Skip to content
ត្បូងឃ្មុំបានមេដាយមាសច្រើនជាងគេក្នុងកីឡាវាយសីព្រឹត្តិការណ៍សិស្សបឋមភូមិ
    ទំព័រដើម  »  កីឡាជាតិ

ត្បូងឃ្មុំបានមេដាយមាសច្រើនជាងគេក្នុងកីឡាវាយសីព្រឹត្តិការណ៍សិស្សបឋមភូមិ

ក្រុមវាយសីមកពីខេត្តត្បូងឃ្មុំដណ្ដើមបានមេដាយមាសច្រើនជាងគេពីប្រភេទកីឡាវាយសីប្រចាំព្រឹត្តិការណ៍កីឡាសិស្សបឋមភូមិ ថ្នាក់ជាតិ ឆ្នាំ២០២២ដែលប្រព្រឹត្តទៅនៅទីលានក្លិបវាយសីភ្នំពេញ នាសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ក្នុងការប្រកួតដែលចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៦ ខែឧសភា ត្បូងឃ្មុំរកបានមេដាយមាសលើវិញ្ញាសាវាយគូកុមារី, វាយទោលកុមារី និងវាយគូចម្រុះបុរសនាទី។ ចំណែកមេដាយមាសលើវិញ្ញាសាវាយគូកុមារាបានលើមន្ទីរអប់រំរាជធានីភ្នំពេញ ខណៈខេត្តព្រៃវែងបានមេដាយមាសវិញ្ញាសាវាយទោលកុមារា។

គួរដឹងដែរថា ប្រភេទកីឡាវាយសីនេះ មានក្រុមចំនួន៦ចូលរួម គឺមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង។ ក្នុងនោះ មានកីឡាករ២៧នាក់ និងកីឡាការិនី២២នាក់។

លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា អះអាងថា ការប្រកួតត្រូវបានបញ្ចប់ដោយជោគជ័យ ហើយកីឡាករ កីឡាការិនី បានបញ្ចេញអស់កម្លាំងកាយ ចិត្ត និងគោរពវិន័យ បទបញ្ជាបច្ចេកទេសបានត្រឹមត្រូវ ហើយអាជ្ញាកណ្ដាល ចៅក្រម ក៏កាត់សេចក្ដីមិនលម្អៀង៕