Skip to content
ដឹងទេថា CR7 មានកូនប៉ុន្មាននាក់? ហើយនរណាខ្លះជាម្ដាយរបស់ពួកគេ?
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ដឹងទេថា CR7 មានកូនប៉ុន្មាននាក់? ហើយនរណាខ្លះជាម្ដាយរបស់ពួកគេ?

Cristiano Ronaldo ជា​កំពូល​​តារា​បាល់ទាត់​​ដ៏​ល្បី​រន្ទឺ​បំផុត​ម្នាក់​​ក្នុង​ពិភពលោក តាម​រយៈ​ទេពកោសល្យស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់​គេ​ និង​សមិទ្ធផល​ឯតទគ្គកម្មយ៉ាង​ច្រើន​លើសលប់​ដែល​គេ​សម្រេច​បាន​នៅ​ក្នុង​អាជីព​។

មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​ជុំ​វិញ​ផែនដី​ស្គាល់ច្បាស់​អំពី Ronaldo និងអ្វី​ដែលគេ​បាន​ធ្វើនៅលើ​ទីលាន​បាល់ទាត់​។ ប៉ុន្តែ​​​ជីវិត​ឯកជន​របស់ Ronaldo ជាមួយកូនៗ​វិញ​ពុំសូវ​មានអ្នកដឹង​ប៉ុន្មាន​ទេ ដ្បិតមាន​ភាព​អាថ៌កំបាំង​ច្រើន​គួរសម ព្រោះ​ព័ត៌មានលម្អិត​មិនត្រូវបាន Ronaldo បង្ហាញឱ្យដឹង​ជា​សាធារណៈ​នោះទេ​ ខណៈ​​ក្នុង​អតីតកាល Ronaldo បាន​ផ្លាស់ប្ដូរ​​ដៃគូ​ស្នេហា​ជា​ច្រើន​នាក់។ ទោះយ៉ាង​នេះ​ក្ដី​ មានរឿងខ្លះត្រូវ​បាន​ម្ចាស់​អាវ​លេខ​៧​ក្លិប Manchester United បង្ហោះ​លើ​បណ្ដាញ​សង្គម​។

ចុង​ក្រោយបង្អស់ កាល​ពី​​ថ្ងៃ​ចន្ទ​ទី​១៨ខែ​មេសា​ឆ្នាំ​២០២២ Ronaldo បាន​ចេញ​លិខិត​ចំហ​មួយ​ប្រកាស​ឱ្យ​ដឹង​ថា​​គេ​ជាមួយ​មិត្តស្រី Georgina Rodriguez មាន​ទុក្ខ​ជា​​ទម្ងន់​ដោយបាន​បាត់បង់​កូនប្រុស​ម្នាក់ បន្ទាប់​ពី​កូនភ្លោះ​របស់​ពួក​គេ​បាន​កើត​មួយ​រយៈ​ខ្លី​។ ទោះ​យ៉ាង​ណា ជា​សំណាង​ល្អ កូនស្រី​នៅ​រស់រាន​ ដែល​ផ្ដល់​ក្ដី​សង្ឃឹម​និង​កម្លាំង​ចិត្ត​ខ្លះ​លើក​ទឹក​ចិត្ត​​ដល់ ​CR7 និង Georgina​។

ជាមួយ​វត្តមាន​កូនស្រី​ដែល​ទើប​កើត​ចុងក្រោយ​បង្អស់​នេះ តើ Ronaldo មាន​កូន​សរុប​ប៉ុន្មាននាក់​ហើយ? ហើយ​នរណា​ខ្លះ​ជា​ម្ដាយ​របស់​ពួក​គេ?

