Skip to content
មិនបានជាប់ទៅស៊ីហ្គេមខ្លួនឯង ប៉ុន្តែស៊ិន កក្កដា រំពឹងថា ប្អូនប្រុសខ្លួននឹងអាចមានឱកាសពិសេសនេះ
    ទំព័រដើម  »  កីឡាជាតិ

មិនបានជាប់ទៅស៊ីហ្គេមខ្លួនឯង ប៉ុន្តែស៊ិន កក្កដា រំពឹងថា ប្អូនប្រុសខ្លួននឹងអាចមានឱកាសពិសេសនេះ

ដោយសារតែមានបញ្ហារបួសដែលខកខានការប្រកួតច្រើនខែមកហើយនោះ ស៊ិន កក្កដា មិនអាចជាប់ជម្រើសជាតិទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ២០២២ នៅប្រទេសវៀតណាម ខាងមុខ បានទេ។ យ៉ាងណា កីឡាករវិសាខារូបនេះសង្ឃឹមថា ប្អូនប្រុសរបស់គេ ស៊ិន កក្កដា អាចឱកាសបន្តពាក់អាវជម្រើសជាតិទៀតបាន ដោយលើកនេះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមវិញ។ គេថា វានឹងក្លាយជារឿងដ៏រីករាយមួយក្នុងគ្រួសារ។

កក្កដា ពិតជាស្ដាយដែលមិនអាចបានជាប់ជម្រើសជាតិក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកទេជោ កាលខែកុម្ភៈ កន្លងទៅ និងមិនអាចលេងជាមួយប្អូនប្រុសរបស់ខ្លួនបាន។ គេទទួលស្គាល់ពីការខកខាននេះដោយសារតែបញ្ហារបួស តែថា នឹងព្យាយាមប្រឹងប្រែងសម្រួចសមត្ថភាពឡើងវិញដើម្បីបានជាប់ជម្រើសជាតិជាថ្មី ជាពិសេសកៅអីទៅចូលរួមវគ្គជម្រុះ AFC Asian Cup នៅប្រទេសឥណ្ឌា ក្នុងខែមិថុនា ខាងមុខ។

ស៊ិន កក្កដា បានរងរបួសបាក់ឆ្អឹងតូចតាំងពីចុងរដូវកាល២០២១ម្ល៉េះ និងខកខានព្រឹត្តិការណ៍ធំៗមួយចំនួន។ មកទល់ពេលនេះ គេបានធូរស្បើយ៨០ភាគរយហើយ។

គួរដឹងដែរថា ប្អូនប្រុសរបស់ស៊ិន កក្កដា គឺ ស៊ិន សុវណ្ណមករា បានជាប់ជម្រើសជាតិកម្ពុជាក្នុងវគ្គជម្រុះ AFC U23 ចុងឆ្នាំ២០២១ និងក្រុមធំទៅ AFF Cup 2020 នៅសិង្ហបុរី។ មករា ក៏បានជាប់ U23 កាលខែកុម្ភៈដែរ៕