Skip to content
គ្រូថៃ មានទំនុកចិត្តក្នុងការឈ្នះជើងឯក AFF Cup ខណៈប្រាក់រង្វាន់រាប់លានបាតកំពុងរង់ចាំ
    ទំព័រដើម  »  កីឡាជាតិ

គ្រូថៃ មានទំនុកចិត្តក្នុងការឈ្នះជើងឯក AFF Cup ខណៈប្រាក់រង្វាន់រាប់លានបាតកំពុងរង់ចាំ

ក្រុមបាល់ទាត់ជម្រើសជាតិថៃ មានក្ដីរំពឹងថានឹងបង្កើនកំណត់ត្រាឈ្នះពាន AFF Cup លើកទី៦ មុនពេលជួបតតាំងជាមួយឥណ្ឌូណេស៊ី ក្នុងវគ្គផ្ដាចព្រ័ត្រជើងទី១ នារាត្រីថ្ងៃពុធនេះ។

ការប្រកួតជើងទី២ នឹងធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ ហើយការប្រកួតទាំងពីរជើងនេះ ប្រព្រឹត្តទៅនៅកីឡដ្ឋានជាតិរបស់ប្រទេសសិង្ហបុរី។

ស្របពេលដែលថៃ បានកាន់កាប់តំណែងជាជើងឯក AFF Cup ៥លើករួចមកហើយ, ឥណ្ឌូណេស៊ីក៏រំពឹងថានឹងឈ្នះពាននេះជាលើកដំបូង បន្ទាប់ពីពួកគេឈានដល់វគ្គផ្ដាច់ព្រ័ត្រ៥លើក តែបរាជ័យទាំង៥លើកកន្លងមក។

មុនការប្រកួតផ្ដាច់ព្រ័ត្រមកដល់ គ្រូបង្គោលក្រុមជម្រើសជាតិថៃលោក Mano Polking មានទំនុកចិត្ត ថាក្រុមដំរីសឹកមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រជែងជើងឯក បើទោះបីជាអវត្តមានកីឡាករសំខាន់ៗមួយចំនួនក្ដី។

លោកបាននិយាយថា៖ “Chatchai នឹងអវត្តមានពីព្រឹត្តិការណ៍នេះ ជាមួយនឹងបញ្ហារបួស ACL ហើយនេះជាដំណឹងដ៏សោកសៅរបស់យើង។ Theerathan គឺជាកីឡាករដែលមានបទពិសោធន៍ច្រើនបំផុតរបស់យើង ហើយគេពិតធ្វើបានល្អក្នុងព្រឹត្តិការណ៍នេះ ប៉ុន្ដែយើងមានកីឡាករដទៃដែលមានគុណភាព កំពុងរង់ចាំឱកាសរបស់ពួកគេ”។

“យើងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួត១៨០នាទី ហើយយើងត្រូវតែត្រៀមសម្រាប់រាល់ស្ថានភាពទាំងអស់។ ជាការពិត យើងដឹងអំពីកំណត់ត្រារបស់ឥណ្ឌូណេស៊ី ប៉ុន្ដែយើងចង់ឈ្នះពានមួយទៀតសម្រាប់ក្រុមជម្រើសជាតិថៃ ហើយនោះជាអ្វីដែលយើងបានត្រៀមខ្លួន”។

“យើងមិនត្រូវគិតអំពីកំណត់ត្រាកន្លងមកនោះទេ ព្រោះក្រុមទាំងពីរសមនឹងឈានដល់កម្រិតនេះ។ យើងនឹងធ្វើឱ្យបានល្អបំផុតដើម្បីក្លាយជាជើងឯក។ វាដូចជាលឿនពេកហើយ ក្នុងនិយាយអំពីការក្លាយជាលេខមួយនៅអាស៊ាន។ យើងនៅមានពីរប្រកួតផ្សេងទៀត”។

ក្រុមជើងឯកពានរង្វាន់បាល់ទាត់ជម្រើសជាតិអាស៊ីអាគ្នេយ៍ នឹងទទួលបានរង្វាន់ជាច្រើនលានបាត ប្រសិនបើពួកគេអាចលើកពាននៅដើមឆ្នាំថ្មី២០២២ខាងមុខនេះ។

សម្រាប់ជ័យជម្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកន្លងមកលើវៀតណាម សហព័ន្ធកីឡាបាល់ទាត់ថៃ បានផ្ដល់រង្វាន់១០លានបាតរួចមកហើយ។ មុនការប្រកួតផ្ដាច់ព្រ័ត្រមកដល់ អ្នកចាត់ការក្រុមជម្រើសជាតិថៃ អ្នកស្រី Nualphan Lamsam បានសន្យាថាផ្ដល់ប្រាក់រង្វាន់២០លានបាត ប្រសិនបើពួកគេក្លាយជាជើងឯក ហើយទើបប្រកាសថា នឹងផ្ដល់ជូន៦លានបាតបន្ថែមទៀត៕