Skip to content
លីកបាល់ទះ ៤ទល់៤ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅកម្ពុជា
    ទំព័រដើម  »  កីឡាជាតិ

លីកបាល់ទះ ៤ទល់៤ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅកម្ពុជា

ការ​ប្រកួត​លីក​បាល់​ទះ​ដ៏ថ្មី​មួយ​​ដែល​មាន​ឈ្មោះថា Ganzberg Special Volleyball League គ្រោង​​ចាប់​ដំណើរ​ការ​ឡើង​នៅ​ខែ​មីនា​ បន្ទាប់​ពី​បាន​បើក​សន្និសីត​ប្រកាស​កម្មវិធី​ក្នុង​រាជ​ធានា​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៣​កុម្ភៈ​។ នេះ​ជា​ការ​ប្រកួត​​​លីក​ ដែល​វាយ​៤​ទល់​៤​ជា​លើក​ដំបូង ដោយ​ប្រើ​បច្ចេកទេស​ស្តង់ដារ។

ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា នេះជា​កម្មវិធីដ៏​ថ្មី​ ដែល​នឹង​បើក​ឱកាស​យ៉ាង​ទូលំទូលាយ សម្រាប់​ក្រុម​មហា​ជន ក៏​ដូច​ជាកីឡាករ​អាជីពៗ ទទួល​បាន​បទពិសោធ​នៃ​ការ​ប្រកួត​ឲ្យ ​កាន់​តែ​សម្បូរ​បែប​ថែម​ទៀត ដើម្បី​អភិវឌ្ឍ​សមត្ថភាព។

លោក អាំង សេរិពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា បង្ហាញ​ក្ដី​រីក​រាយ​ជា​ខ្លាំង ដែល​វិស័យ​ឯក​ជន​បាន​ផ្ដួ​ច​ផ្ដើមឲ្យ​មាន​ការ​ប្រកួត​បែប​នេះ​ឡើង​។ ជា​មួយ​គ្នា​នេះ លោក​ថាសហព័ន្ធ​បាល់​ទះ​កម្ពុជា នឹង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​សម្រប​សម្រួល​នានា ពិសេស​ការ​បញ្ចូល​មន្ត្រី​អាជ្ញាកណ្ដាល​ឲ្យ​ចូល​បំពេញ​កាងារ ដើម្បី​ឲ្យ​ប្រកួត​ដំណើរ​ទៅ​តាម​ លក្ខណៈ​បច្ចេកទេស​យ៉ាង​ត្រឹម​ត្រូវ​។

អគ្គលេខាធិកា​ដែល​ទើប​ឡើង​កាន់តំណែង​រូប​នេះ បង្ហាញ​ជំនឿចិត្ត​ លីកបាល់​ ៤ទល់​៤ មួយនេះ មិន​ត្រឹម​តែ​ជា​ឱកាស​សម្រាប់​ការ​​ប្រកួត​ដើម្បី​អនុវត្ត​បច្ចេកទេស​នោះទេ តែ​ក៏​នឹង​ទាក់​ទាញ​ឲ្យ​ក្រុម​បាល់​ទះ​មហាជន ដែល​កំពុង​ពេញ​និយម​លេង​តាម​តារា​នានា ងាក​មក​លេង​ដោយ​បច្ចេកទេស​ត្រឹម​ត្រូវ​។ លោក​ថា​នេះ​ជំហាន​មួយ​ក្នុង​ការ​ប្រមូល និង​ផលិតធនធានកីឡាករ​សម្រាប់​កម្ពុជា​ផង​ដែរ។

តាម​គម្រោង លីក​បាល់​ទះ ៤​ទល់​៤​ Ganzberg Special Volleyball 2012 នឹង​បើក​ទទួល​ក្រុម​ឲ្យ​ដាក់​ពាក្យ​ប្រកួត​ប្រជែង​សរុប ១២​ក្រុម។ កម្មវិធី​នេះ នឹង​ដំណើរ​ការ​​ទៅ​តាម​ រូប​មន្ត​ប្រកួត​វិល​ជុំ សន្សំពិន្ទុ ដើម្បី​ចម្រាញ់​យក​ ៤​ក្រុម​កំពូល​តារាង ឡើង​ទៅ​កាន់​វគ្គ PlayOff។ កា​រ​ប្រកួត​រៀង​រាល់​សប្ដាហ៍​ នឹង​ធ្វើ​ឡើង​នៅ ពហុកីឡដ្ឋាន​ព្រីន ក្នុង​រាជ​ធានី​ភ្នំពេញ​ ដោយ​នឹង​នឹង​ចាប់​ផ្ដើម​ឡើង​ពី ខែ មីនា ដល់​ខែ​ កក្កដា។