Skip to content
កីឡា​និងមនោសញ្ចេតនា!! ទស្សនិកជននៅ Anfield ធ្វើរឿងដ៏ក្ដុកក្ដួលមួយសម្រាប់ CR7 អំឡុងការប្រកួត Liverpool vs Man Utd
    ទំព័រដើម  »  កីឡាជាតិ

កីឡា​និងមនោសញ្ចេតនា!! ទស្សនិកជននៅ Anfield ធ្វើរឿងដ៏ក្ដុកក្ដួលមួយសម្រាប់ CR7 អំឡុងការប្រកួត Liverpool vs Man Utd

Liverpool និង Manchester United ជាគូប្រជែងគ្នាធំបំផុតមួយក្នុងបាល់ទាត់អាជីពអង់គ្លេស ហើយការប្រកួតរវាងពួកគេត្រូវបានអ្នកខ្លះពណ៌នាថាសង្គ្រាមពណ៌ក្រហម (Reds War) ថែមទៀតផង។

ប៉ុន្តែអំឡុងការប្រកួតក្របខណ្ឌ Premier League រវាងក្រុមទាំងពីរនៅកីឡដ្ឋាន Anfield យប់ថ្ងៃអង្គារទី១៩​ខែមេសា​ឆ្នាំ​២០២២ អ្នកគាំទ្រក្រុមទាំងសងខាងបានរួបរួមគ្នាធ្វើរឿងដ៏ក្ដុកក្ដួលអារម្មណ៍មួយ ដោយនាំគ្នាក្រោកឈរទះដៃនៅក្នុងនាទីទី៧នៃការប្រកួត ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារកីឡាករ Cristiano Ronaldo ដែលបានបាត់បង់កូនប្រុសម្នាក់ថ្មីៗនេះ ទោះបី​ម្ចាស់​អាវ​លេខ​៧​នៃ​​ក្រុម​បិសាច​ក្រហមគ្មានវត្តមាននៅក្នុងការប្រកួតក្ដី​។

កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ៣៧ឆ្នាំនិងមិត្តស្រី Georgina Rodriguez វ័យ២៨ឆ្នាំ បានប្រកាសជាសាធារណៈក្នុងលិខិតមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាកូនម្នាក់ក្នុងចំណោមកូនភ្លោះ២របស់ពួកគេដែលទើបកើតកាលពីថ្ងៃទី១៨ខែមេសា បានស្លាប់​។ នោះគឺកូនប្រុសដែលបានបាត់បង់ជីវិតទៅវិញមួយរយៈខ្លីក្រោយចេញពីផ្ទៃម្ដាយ ខណៈកូនស្រីមានសុខភាពល្អ។ ការ​បាត់បង់​នេះ​បណ្ដាល​ឱ្យ Ronaldo និង​មិត្តស្រី​មាន​ទុក្ខ​ជា​ទម្ងន់​និង​មាន​ការ​ឈឺចាប់​ជា​ទី​បំផុត​។

ដើម្បី​ទុក​ពេល​ឱ្យ Ronaldo សម្រួល​​អារម្មណ៍​និង​មើលថែ​មិត្តស្រី​ជាមួយ​កូន​ខ្ចីផង​នោះ ​អ្នកចាត់ការស្ដីទី Man Utd លោក Ralf Rangnick មិន​បញ្ចូល​ឈ្មោះ Ronaldo ក្នុង​បញ្ជី​ប្រកួត​នៅ​ទឹកដី Liverpool យប់មិញ​ឡើយ​។

ទោះបែបនេះ​ក៏​ដោយ ទស្សនិកជននៅ Anfield ទាំងអ្នកគាំទ្រ Liverpool និងអ្នកគាំទ្រ Man Utd បាន​រួម​គ្នា​បង្ហាញ​ពី​សមានចិត្តចូល​រួម​មរណទុក្ខ​ជាមួយ Ronaldo ចំពោះ​ការ​បាត់បង់​កូនប្រុស​ខាង​លើ​ ដោយ​ក្រោក​ឈរ​ទះដៃ​ក្នុង​ន័យ​លើក​ទឹកចិត្ត Ronaldo និង​​គ្រួសារ ​នៅ​ក្នុង​នាទី​ទី​៧​នៃ​ការ​ប្រកួត​ ដែល​ទីបញ្ចប់ Liverpool ឈ្នះ Man Utd ៤-០​។

