Skip to content
សាលារាជធានីភ្នំពេញ ប៉ះកងពលលេខ៣ ខណៈវិសាខា ជួបមហាផ្ទៃ បើកឆាក Special Volleyball League 2022
    ទំព័រដើម  »  កីឡាជាតិ

សាលារាជធានីភ្នំពេញ ប៉ះកងពលលេខ៣ ខណៈវិសាខា ជួបមហាផ្ទៃ បើកឆាក Special Volleyball League 2022

ព្រឹត្តិការណ៍ប្រកួតបាល់ទះ៤នាក់ទល់៤នាក់ Ganzberg Special Volleyball League 2022 នឹងចាប់ផ្តើមប្រកួតបើកឆាកនៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ចុងសប្ដាហ៍នេះតទៅហើយ ដោយក្រុមបាល់ទះសាលារាជធានីភ្នំពេញ ត្រូវជួបក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ហើយសមាគមកីឡាបាល់ទះវិសាខា ជួបក្រុមបាល់ទះក្រសួងមហាផ្ទៃ។

នៅក្នុងពិធីចាប់ក្រុមនៃការប្រកួត នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ ក្នុងទីលានបាល់ទះកីឡដ្ឋានព្រីនស៍ លោក តែន ឡន ប្រធានផែនអនុគណៈកម្មការបច្ចេកទេសនៃព្រឹត្តិការណ៍ប្រកួតនេះបានលើកឡើងថាការប្រកួតមានក្រុមចូលរួមចំនួន១៣ក្រុម ហើយត្រូវប្រកួតគ្នាវិលជុំ១ជើង ដោយចប់ការប្រកួតវិលជុំ ក្រុមចំណាត់ថ្នាក់ល្អជាងគេពីលេខ១ដល់លេខ៤ ត្រូវប្រកួតខ្វែងគ្នា ក្នុងនោះក្រុមលេខ១ ត្រូចជួបក្រុមលេខ៤ ហើយក្រុមលេខ២ជួបក្រុមលេខ៣ ដើម្បីដណ្តើមកៅអីឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតលក្ខណៈ៤ទល់៤ ក្នុងលក្ខណៈលីគដំបូងគេបែបនេះ មាន១សិតចំនួន២៥ពិន្ទុ ហើយគូភាគីណារកបាន២សិតមុនជាអ្នកឈ្នះ ប៉ុន្មានបើប្រកួតទៅឈ្នះម្នាក់១សិត នោះនឹងប្រកួតសិតទី៣ ដើម្បីកាត់សេចក្ដី។ ចំណែកការរាប់ចំណាត់ថ្នាក់វិញក្រុមដែលឈ្នះ២សិតទល់០ នឹងទទួលបាន៣ពិន្ទុ ហើយបើក្រុមឈ្នះ២សិតទល់១ នឹងទទួលបាន២ពិន្ទុ។ សម្រាប់ក្រុមបរាជ័យ០ទល់២ សិត មិនទទួលបានពិន្ទុទេ តែបើក្រុមចាញ់១សិតទល់សិតនឹងទទួលបាន១ពិន្ទុ។

ពានរង្វាន់ Ganzberg Special Volleyball League 2022 រៀបចំប្រកួតរាល់ថ្ងៃព្រហស្បតិ៍ និងសុក្រ រាល់សប្ដាហ៍នីមួយៗ ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ ខណៈក្រុមចូលរួមទាំង១៣មាន៖១.កងពលតូចអន្តរាគមន៍លេខ៩ ២.ក្រុមបាល់ទះ Vong Plus ៣.ក្លិបបាល់ទះយុវជនស្រុកល្វាឯម ៤.សមាគមកីឡាបាល់ទះវិសាខា ៥.ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ ៦.ក្រុមកីឡាបាល់ទះ Sport KPC ៧.ស្នងការនគរបាលខេត្តព្រៃវែង ៨.កងពលធំអន្តរាគមន៍លេខ៣ ៩.ស្នងការដ្ឋាននគរបាលខេត្តតាកែវ ១០.នាយកដ្ឋានលិខិតឆ្លងដែន ១១.ក្រសួងមហាផ្ទៃ ១២.រដ្ឋបាលរាជធានីភ្នំពេញ និង១២ ក្រុមបាល់ទះ P.S Concrete។

លោក ប៉េង សុវណ្ណណូ ប្រធានប្រតិបត្តិនៃគណៈកម្មការពានរង្វាន់បាល់ទះ Ganzberg Special Volleyball League 2022 បានថ្លែងអំណរគុណដល់ក្រុមទាំង១៣ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែង ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗសម្រាប់ក្រុមរៀងៗខ្លួន។ លោកសម្លឹងឃើញថាក្រុមទាំងអស់សុទ្ធតែមានសមត្ថភាពនិងមានឆន្ទៈប្រយុទ្ធដ៏អង់អាចដូចៗគ្នា មុនការប្រកួតមកដល់។

សូមបញ្ជាក់ថាគណៈកម្មការប្រកួតពានរង្វាន់ Ganzberg Special Volleyball League 2022 បានសម្រេចថាក្រុមដែលឈ្នះជើងឯកនឹងទទួលបានពាន១ មេដាយមាសម្នាក់១ និងថវិការ២០លានរៀល ហើយក្រុមជើងឯករង ទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា៨លានរៀល ក្រុមចំណាត់ថ្នាក់លេខ៣ទទួលបានមេដាយសំរឹទ្ធម្នាក់១ អមដោយថវិកា៤លានរៀល។ ជាមួយគ្នានោះដែរក៏មានការដាក់ពិន្ទុប្រគល់ពានឯកត្តជនជូនដល់កីឡាករឆ្នើម,កីឡាករវាលវាយប្រយុទ្ធល្អជាងគេ, កីឡាករលើកបាល់បានល្អជាងគេ, កីឡាករវាយសេវាល្អជាងគេ, កីឡាករធ្វើរនាំងល្អជាងគេ និងក្រុមដែលប្រកួតយុត្តិធម៌ល្អជាងគេ អមដោយពានតូចម្នាក់១និងថវិកា៨សែនរៀល។

សម្រាប់កម្មវិធីប្រកួតជុំដំបូងនៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២រសៀលក្រុមរដ្ឋបាលរាជធានីភ្នំពេញ ជួបក្រុមកងពលធំអន្តរាគមន៍លេខ៣ ហើយនៅម៉ោង៣:៣០នាទីរសៀលក្រុមសមាគមកីឡាបាល់ទះវិសាខា ជួបក្រុមក្រសួងមហាផ្ទៃ។ នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា វិញក្រុមបាល់ទះ P.S Concrete ជួបក្រុមស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅម៉ោង២រសៀល ហើយក្រុមកងពលតូចអន្តរាគមន៍លេខ៩ ជួបក្រុមកីឡាបាល់ទះ Sport KPC។ ការប្រកួតទាំងអស់ធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ ព្រមទាំងមានផ្សាយផ្ទាល់ដោយសារព័ត៌មានត្រយង និងទូរទស្សន៍ PNN ផងដែរ៕