AMS Sports សូម​បង្ហាញ​ជូន​លោក​អ្នក​នូវ​រឿង​រ៉ាវ​​ដូច​ខាង​ក្រោម។

គិត​ត្រឹម​ខែ​មេសា​ឆ្នាំ​២០២២​នេះ Ronaldo មាន​កូន​សរុប​៥​នាក់ហើយ គឺ Cristiano Jr, Eva, Mateo, Alana និង​កូន​ស្រី​ពៅ​ដែល​ទើប​កើត​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មេសា​។

កូន​ប្រុស​ច្បង Cristiano Jr មាន​អាយុ​១២​ឆ្នាំ និង​កំពុង​ស្ថិត​ក្នុង​ក្រុម​យុវជន​របស់​ក្លិប Manchester United។ Cristiano Jr រក​បាន​គ្រាប់​បាល់​រឿយ​ៗ​​ក្នុង​ក្រុមយុវជននិង​ថែម​ទាំង​ប្រើស្ទីល​អបអរ​គ្រាប់​បាល់​ដូច​ឪពុក​របស់​គេ​ទៀត​ផង​។ Cristiano Jr បាន​កើត​នៅ​ថ្ងៃ​ទី​៤​ខែ​កក្កដា​ឆ្នាំ​២០១០​នៅរដ្ឋកាលីហ្វ៉ញ៉ា សហរដ្ឋ​អាមេរិក តាមរយៈ​ការ​ពពោះ​ជំនួស​។ អត្តសញ្ញាណ​នៃ​ម្ដាយ​របស់​កូននេះត្រូវ​បាន​លាក់​ជាការ​សម្ងាត់​ដោយសារ Ronaldo បាន​ព្រមព្រៀង​ជាមួយ​នារីនោះដើម្បី​រក្សា​រឿង​គ្រប់យ៉ាង​ជា​អាថ៌​កំបាំង​។

បន្ទាប់មក ក្នុង​ឆ្នាំ​២០១៧ Ronaldo បាន​ប្រកាស​ជា​ថ្មី​ថា​គេ​មាន​កូន​២​នាក់​ថែម​ទៀត​តាម​រយៈ​ការ​បង្ក​កំណើត​សិប្បនិម្មិត​ដដែល ហើយ​លើកនេះ​គឺ​កូន​ភ្លោះ Eva និង Mateo​។ ម្ដាយ​របស់​កូន​ភ្លោះ​ទាំង​២​ក៏​មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ដែរ គឺ​លាក់​ជា​ការ​សម្ងាត់​ដូច​មុន​អីចឹង​។

នៅ​ក្នុង​ឆ្នាំ​២០១៧​ដដែលនោះ គឺ​បន្ទាប់​ពី​ស្រឡាញ់​គ្នា​​បាន​ជាង​១​ឆ្នាំ​ជាមួយ​ Georgina Rodriguez កំពូល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ បាន​ប្រកាស​ជា​សាធារណៈ​ថា​​ Georgina មានផ្ទៃពោះ​។ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ កូន​​ដំបូង​របស់ Ronaldo ជាមួយ Georgina បាន​កើត នោះ​គឺ Alana ដែល​ជា​កូន​សរុប​ទី​៤របស់ Ronaldo។ ម្ចាស់​ពាន Ballon d’Or ៥សម័យ បាន​ប្រកាស​ដោយ​ការ​ថត​សែលហ្វ៊ី​ជាមួយ Cristiano Jr និង Georgina ក្រោយ​ពេល​ផ្ដល់​កំណើត​ដល់ Alana​។

ចុងក្រោយ​បង្អស់ នៅ​ថ្ងៃ​ទី​១៨​ខែ​មេសា​ឆ្នាំ​២០២២ Georgina ដដែល​បាន​ផ្ដល់​កំណើត​កូនភ្លោះ​សម្រាប់ Ronaldo ប៉ុន្តែ​ជា​អកុសល​ ដោយសារ​ភាព​ស្មុកស្មាញ​នៃ​ការ​​ឆ្លង​ទន្លេ កូនភ្លោះ​នោះ​នៅ​មាន​ជីវិត​តែម្នាក់​ប៉ុណ្ណោះ គឺជា​កូន​ស្រី ដែលជា​កូន​ទី​៥​របស់ Ronaldo គិត​មក​ទល់​ពេលនេះ​៕

ប្រភព៖ Marca