Skip to content
តើ FIFA នឹងមានចំណាត់ការយ៉ាងណាចំពោះក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីនៅក្នុងវិបត្តិរុស្ស៊ី-អ៊ុយក្រែននេះ?
    ទំព័រដើម  »  កីឡាជាតិ

តើ FIFA នឹងមានចំណាត់ការយ៉ាងណាចំពោះក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីនៅក្នុងវិបត្តិរុស្ស៊ី-អ៊ុយក្រែននេះ?

ការប្រយុទ្ធគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើឱ្យពិភពលោកតក់ស្លុត ក្នុងនោះរួមទាំង​ពិភព​បាល់ទាត់​ផងដែរ ពិសេស​ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)​ ហើយ​ពេលនេះ​វិធានការ​ខ្លះ​ៗ​កំពុង​ត្រូវ​បាន​ពិចារណា​ដើម្បី​ដាក់​ចេញ​ទៅ​លើ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​រុស្ស៊ី។

FIFA ដែលមាន​លោក Gianni Infantino ជា​ប្រធាន និង​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) ដែល​មាន​លោក Aleksander Ceferin ជា​ប្រធាន បាន​ទាក់ទង​​គ្នាជា​ប្រចាំ បន្ទាប់​ពី​មាន​អនុសាសន៍​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC)​។

តាម​សេចក្ដីរាយការណ៍​របស់ Marca ពេលនេះ FIFA បានសម្រេច​ចិត្ត​ដាក់​វិធានការ​លើ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​រុស្ស៊ី​​ដោយ​មិន​ឱ្យ​ប្រើ​ឈ្មោះ​រស្ស៊ី និង​ទង់ជាតិ ឬ​ភ្លេង​ជាតិ​រុស្ស៊ី​ទេ​។ ពោលគឺ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​រុស្ស៊ី ដែល​ត្រូវ​បាន​ហៅ​ជា​ទូទៅ​ថា «រុស្ស៊ី» នោះ នឹង​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា «សហភាពបាល់ទាត់​រុស្ស៊ី​»​វិញ ហើយ​ក្រុម​នេះ​នឹង​មិន​អាច​ប្រើ​ទង់ជាតិ​ឬ​ភ្លេង​ជាតិ​របស់​ប្រទេស​រុស្ស៊ី​បាន​ទេ​។

លើស​ពីនេះ ប្រសិន​ស្ថានភាព​តានតឹង​រវាង​រុស្ស៊ី-អ៊ុយក្រែន នៅ​តែ​បន្ត រុស្ស៊ី អាច​ត្រូវ​បាន​ដក​ចេញ​ពី FIFA World Cup Qatar 2022 ថែម​ទៀត​ផង​។

សូម​ជម្រាប​ថា តាម​កាលវិភាគ រុស្ស៊ី ត្រូវ​ប្រកួត play-off World Cup 2022 ទល់នឹង ប៉ូឡូញ​ នៅ​ថ្ងៃ​ទី​២៤​ខែ​មីនា​ឆ្នាំ​២០២២ ហើយ​អ្នក​ឈ្នះ​ត្រូវ​ឡើង​ទៅ​ប៉ះ​អ្នក​ឈ្នះ​រវាង ស៊ុយអែត និង ឆេក ដើម្បី​ដណ្ដើម​កៅអី​​​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​កាតារ​។ ប៉ុន្តែ ប៉ូឡូញ បាន​ប្រកាស​ធ្វើ​ពហិកា មិន​ប្រកួត​ទល់ រុស្ស៊ី​ ទេ​។ ស៊ុយអែត ឆេក និង អង់គ្លេស ក៏​ប្រកា​ស​ថា​នឹង​មិន​ប្រកួត​ទល់ រុស្ស៊ី ដែរ បើ​ក្នុង​ករណី រុស្ស៊ី ឡើង​មក​ជួប​ពួក​គេ​។ រីឯ បារាំង និង ឆេក វិញ ថែម​ទាំង​អំពាវ​នាវ​ឱ្យ​ដក​រុស្សី​ពី​ការ​ប្រកួត World Cup 2022 ថែម​ទៀត​ផង​។

FIFA បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា​បាន​ដឹង​ឮ​ជំហរ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ ប៉ូឡូញ ឆេក និង ស៊ុយអែត ហើយ និង​បាន​បើក​ការ​សន្ទនា​ជាមួយ​សហព័ន្ធ​ទាំង​៣​​។

គួរ​ជម្រាប​ផង​ដែរ​ថា កន្លង​មក​មិន​ធ្លាប់​មាន​ឡើយ​ការ​ចាត់​វិធានការ​ដោយ FIFA ដោយ​មិន​ឱ្យ​ក្រុម​បាល់ទាត់ជម្រើស​ជាតិ​មួយ​ប្រើ​ឈ្មោះ​ប្រទេស ទង់ជាតិ ឬ​ភ្លេង​ជាតិ ​របស់​ខ្លួន ទោះបី​ក្នុង​អតីត​កាល​ធ្លាប់​មាន​ជម្លោះ​នយោបាយ​របៀប​នេះ​ក្ដី​។

ថ្មីៗនេះ ប្រធានក្រុម​ប៉ូឡូញ Robert Lewandowski បាន​បង្ហោះ​សារ​ថា កីឡាករ​ គ្រូ​បង្វឹក និង​អ្នក​គាំទ្រ​រុស្ស៊ី មិន​មែន​ជា​អ្នក​​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​រដ្ឋាភិបាល​របស់​ពួក​គេ​ទេ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ Bayern Munich ដដែល​សង្កត់​ធ្ងន់​ថា​ប៉ូឡូញ​​​មិន​អាច​ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើត​ឡើង​បាន​ឡើយ៕