Skip to content
Aubameyang ក្លាយជាកីឡាករទី៤ក្នុងសតវត្សរ៍ទី២១នេះ​ដែល​ចូល​ក្នុង​បញ្ជី​ពិសេស​មួយ​
    ទំព័រដើម  »  កីឡាជាតិ

Aubameyang ក្លាយជាកីឡាករទី៤ក្នុងសតវត្សរ៍ទី២១នេះ​ដែល​ចូល​ក្នុង​បញ្ជី​ពិសេស​មួយ​

Pierre-Emerick Aubameyang រកបានគ្រាប់​បាល់ដំបូងសម្រាប់ Barcelona ដោយស៊ុតហ៊ែតទ្រីក ជួយ​ក្រុម​លោក Xavi លត់​ម្ចាស់​ផ្ទះ Valencia ៤-១ និង​បង្កើន​ស្ថិតិ​មិន​ចាញ់​ក្នុង La Liga ដល់​៩​ប្រកួត​ជាប់​គ្នា​។

Aubameyang ដែល​ចេញពី Arsenal ដោយ​គ្មាន​តម្លៃ​ផ្ទេរ​និង​​​ក្លាយ​ជា​កីឡាករ Barcelona ផ្លូវការ​នៅ​ថ្ងៃ​ទី​២​ខែ​កុម្ភៈ បានលេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​លើកទី​១​ក្នុង La Liga ក្នុង​រាត្រី​ថ្ងៃ​អាទិត្យ​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០២២​។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហ្គាបុង​រូបនេះ​ផ្ដើម​រក​បាន​គ្រាប់​បាល់​ក្នុង​នាទីទី​២៣ រួច Frenkie de Jong ពែន​បញ្ចូល​ទី​គ្រាប់​ទី​២​សម្រាប់ Barca មុន​ពេល Aubameyang រក​បាន១​គ្រាប់​ទៀត​ក្នុងនាទី​៣៨។

ខ្សែ​បម្រើ​អេស្ប៉ាញ​ Carlos Soler រក​បាន​១​គ្រាប់​សង​វិញ​​សម្រាប់ Valencia ក្នុងនាទី​៥២​។

នៅនាទី​៦៣ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ Pedri បាន​ស៊ុត​មួយ​ជើង​ពី​ចម្ងាយ​យ៉ាង​ស្អាត​យក​គ្រាប់​ទី​៤​សម្រាប់ Barca​។ ដំបូង គ្រាប់​នេះ​ត្រូវ​បាន​ផ្ដល់​ឱ្យ Pedri​។ តែ​បន្ទាប់​ពី​ពិនិត្យ​ឡើង​វិញ​ឃើញ​ថា​បាល់​បាន​ហោះ​ទៅ​បុកខ្នង Aubameyang មុន​ចូល​ទី ដូច្នេះ​ក៏​ប្ដូរ​ទៅ​ឱ្យ Aubameyang វិញ ​ដែល​ជា​គ្រាប់​ហ៊ែតទ្រីក​របស់​គេ​ក្នុង​ប្រកួតនេះ​។

អតីត​ប្រធាន​ក្រុម Arsenal ប៊ិះ​រក​បាន​១​គ្រាប់​ថែម​ទៀត​នា​ពេល​បន្ទាប់​នៅ​ពេល​បាល់​ធ្លាក់​មក​ចំ​​ពីមុខ​គេ​ក្នុង​ប្រអប់ ប៉ុន្តែ​​ត្រូវ​បាន​អ្នកចាំទី Giorgi Mamardashvili សង្គ្រោះ​បាន​។

ខ្សែបម្រើការពារ Sergio Busquets បាននិយាយ​ថា​តាំងពី​មក​ដល់​បាសេឡូណា Aubameyang ខំ​ប្រឹង​ហ្វឹកហាត់​ខ្លាំង​ណាស់​។ គេ​ជា​កីឡាករ​អស្ចារ្យ​ម្នាក់​។ ការ​មាន​គេ​នៅ​ក្នុង​ក្រុម​ដោយ​ចូល​រួម​ដោយ​មិន​អស់​តម្លៃ​ផ្ទេរ​គឺ​ពិត​ជា​វិជ្ជមាន​សម្រាប់ Barca​។

សូ​ម​ជម្រាប​ថា Aubameyang ក្លាយ​ជា​កីឡាករ​ទី​៤​ក្នុង​សតវត្សរ៍​ទី​២១​នេះ​ដែល​រក​បាន​គ្រាប់​បាល់​នៅ Bundesliga (៩៨គ្រាប់)ផង, Ligue 1 (៤១គ្រាប់)ផង, Premier League (៦៨គ្រាប់)ផង និង La Liga ផង បន្ទាប់​ពី James Rodriguez, Michy Batshuayi និង Stevan Jovetic ដែល​កីឡាករ​ខាង​ក្រោយ​នេះ​រកបាន​គ្រាប់​បាល់​ក្នុង Serie A ថែមទៀត​ផង​៕