,៧​%​​ធៀប​នឹង​ឆ្នាំ​មុន​។

យោង​តាម​របាយការណ៍​របស់ FIFA ក្នុង​រយៈ​ពេល​១​ទសវត្សរ៍​ចុង​ក្រោយ ការ​ចាយ​លុយ​លើ​ភ្នាក់ងារ​គឺ​មាន​ចំនួន​ដល់​ទៅ​៣,១​ពាន់​លាន​អឺរ៉ូ​។

ការ​ផ្ទេរ​កីឡាការិនី​ក៏​ពាក់ព័ន្ធ​នឹង​ភ្នាក់ងារ​ច្រើន​ជាងមុន​ដែរ គឺ​កើន​១២,៩​%​បើ​ធៀប​នឹង​​​តួលេខ​ឆ្នាំ​២០២០​។

តាំងពី​២០១៧​មក FIFA បាន​និង​កំពុង​ធ្វើការ​​ដើម្បី​បង្កើត​ប្រព័ន្ធ​ផ្ទេរ​មួយ​ដែល​មាន​យុត្តិធម៌​ជាងមុន និង​មានតម្លាភាព​ជាង​មុន តាម​រយៈ​ការ​កំណត់​ចំនួន​ទឹកប្រាក់​កម្រៃ​ជើងសារ​សម្រាប់​ភ្នាក់ងារ​ដោយ​មិនឱ្យ​លើស​ពី​៦%​នៃ​តម្លៃ​សរុប​នៃ​កិច្ចព្រមព្រៀង​ផ្ទេរ​ និង​គ្រប់គ្រង​កម្រៃ​ជើងសារ​ទាំងនោះ​​​ក្នុង​ប្រព័ន្ធ​ច្បាស់លាស់​មួយ​ ដោយ​​ត្រូវ​ឆ្លង​កាត់ FIFA ជាមុន​សិន មុន​ដល់​ដៃ​ភ្នាក់ងារ គឺ​ខុស​ពី​បច្ចុប្បន្ន ​ដែល​ភ្នាក់ងារ​ទទួល​លុយ​ដោយ​ផ្ទាល់​ពី​ក្លិប។ និង​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល FIFA កំពុង​កែប្រែ ហើយ​ ផែនការ​នេះ​ត្រូវ​បាន​គ្រោង​ដាក់​ឱ្យ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​ឆ្នាំ​២០២២​តទៅ​។

ភ្នាក់ងារ​ល្បី​ៗ​ដូច​ជា Mino Raiola, Jonathan Barnett និង Pedro Bravo ជា​ដើម បាន​​បង្ហាញ​ជំហរ​​ជំទាស់​នឹង​កំណែទម្រង់​ខាង​លើ​​របស់ FIFA ដោយសារ​វា​ប្រឆាំង​នឹង​​ច្បាប់​ទីផ្សារ​សេរី ហើយ​ពួក​គេ​គ្រោង​ប្ដឹង​ទៅ​តុលាការ​សហភាព​អឺរ៉ុប​ដើម្បី​ពិនិត្យ​បញ្ហា​នេះ​​៕

ប្រភព៖ Marca