Skip to content
Elias Dolah ជឿថាថៃ អាចយកឈ្នះវៀតណាមទាំងពីរជើង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup
    ទំព័រដើម  »  កីឡាជាតិ

Elias Dolah ជឿថាថៃ អាចយកឈ្នះវៀតណាមទាំងពីរជើង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup

ខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិថៃ កីឡាករ Elias Dolah បានបង្ហាញទំនុកចិត្តថាក្រុមខ្លួនអាចយកឈ្នះវៀតណាមទាំងពីរជើង ក្នុងការប្រកួតពានរង្វាន់អាស៊ីអាគ្នេយ៍ AFF Cup 2020 ដែលធ្វើនៅប្រទេសសិង្ហបុរី។

ក្រុមជើងឯក៥សម័យ ដំរីសឹកថៃ នឹងត្រូវជួបគូប្រជែងដ៏តានតឹងវៀតណាម នាល្ងាចថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ សម្រាប់ការដណ្ដើមកៅអីក្នុងវគ្គផ្ដាច់ព្រ័ត្រ AFF Cup។ នៅក្នុងវគ្គ៤ក្រុមចុងក្រោយ ក្រុមម្ចាស់ផ្ទះសិង្ហបុរី ជួបប្រកួតតទល់ជាមួយ ឥណ្ឌូណេស៊ីនាល្ងាចថ្ងៃពុធ និងថ្ងៃសៅរ៍។ ការប្រកួតផ្ដាច់ព្រ័ត្រ ក៏នឹងលេងពីរជើងផងដែរ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

ខ្សែការពារក្រុមជម្រើសជាតិថៃ Elias រកគ្រាប់បាល់បើកឆាក ក្នុងការប្រកួតជ័យជម្នះលើសិង្ហបុរីដោយលទ្ធផល ២-០ ក្នុងជំនួបចុងក្រោយនៃវគ្គចែកពូលកាលពីថ្ងៃសៅរ៍។ កីឡាករឆ្នើមរបស់ក្លិប Port FC រូបនេះបាននិយាយថា គេពិតជារីករាយដែលបានរកគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិថៃ។

ខ្សែការពាររូបនេះបន្ដថា៖ “សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងវៀតណាម គោលដៅរបស់យើងគឺយកឈ្នះពួកគេទាំងពីរជើង ហើយឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ។ យើងបានព្យាយាមប្រឹងប្រែងខ្លាំងណាស់។ ខ្ញុំជឿថាយើងឹងទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ប្រកួតនេះ”។

“យើងទាំងអស់គ្នាដឹងថាវៀតណាមជាក្រុមដ៏ខ្លាំងមួយ។ ពួកគេព្យាយាមគ្រប់គ្រងបាល់ទាំងអស់ ហើយមានវិន័យល្អ។ ទោះយ៉ាងណាក្ដី យើងលេងក្នុងការប្រកួតរបស់យើង ហើយជួយគ្នាទៅវិញទៅមកដើម្បីជ័យជម្នះ”។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិថៃ ជាក្រុមតែមួយគត់ដែលបញ្ចប់វគ្គចែកពូលជាមួយជ័យជម្នះទាំង៤ប្រកួត ខណៈវៀតណាមជាក្រុមតែមួយគត់ដែលមិនទាន់របូតគ្រាប់បាល់នៅឡើយក្រោយឆ្លងកាត់៤ប្រកួតកន្លងមកនេះ។

ដោយឡែក ប្រធានក្រុម Chanathip Songkrasin ឬគេស្គាល់ថា Messi Jay ដំបូងឡើយរំពឹងថា នឹងជួបឥណ្ឌូណេស៊ីក្នុងវគ្គ៤ក្រុមចុងក្រោយ ប៉ុន្ដែក្រុមដំរីសឹក បានត្រៀមខ្លួនរួចរាល់ទោះត្រូវជួបក្រុមណាក៏ដោយ។

ខ្សែបម្រើរូបនេះ បាននិយាយថា៖ “វៀតណាមមិនទាន់របូតគ្រាប់បាល់នៅឡើយទេ ប៉ុន្ដែយើងត្រៀមខ្លួនរួចរាល់ដើម្បីតតាំងជាមួយពួកគេ ប៉ុន្ដែយើងមិនមើលស្រាលពួកគេនោះទេ។ ជ័យជម្នះគ្រប់ប្រកួតក្នុងវគ្គចែកពូល ​នឹងមិនមានន័យអ្វីទាល់តែសោះ ប្រសិនបើយើងមិនអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ និងឈ្នះពានរង្វាន់បាន”។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ក្រុមជម្រើសជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០២០ ត្រូវបានលើកពេលមួយឆ្នាំមកធ្វើក្នុងឆ្នាំ២០២១ ដោយសារការរាតត្បាតនៃកូវីដ១៩។ ថៃជាក្រុមដែលជោគជ័យបំផុតក្នុងព្រឹត្តិការណ៍នេះ ដោយគ្រងតំណែងជើងឯក៥លើក៕