Skip to content
កីឡាករបាល់ទាត់ឥណ្ឌូណេស៊ីខ្លះ លក់ម្ហូបតាមផ្លូវ និង ធ្វើសន្ដិសុខ ក្រោយក្លិបកាត់ប្រាក់ខែដោយសារវិបត្តិកូវីដ១៩
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាករបាល់ទាត់ឥណ្ឌូណេស៊ីខ្លះ លក់ម្ហូបតាមផ្លូវ និង ធ្វើសន្ដិសុខ ក្រោយក្លិបកាត់ប្រាក់ខែដោយសារវិបត្តិកូវីដ១៩

ការផ្អាកការប្រកួត និង ការកាត់ប្រាក់ខែរហូតដល់៧៥ភាគរយ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាហេតុបង្ខំឱ្យកីឡាករបាល់ទាត់ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលមានចំណេះដឹងស្ដួចស្ដើង ត្រូវស្វែងរកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាព ដូចជាការលក់ចំណីអាហារនៅតាមផ្លូវ និង ធ្វើការជាសន្ដិសុខជាដើម។

ខណៈដែលលីគបាល់ទាត់ជាច្រើនទូទាំងពិភពលោក ត្រូវបានបើកឱ្យមានការប្រកួតសារជាថ្មី ដោយគ្មានអ្នកគាំទ្រចូលទស្សនា ប៉ុន្ដែក្របខណ្ឌ Liga 1 របស់ឥណ្ឌូណេស៊ី មិនមានដំណើរការនោះទេ ដោយសារអត្រានៃការឆ្លងវីរុសកូរ៉ូណាមានកម្រិតខ្ពស់នៅឡើយ ហើយគេរំពឹងថាការប្រកួតអាចត្រលប់មកវិញនៅដើមឆ្នាំក្រោយ។

មុនពេលឆ្លងកូរ៉ូណា កីឡាករឥណ្ឌូណេស៊ីភាគច្រើន ត្រូវបានរាយការណ៍ថា បានទទួលប្រាក់ខែយ៉ាងតិច ២.០០០ដុល្លារក្នុងមួយខែ ដូច្នេះប្រសិនបើកាត់ដល់៧៥ភាគរយ ពួកគេទទួលបានក្នុងមួយខែតែ៥០០ដុល្លារប៉ុណ្ណោះ ទើបមានត្រូវរការងារផ្សេងដើម្បីរកចំណូលបន្ថែម។

ខ្សែការពារ Bagus Nirwanto ដែលជាប្រធានក្រុម PSS Sleman នៃលីគកំពូលឥណ្ឌូណេស៊ី ដែលធ្លាប់លេងនៅលើទីលានប្រកួតមុខអ្នកគាំទ្ររាប់ពាន់នាក់ ត្រូវបង្ខំចិត្តលក់អង្ករ និង ស្ករសជាមួយប្រពន្ធរបស់ខ្លួន បន្ទាប់ពីប្រាក់ខែ របស់គេត្រូវបានកាត់បន្ថយ។

ចំណែកឯកីឡាករខ្លះទៀត ត្រូវលក់នំ ទឹកសណ្ដែក និងអាហារតាមចិញ្ចើមថ្នល់ ហើយកីឡាករនៅភាគខាងជើងកោះស៊ូម៉ាត្រា ធ្វើជាសន្ដិសុខនៅធនាគារ៕