អ្នកគាំទ្រ​ក្រុម​ហង្ស​ក្រហម​បាន​ច្រៀង​ចម្រៀង​ក្លិបរបស់ពួក​គេ You’ll Never Walk Alone។ ហើយ​អាវ Man Utd មាន​ឈ្មោះ Ronaldo ជាមួយនឹងលេខ៧​នៅលើខ្នង ក៏​ត្រូវ​បាន​បង្ហាញ​នៅ​ខាង​អ្នកគាំត្រ​ក្រុម​ភ្ញៀវ​ផង​ដែរ​។

នៅ​ក្នុង​ការ​ប្រកួត​នោះ កីឡាករ​ក្រុម​ហង្ស​ក្រហម​និង​ក្រុម​បិសាច​ក្រហម​បាន​ពាក់​ស្លាកដៃពណ៌ខ្មៅ​​ជា​សញ្ញានៃ​ការ​គោរព​ចំពោះ Ronaldo និង​គ្រួសារ​។

អ្នកចាត់ការ Liverpool លោក Jurgen Klopp បាន​ហៅ​ការរួមគ្នា​ក្រោក​ឈរ​ទះដៃលើក​ទឹក​ចិត្ត Ronaldo ថា​ជាវេលា​ល្អ​បំផុត​នៃ​ការ​ប្រកួត។ លោក​និយាយ​ថាមានរឿងច្រើន​ណាស់​ដែល​សំខាន់​ជាង​បាល់ទាត់​នៅ​ក្នុង​ឆាក​ជីវិត​មនុស្ស។ ពួកលោក​យល់​អារម្មណ៍ Ronaldo និង​គ្រួសារ។ លោក​សង្កត់​ធ្ងន់​ថា បាល់ទាត់​គួរតែធ្វើអីចឹង នៅក្នុងកាលៈទេសៈនេះ ភាពជាគូប្រជែងនឹងគ្នាត្រូវទុកមួយឡែកសិន។

ដោយឡែក ទាក់ទងនឹងការប្រកួតវិញ បរាជ័យ​ធ្ងន់ករបស់ Man Utd ក្រោមថ្វីជើង Liverpool យប់មិញ ត្រូវ​បាន​អតីតប្រធាន​ក្រុម​បិសាចក្រហម Gary Neville និយាយ​ថា​ Man Utd ពេលនេះស្ថិតនៅ​ចំណុច​ទាប​បំផុតដែលលោក​មិន​ធ្លាប់​ឃើញ​ក្នុងវ័យ​ជាង៤០​ឆ្នាំ​មកនេះ​។ ចំណែកអតីតប្រធាន​ក្រុម​បិសាច​ក្រហម​មួយ​រូបទៀត​គឺ​លោក Roy Keane និយាយ​ថា​លោក​មិន​ខឹងទេ ប៉ុន្តែ​ក្រៀមក្រំ​ចិត្ត​ទៅវិញ​ពេលឃើញ Man Utd បែប​នេះ​។

រីឯលោក Rangnick អ្នកចាត់ការ​ស្ដីទី និយាយ​ថា​នេះជាបរាជ័យ​ធ្ងន់បំផុតតាំងពីលោក​ចូល​ដឹកនាំ Man Utd​។ លោក​បន្ថែម​ថា​ច្បាស់​ណាស់ ការ​កសាង​ក្រុម​ឡើងវិញ​នឹង​ត្រូវ​ធ្វើ​ក្នុង​ពេល​អ្នកចាត់ការ​ថ្មី​មក​ដល់ ហើយ​ Man Utd ត្រូវការ​កីឡាករថ្មីពី​៦​ទៅ​១០​នាក់​ដើម្បី​​ពង្រឹង​ក្រុម​ឱ្យ​ខ្លាំង​ជាថ្មី​៕

ប្រភព៖ BBC, Sky Sports, Marca