Skip to content
គ្រូជម្រើសជាតិបាល់ទាត់ម៉ាឡេស៊ី ចង់ប្រើពេលតែ៩០នាទីប៉ុណ្ណោះ ដើម្បីឱ្យដឹងចាញ់ឈ្នះជាមួយវៀតណាម
    ទំព័រដើម  »  កីឡាជាតិ

គ្រូជម្រើសជាតិបាល់ទាត់ម៉ាឡេស៊ី ចង់ប្រើពេលតែ៩០នាទីប៉ុណ្ណោះ ដើម្បីឱ្យដឹងចាញ់ឈ្នះជាមួយវៀតណាម

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី លោក Brad Maloney មិនចង់ឱ្យការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេមទល់នឹងវៀតណាមដល់នាទីបន្ថែមនោះទេ ពោលគឺលោកចង់ឱ្យដឹងចាញ់ឈ្នះនៅ៩០នាទីនៃការប្រកួត។

ម៉ាឡេស៊ីទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងតារាងនៃពូល B បន្ទាប់ពីមិនអាចយកបាន៣ពិន្ទុពេលប្រកួតទល់នឹងក្រុមកម្ពុជា ដោយតាមពីក្រោយក្រុមកំពូលតារាងថៃមួយពិន្ទុ។

យោងតាមប្រភពពីសារព័ត៌មានម៉ាឡេស៊ី ចង់ជួបក្រុមឥណ្ឌូណេស៊ីជាងនៅក្នុងវគ្គ៤ក្រុមចុងក្រោយ ដោយសារតែវៀតណាម ជាក្រុមម្ចាស់ផ្ទះ និងជាក្រុមការពារមេដាយផងនោះ។

ហើយក្រុមរបស់លោក Maloney នឹងជួបក្រុមម្ចាស់ផ្ទះវៀតណាមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games នាថ្ងៃទី១៩ ខែឧសភានេះ ក្នុងកីឡដ្ឋាន Viet Tri។

គ្រូបង្គោលក្រុមម៉ាឡេស៊ី បាននិយាយក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធនេះថា៖ “ខ្ញុំចង់បញ្ចប់ការប្រកួតត្រឹម៩០នាទី។ គ្មាននរណាចង់បន្លាយការប្រកួតឡើយ។ វាមិនមែនជាទំនុកចិត្តរបស់ខ្ញុំឡើយ ចំណុចសំខាន់នោះគឺ យើងមិនចង់លេងលើសពី៩០នាទីនោះទេ។ យើងនឹងជួបកីឡាករដ៏មានទេពកោសល្យរបស់វៀតណាម ប៉ុន្ដែយើងលេងបានយ៉ាងល្អរួចទៅហើយក្នុងការប្រកួត៩០នាទី”។

លោក Maloney បានបន្ដថា៖ “យើងមានការហ្វឹកហាត់តែម្ដងប៉ុណ្ណោះនៅក្នុងខេត្ត Phu Tho ដូច្នេះ ជាការពិត នឹងមានបញ្ហាលំបាក។ ប៉ុន្ដែយើងនឹងត្រៀមឱ្យបានល្អបំផុតសម្រាប់ការប្រកួតនេះ”៕