Skip to content
ជើងឯកប្រដាល់ពិភពលោក, គ្រូបាល់ទាត់, រួមទាំងបវរកញ្ញា ទុកអាជីពមួយឡែកហើយចូលធ្វើទាហានការពារអ៊ុយក្រែន
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ជើងឯកប្រដាល់ពិភពលោក, គ្រូបាល់ទាត់, រួមទាំងបវរកញ្ញា ទុកអាជីពមួយឡែកហើយចូលធ្វើទាហានការពារអ៊ុយក្រែន

នៅក្នុងខណៈការ​ប្រយុទ្ធគ្នា​កំពុង​បន្ត​ក្នុង​ប្រទេស​របស់​ខ្លួន​ អ្នកប្រដាល់ល្បីឈ្មោះអ៊ុយក្រែន លោក Vasiliy Lomachenko ដែលជាអតីតជើងឯកពិភពលោក៣ប្រភេទទម្ងន់ផ្សេងគ្នា និង​អតីត​​កីឡាករ​បាល់ទាត់ Arsenal និង​ជម្រើស​ជាតិ​អ៊ុយក្រែន លោក Oleh Luzhnyi ទុក​អាជីព​រៀង​ៗ​ខ្លួន​មួយ​ឡែក​សិន ហើយ​ចុះឈ្មោះចូល​បម្រើ​​កង​ទ័ព​ដើម្បី​ការពារ​ប្រទេស​របស់​ពួក​គេ​ពី​ការ​វាយ​ប្រហារ​ដោយ​ប្រទេស​រុស្ស៊ី​។

អ្នកប្រដាល់ Vasiliy ​វ័យ​៣៣៤​ឆ្នាំ​ ដែល​មាន​​កំណត់ត្រា​ប្រកួត​​១៨​ដង ឈ្នះ​១៦​លើក (ឈ្នះ​សន្លប់​១១​ដង) និង​ចាញ់​២លើក បាន​បង្ហោះ​រូបភាព​ក្នុង​ឯកសណ្ឋាន​ទាហាន នៅ​​គណនី​ហ្វេសប៊ុក​របស់​លោក ជាមួយ​នឹង​ការ​ត្រៀម​ខ្លួន​រួចរាល់ដើម្បី​ចូល​សមរភូមិ​ការពារ​ជាតិ​របស់​ខ្លួន​។

ESPN បាន​រាយការណ៍​ថា​លោក Vasiliy ដែល​ជា​ម្ចាស់​មេដាយ​មាស​អូឡាំពិក​២​គ្រឿង​ផង​នោះ​ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រិក​ចំ​ថ្ងៃ​រុស្ស៊ី​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ប៉ុន្តែលោក​បាន​វិល​មក​ប្រទេស​កំណើត​វិញ​ភ្លាម គឺ​មក​ទីក្រុង Odessa ដើម្បី​បាន​នៅ​ក្បែរ​គ្រួសារ​និង​មនុស្ស​ជាទីស្រឡាញ់​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​​។

Vasiliy មិនមែន​ជា​កំពូល​អ្នក​ប្រដាល់​តែ​ម្នាក់​របស់អ៊ុយក្រែន​ដែល​ចូល​ធ្វើ​ទាហាន​នោះ​ទេ​។ បងប្អូន​បង្កើតដែល​ជា​អតីត​​ជើង​ខ្លាំង​ប្រដាល់​​ល្បី​ពេញ​ពិភពលោក Wladimiry Klitschko និង Vitaly Klitschko ក៏​បាន​សម្រេច​ចិត្ត​ចូល​កាន់​អាវុធ​បម្រើ​ជាតិ​អ៊ុយក្រែន​ប្រឆាំ​ង​នឹង​ការ​ទន្ទ្រាន​ដោយ​រុស្ស៊ី​ដែរ​។ លោក Vitaly Klitschko ​បច្ចុប្បន្ន​ជា​អភិបាល​​រដ្ឋធានី Kyiv​។

រីឯ​អតីត​​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ Oleh Luzhnyi ដែល​បាន​ឈ្នះ​ជើងឯក Premier League និង FA Cup ជាមួយ​ Arsenal អំឡុង​​លេង​ឱ្យ​ក្លិបអង់គ្លេស​មួយ​នេះ​៤​ឆ្នាំ​ ពី​១៩៩៩​ដល់​២០០៣ ក៏​បាន​​ទុក​អាជីព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​ជា​គ្រូ​បាល់ទាត់​ ទៅ​ចូល​ធ្វើទាហាន​ផង​ដែរ ដើម្បី​ការពារ​ប្រទេស​អ៊ុយក្រែន។

