Skip to content
Beckham ពិបាកឆ្លើយថាត្រូវគាំទ្រខាងណា សម្រាប់ការប្រកួតរវាង PSG និង Real Madrid យប់នេះ
    ទំព័រដើម  »  កីឡាជាតិ

Beckham ពិបាកឆ្លើយថាត្រូវគាំទ្រខាងណា សម្រាប់ការប្រកួតរវាង PSG និង Real Madrid យប់នេះ

David Beckham កំពុងទន្ទឹងរង់ចាំការប្រកួតរវាង Paris Saint-Germain ទល់នឹង Real Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League មិនខុសពីអ្នកគាំទ្របាល់ទាត់ប៉ុន្មាននោះទេ។

ស្របពេលដែលមានចចាមអារ៉ាមមិនចេះដាច់ជុំវិញអនាគតរបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe របស់ PSG ជាមួយក្លិបអធិរាជស ក៏មានផងដែរ ការអះអាងថាលទ្ធផលនៃការប្រកួតនេះ អាចកំណត់អនាគតរបស់ខ្សែប្រយុទ្ធបារាំងរូបនេះ។

មុនការប្រកួតមកដល់ Beckham បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះដោយ PSG ថា៖ “ប្រសិនបើយើងក្រលេកមើលកីឡាករ ហើយនឹងប្រវត្តិរបស់ក្រុមទាំងពីរនេះ, អារម្មណ៍រំជើបរំជួលរបស់អ្នកគាំទ្រ ក្នុងទីក្រុងពីរនេះ​ ជាជំនួបនៃក្ដីស្រមៃរបស់អ្នកគាំទ្រនានា”។

ជាមួយនឹងប្រវត្តិសាស្ដ្ររបស់ក្លិបទាំងពីរ Beckham បានអះអាងថាលោកពិបាកក្នុងការគាំទ្រក្រុមណាមួយរវាងក្រុមទាំងពីរណាស់។ អតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានប​ន្ដថា៖ “ខ្ញុំរីករាយដែលខ្ញុំមិនបាននៅមើលការប្រកួតក្នុងកីឡដ្ឋាន។ វាពិតជាអស្ចារ្យណាស់ដែលអាចមើលការលេងរបស់ក្រុមទាំងពីរ ដែលខ្ញុំធ្លាប់លេងឱ្យ។ ប៉ុន្ដែនិយាយដោយស្មោះត្រង់ទៅចុះ ខ្ញុំសូមជ្រើសយកការមើលនៅផ្ទះ មុខកញ្ចក់ទូរទស្សន៍របស់ខ្ញុំវិញ។ ដូច្នេះខ្ញុំអាចអបអររាល់គ្រាប់បាល់ទាំងអស់ ដោយមិនខ្វល់ថានរណាជាអ្នករកគ្រាប់បាល់បញ្ចូលទីឡើយ”។

“វាអាចជាការប្រកួតមួយដែលមានការវាយសម្រុកខ្លាំង។ ក្រុមដ៏អស្ចារ្យទាំងពីរ នឹងជួបគ្នា ហើយពួកគេទាំងពីរក្រុម ពិតជាគួរឱ្យចាប់អារម្មណ៍នាខណៈ​នេះ។ ប្រសិនបើអ្នកប្រៀបធៀបពួកគេ ពួកគេទាំងពីរក្រុមកំពុងនាំមុខកំពូលតារាងលីគរៀងខ្លួន ហើយមានគ្រូបង្វឹក និងកីឡាករឆ្នើម”៕