លោក Oleh Luzhnyi និយាយប្រាប់​សារព័ត៌មាន Sky Sports ថា៖ «ស្ថានការណ៍​ពេលនេះ​គឺ​អាក្រក់​ខ្លាំង​ណាស់​។ ខ្ញុំ​ចង់​ទៅធ្វើ​ជា​គ្រូ​បង្វឹក​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ជា​ថ្មី ប៉ុន្តែ​មុន​អ្វី​ៗ​ទាំង​អស់ ខ្ញុំ​ត្រូវ​ឈរ​យ៉ាង​រឹងមាំ​និង​ប្រយុទ្ធ​ដើម្បី​ការពារ​ប្រជាជន​របស់​ខ្ញុំ ប្រទេស​របស់​ខ្ញុំ និង​ដើម្បី​ប្រជាធិបតេយ្យ​។ ពួក​យើង​សង្ឃឹម​ថា​ជម្លោះ​នេះ​នឹង​ចប់​ឆាប់​ៗ ស្រប​ពេល​ជន​ស្លូតត្រង់​ជា​ច្រើន​កំពុង​បាត់បង់​ជីវិត ហើយ​គ្រួសារ​កំពុង​​ព្រាត់ប្រាស​គ្នា​។ ប្រទេស​មួយ​កំពុង​ត្រូវ​បាន​ឈ្លានពាន​និង​បំផ្លាញ តើ​គេ​ធ្វើ​ដើម្បី​អ្វី? ពួក​យើង​ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​និង​នាំ​សង្គ្រាម​ឧក្រិដ្ឋ​នេះ​ទៅ​រក​ទី​បញ្ចប់​»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក Oleh Luzhnyi ដែល​បាន​កើត​​ក្នុង​​ឆ្នាំ​១៩៦៨ សម័យ​សហភាព​សូវៀត​។

លោក Oleh Luzhnyi ​បាន​លេង​ឱ្យ​ជម្រើស​ជាតិសហភាព​​សូវៀត​ពី​ឆ្នាំ​១៩៨៩​ដល់​១៩៩០ រួច​លេង​ឱ្យ​ជម្រើស​ជាតិ​អ៊ុយក្រែន​ពី​ឆ្នាំ​១៩៩២​មក​ទល់​នឹង​ឆ្នាំ​២០០៣ បន្ទាប់​ពី​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ ក្រោយ​ការ​ដួលរលំនៃ​សហភាព​សូវៀត​។

ក្នុង​​អាជីព​ក្លិប លោក​បានលេង​ឱ្យ​ក្លិប Torpedo Lutsk និង SKA Karpaty Lviv ពីឆ្នាំ​១៩៨៥​ដល់​១៩៨៨ រួច​ផ្លាស់​មក​លេង​ឱ្យ Dynamo Kyiv ១៩៨៩​ដល់​១៩៩៩, Arsenal ១៩៩៩​ដល់​២០០៣, Wolverhampton Wanderers ២០០៣-០៤ និង​ចុងក្រោយ Venta ក្នុង​ឆ្នាំ​២០០៥​។ លោក​បាន​​ក្លាយ​ជា​គ្រូ​បង្វឹក​តាំងពី​ឆ្នាំ​២០០៥​មក​ ដោយ​ភាគ​ច្រើន​ធ្វើការ​នៅ​ក្លិប Dynamo Kyiv ក្នុងនាម​ជា​គ្រូ​ជំនួយ​និង​អ្នកចាត់ការ​ស្ដីទី​។

គួរ​ជម្រាប​ផង​ដែរ​ថា នៅ​ក្នុង​ខណៈ​នេះ មិនមែន​តែ​អ្នកកីឡា​ទេដែល​ចូល​ធ្វើ​ទាហាន​ដើម្បី​ការពារ​អ៊ុយក្រែន​ពី​ការ​វាយប្រហារ​ដោយ​រុស្ស៊ី​។ សូម្បី​បវរ​កញ្ញា​​ល្បី​ឈ្មោះ​អ៊ុយក្រែន Anastasiia Lenna ក៏​បាន​ចូល​រួម​ជាមួយ​ជនរួម​ជាតិ​អ៊ុយក្រែន​ផ្សេង​ទៀត​ដើម្បី​កាន់​អាវុធ​ការពារ​ជាតិ​របស់​ខ្លួន​ផង​ដែរ ដែលជាការស្នេហាជាតិដ៏ពិតប្រាកដប្រកបដោយសេចក្ដីក្លាហាន។

​ការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានអូសបន្លាយជាច្រើនថ្ងៃមកហើយ ប៉ុន្តែនៅថ្ងៃចន្ទទី២៨ខែកុម្ភៈនេះមានដំណឹងវិជ្ជមានមួយដោយថ្នាក់ដឹកនាំភាគីទាំងពីរយល់ព្រមចូលតុចរចាគ្នានៅព្រំដែនអ៊ុយក្រែន-បេឡារូស៕